ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ែ​ល​ធី គ្រុប រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់ ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត ឆ្នាំ ​២០២៦

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​ ២១ ខែមីនា ឆ្នាំ​ ២០២៦ ប៊ែ​ល​ធី គ្រុប បាន​រៀបចំ…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​ ២១ ខែមីនា ឆ្នាំ​ ២០២៦ ប៊ែ​ល​ធី គ្រុប បាន​រៀបចំ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់ ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​ ២០២៦ មាន​អ្នកចូលរួម ៤,២៣៨​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី ​២ (​ស្ពាន​អាកាស​ចោម​ចៅ​) ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត លី ឆេ​ង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោក​ជំទាវ ​។

ឯកឧត្តម លី ប៊ុ​ន​ឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា​បានឱ្យ​ដឹង​ថា ប៊ែ​ល​ធី គ្រុប មាន​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ​បម្រើ​ការ ៤,២៣៨​នាក់ និង​មាន ៣៧​ទីតាំង (១​ទីតាំង ជា​ស្នាក់​ការ​កណ្តាល ប៊ែ​ល​ធី គ្រុប ៣​ទីតាំង​ជា​សាកលវិទ្យាល័យ និង ៣៣​ទីតាំង​ជា​សាលា​)​។ ឯកឧត្តម បាន​ជម្រាប​ជូន​អំពី​សមិទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៥ រួម​មាន ១-​ប៊ែ​ល​ធី​សំណង់ ២-​ប៊ែ​ល​ធី​ទេសចរណ៍ ៣-​សាលា ប៊ែ​ល​ធី អន្តរជាតិ ៤-​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ៥-​ប៊ែ​ល​ធី ទំនាក់ទំនង​អន្តរជាតិ ៦-​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ ៧-​ប៊ែ​ល​ធី​ស្រាវជ្រាវ និង​បោះពុម្ព (BELTEI University Press) និង ៨-​មូលនិធិ​សប្បុរសធម៌ ប៊ែ​ល​ធី​។

ជា​ពិសេស​ការិយាល័យ MONASH – BELTEI IU Cambodia ដែល​ប៊ែ​ល​ធី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ MONASH University ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្អ​នៅ​អូស្ត្រាលី ដើម្បី​បើក​ថ្នាក់​ឆ្នាំ​មូលដ្ឋាន (Foundation Year) នៅ​ស្នាក់​ការ​កណ្តាល ប៊ែ​ល​ធី គ្រុប (​ជាន់​ទី​៥) ដោយ​និស្សិត​សិក្សា​១​ឆ្នាំ នៅ MONASH – BELTEI IU Cambodia និង​អាច​បន្ត​សិក្សា​៣​ឆ្នាំ នៅ MONASH University នៅ​ប្រទេស​អូស្ត្រាលី​។ ថ្នាក់​ឆ្នាំ​មូលដ្ឋាន MONASH – BELTEI IU Cambodia នឹង​ចូល​រៀន​នៅ​ដើមខែ​តុលា ឆ្នាំ​២០២៦ ខាង​មុន​នេះ​។

សម្រាប់​ឆ្នាំ​២០២៦​នេះ ប៊ែ​ល​ធី គ្រុប បាន​ដាក់​ចេញ​ទិស​ដៅ​អនុវត្ត ១២​ចំណុច រួម​មាន​៖
១- ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​កែសម្រួល​បទបញ្ជាផ្ទៃក្នុង​មួយ​ចំនួន ដើម្បី​ឱ្យ​ស្រប​តាម​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ
២- បន្ត​អនុវត្ត E-BELTEI GROUP (​ប៊ែ​ល​ធី គ្រុប អេ​ឡិច​ត្រូ​និ​ច​) ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម​រយៈ​ការ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង E-School (SMS), E-University (UMS) និង Mobile Apps (BELTEI IS App, BELTEI IU App និង BELTEI E-Learning Cambodia)

៣- គ្រោង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី Mobile App ថ្មី “BELTEI E-Learning Cambodia” ដែល​ជា​ការ​សិក្សា​បែប​ឌី​ជី​ថ​ល សម្រាប់​សិស្ស​-​និស្សិត​ទូទៅ អ្នក​សិក្សា​ជាតិ​-​អន្តរជាតិ ជា​ពិសេស​ប្រជាជន​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស អាច​រៀន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង
៤- អភិវឌ្ឍ​កម្មវិធី​សិក្សា​ជា​ប្រចាំ​នៅ​គ្រប់​កម្រិត​-​ថ្នាក់​ទាំង​សាលា និង​សាកលវិទ្យាល័យ ដើម្បី​ដើរ​ឱ្យទាន់​ទីផ្សារ​ការងារ កា​រវិ​វ​ឌ្ឍ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ និង​ពិភពលោក
៥- ពង្រឹង​ការ​គោរព​វិន័យ​របស់​សិស្ស​-​និស្សិត ជា​ពិសេស​អវត្តមាន ព្រមទាំង​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​មាតាបិតា និង​អ្នក​អាណាព្យាបាល

