ខេត្តបាត់ដំបង ៖ ក្នុងរយៈពេល០៣ថ្ងៃនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិដែលបានទៅកម្សាន្តតាមរមណីយដ្ឋាន និងតាមទីវត្តអារាមនានា ហាក់មានការកើនឡើងតិចតួចប៉ុណ្ណោះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០២៥ ខណៈភ្ញៀវអន្តរជាតិមានការថយចុះ បើធៀបទៅនឹងឆ្នាំ២០២៤ ។នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត ។

តាមរយៈរបាយការណ៍ដែលមន្ទីរទេសចរណ៍រាយការណ៍ជូនទៅកាន់ក្រសួងរបស់ខ្លួន លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ បានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងតាមទីវត្តអារាមនានា មានការកើនឡើងតិចតួច ក្នុងឆ្នាំ២០២៥ នេះបើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ បើនិយាយពីភ្ញៀវបរទេសវិញ ក្នុងឆ្នាំនេះក៏មានការថយចុះផងដែរ។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២១ ដល់២៣ កញ្ញា ឆ្នាំ២០២៥ នេះ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តមានចំនួន២១៨៧០៦នាក់ កើនឡើង១១៧% បើប្រៀបធៀបទៅនឹងឆ្មាំ២០២៤ ដែលមានភ្ញៀវទេសចរចំនួន២១៦១៤១នាក់ ។

ដោយឡែក បើនិយាយពីបរទេសវិញ នៅក្នុងចំណោមចំនួនភ្ញៀវសរុបខាងលើនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួន៥៦៥នាក់ មានការថយចុះ៨,៨៧% បើប្រៀបធៀបទៅនឹងឆ្មាំ២០២៤ ដែលមានចំនួន៦២០នាក់ ។

របាយការណ៍ដដែលនេះ លោក អ៊ុច អ៊ុំភីនីស្សារ៉ា មិនបាននិយាយលម្អិតអំពីរមណីយដ្ឋានល្បីៗ ឬ រមណីយដ្ឋានប្រវត្តិសាស្ត្រណាខ្លះ ក្នុងខេត្តបាត់ដំបង ដែលភ្ញៀវទេសចរបានចាប់អារម្មណ៏ខ្លាំង និងបានទៅកម្សាន្តនោះទេ ។ បើតាមមន្ត្រីទេសចរណ៍ដែលបានកត់សម្គាល់៖ ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ហាក់ដូចមិនសូវផ្ដោតទៅលើរមណីយដ្ឋាន ឬ តំបន់ប្រវត្តិសាស្ត្រណាមួយជាក់លាក់ទេ ។

ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរបាននាំគ្នាយកចង្ហាន់ទៅវត្តត្រឡប់ពីចេញពីវត្ត ទើបពួកគេធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានបែបធម្មជាតិ ឬទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រនានា ឬនៅជួបជុំសាច់ញាតិនៅតាមលំនៅឋានតែម្ដង ។ បើតាមមន្ត្រីដដែលបានបញ្ជាក់ថា ឆ្នាំនេះ ភ្ញៀវទេសចរចូលទស្សនាកម្សាន្តច្រើនកកកុញ នៅពេលរសៀលនៅរមណីយដ្ឋាន«ភ្នំសំពៅ» ដែលមានរួប
ចម្លាក់ព្រះពុទ្ធរូបដ៏ធំមហិមា នៅលើជញ្ជាំងភ្នំសំពៅ រួមទាំងបានទស្សនាហ្វូងសត្វប្រចៀវហោះចេញពីក្នុងល្អាងភ្នំពេលល្ងាច ដែលជាការទាក់ទាញខ្លាំងបំផុតទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ៕






ចែករំលែកព័តមាននេះ