៦- ប្តេជ្ញា​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​៖ សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រឡង​ជាប់​បាក់​ឌុ​ប​ពី ៩៥% ឡើង​ទៅ​, សិស្ស​ភាសា​អង់គ្លេស​កម្រិត​១២ (Level 12) ត្រូវ​បាន​ពិន្ទុ​តេស្ត​អន្តរជាតិ​អាយ​អែ​ល (IELTS) យ៉ាងតិច ៥.០​ឡើង ពី ៩០% ឡើង​ទៅ និង​សិស្ស​ភាសា​ចិន​ទូទៅ ត្រូវ​បាន​ពិន្ទុ​តេស្ត HSK ១៨០​ពិន្ទុ​ឡើង ពី ៩០% ឡើង​ទៅ
៧- បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ​លើ កិច្ចការ​បណ្ដុះបណ្ដាល សិក្សា​ស្រាវជ្រាវ ការ​ចុះ​ហ្វឹកហាត់​ការងារ (Practical Training) ជា​ពិសេស​ឱកាស​ការងារ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ

៨- បើក​វគ្គ​បំប៉ន (On the Job Training) ផ្នែក​គរុកោសល្យ ជូន​សាស្ត្រាចារ្យ​-​លោកគ្រូ​-​អ្នកគ្រូ ដើ​ម្ប​ពង្រឹងសមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ
គ្រូបង្រៀន ព្រមទាំង​បើក​វគ្គ​បំប៉ន​ជំនាញ​តាម​ផ្នែក​នីមួយ​ៗ ឱ្យ​កាន់តែ​មាន​ជំនាញ​ច្បាស់លាស់ (Train to be professional)
៩- ពង្រឹងគុណភាព​បណ្តុះបណ្តាល​ភាសា​ចិន​នៅ​គ្រប់​កម្រិត​-​ថ្នាក់ ទាំង​ផ្នែក​មហាវិទ្យាល័យ​ចិន កម្មវិធី​ភាសា​ចិន​ទូទៅ និង​កម្មវិធី​២​ភាសា – អង់គ្លេស​-​ចិន (ECSL) ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត

១០- ខិតខំ​បញ្ចប់​ការ​សាងសង់​អគារ​សាកលវិទ្យាល័យ​ទី​៣-​ទួល​ពង្រ​, អគារ​ស្នាក់​នៅ​និស្សិត​, មជ្ឈមណ្ឌល​កីឡា​, អគារ​ស្រាវជ្រាវ​និង​បោះពុម្ព (BELTEI University Press) ព្រមទាំង​ពង្រឹង​ផ្នែក​និពន្ធ និង​ផ្នែក​បោះពុម្ព ឱ្យ​ដំណើរការ​កាន់​ល្អ​ប្រសើរ​បន្ថែម​ទៀត
១១- ការិយាល័យ MONASH – BELTEI IU Cambodia នឹង​បើក​ថ្នាក់​ឆ្នាំ​មូលដ្ឋាន (Foundation Year) ចូល​រៀន​នៅ​ខែតុលា ឆ្នាំ​២០២៦ ដោយ​និស្សិត​សិក្សា​១​ឆ្នាំ នៅ MONASH – BELTEI IU Cambodia និង​បន្ត​សិក្សា​៣​ឆ្នាំ នៅ MONASH University នៅ​ប្រទេស​អូស្ត្រាលី
១២- ពង្រឹង​ផ្នែក​អ្នកលក់​នៅ​តាម​សាខា ដោយ​ត្រូវ​គោរព​បទបញ្ជាផ្ទៃក្នុង មាន​ភាព​ស្មោះត្រង់ (​មិន​លក់ទំនិញ​ហាមឃាត​-​ទំនិញ​ខូចគុណភាព​) មាន​អនាម័យ​ខ្ពស់ និង​ជំរុញ​ការ​លក់​ផលិតផល​ខ្មែរ (Made in Cambodia)​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត លី ឆេ​ង បាន​ថ្លែង​កោតសរសើរ​ចំពោះ គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ គ្រប់​ផ្នែក​ទាំងអស់​នៃ​ប៊ែ​ល​ធី គ្រុប ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​តាម​តួនាទី​រៀង​ៗ​ខ្លួន ដោយ​អនុវត្ត​បាន​តាម​គោលការណ៍ និង​សេចក្តីសម្រេច​នានា​របស់​ថ្នាក់លើ​ដែល​បាន​ដាក់ចុះ និង​អនុវត្ត​បាន​យ៉ាង​ហ្មត់ចត់​នូវ​បទបញ្ជាផ្ទៃក្នុង និង​លិខិត​បទដ្ឋាន​ផ្សេង​ៗ ព្រមទាំង​រក្សា​បាន​នូវ​វិន័យ និង​សេចក្តី​ថ្លៃថ្នូរ​គួរ​ជាទី​មោ​ទ​ន​ក្រៃ​លែង​។

ជាទី​បញ្ចប់ ឯកឧត្តម​បណ្ឌិត និង​លោក​ជំទាវ បាន​ប្រគល់​លិខិត​តែងតាំង​ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​ប៊ែ​ល​ធី​គ្រុប ចំនួន ២៦​រូប និង​ពានរង្វាន់​ការងារ ប័ណ្ណ​អាហារូបករណ៍ ១០០% និង​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​បុគ្គលិក​បម្រើ​ការងារ ១០​ឆ្នាំ ចំនួន ១៤៩​រូប នា​ពេល​នោះ ផង​ដែរ​៕ អត្ថបទសហការ