សាលា AUPP Liger Leadership Academy សម្ពោធអគារសិក្សាថ្មី ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ សាលាអេយូភីភី ឡៃហ្គឺ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ សាលាអេយូភីភី ឡៃហ្គឺ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ សាលាអេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី បានសម្ពោធអគារសិក្សាថ្មី នៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាសក្ខីភាពនៃការរីកចម្រើនជាបន្តបន្ទាប់នៃកម្មវិធីសិក្សាឡៃហ្គឺ និងប្រសិទ្ធភាពនៃកម្មវិធីស្នាក់នៅក្នុងសាលាដែលបានជំរុញឱ្យសិស្សសាលានេះទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក ។ កម្មវិធីសិក្សារបស់សាលា ផ្តោតទៅលើសិស្សជាចម្បង ដោយបញ្ចូលការសិក្សាផ្នែកវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលភាពដឹកនាំ ការស្រាវជ្រាវរបស់សិស្ស ការដោះស្រាយបញ្ហាពិតៗក្នុងសង្គម ការអភិវឌ្ឍអត្តចរិត និងជំនាញ បំនិនជីវិតសំខាន់ៗ ។



នៅក្នុងពិធីសម្ពោធនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំងថ្មីនៃសាលា AUPP Liger Leadership Academy ដោយនេះគឺជាវឌ្ឍនភាពថ្មីមួយទៀតសបញ្ជាក់ពីភាពរីកចម្រើនជាប្រវត្តិសាស្ត្ររបស់សាលារៀននេះចាប់តាំងឆ្នាំ ២០១២ និងជាសមិទ្ធផលថ្មីមួយរបស់វិស័យអប់រំកម្ពុជា ដែលរាជរដ្ឋាភិបាលបានបង្កបរិយាកាសអំណោយផលឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព ជាពិសេសបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជាប្រកបដោយជម្រើសសម្បូរបែប និងមានហេដ្ឋារចនាសម្ព័ន្ធទំនើបឆ្លើយតបនឹងស្តង់ដារអន្តរជាតិ ។

កន្លងមក AUPP Liger Leadership Academy (ALLA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យអប់រំនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សាបែបអនុវត្តគម្រោង (Project-Based Learning) ដោយបានបង្កើតនូវសមិទ្ធផល និងគំនិតផ្តួចផ្តើមថ្មីៗលើវិស័យអប់រំជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស យុវជន និងកីឡា ជាមួយចក្ខុវិស័យបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ (Leadership Development) សម្រាប់យុវជនកម្ពុជា ។ សិស្សត្រូវបានបង្រៀនឱ្យមាន ម្ចាស់ការលើការរៀនសូត្រ ចេះធ្វើសេចក្តីសម្រេចចិត្ត និងការរៀបចំកម្មវិធីសន្ទនា និងសិក្ខាសាលាដែលអនុញ្ញាតឱ្យយុវជនជួបជាមួយអ្នកដឹកនាំអាជីវកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីដកស្រង់បទពិសោធ ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរដល់គណៈគ្រប់គ្រងសាលា និងភាគីពាក់ព័ន្ធទាំងអស់ចំពោះវឌ្ឍនភាពថ្មីនេះ ដោយជឿជាក់ថា សាលា AUPP Liger Leadership Academy នឹងដើរតួនាទីយ៉ាងសំខាន់មួយកម្រិតទៀត ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជាឱ្យមានចំណេះដឹងទូលំទូលាយ មានសមត្ថភាពខ្ពស់ និងក្លាយខ្លួនជាអ្នកដឹកនាំ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនាពេលខាងមុខ ។

លោកស្រី Janet Tartaglia នាយិកសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី បានថ្លែងអំណរគុណដល់ដៃគូ និងមាតាបិតាសិស្សសម្រាប់ការគាំទ្រ និងទំនុកចិត្តដល់សាលាជាង ១០ឆ្នាំមកនេះ ។ លោកស្រី បានបន្តថា «រយៈពេលជាងមួយទសវត្សរ៍មកនេះ កម្មវិធីសិក្សាឡៃហ្គឺ បានបង្ហាញថា ពេលដែលសិស្សរបស់ឡៃហ្គឺប្រឈមនឹងបញ្ហា ពួកគេមានទំនុកចិត្តក្នុងដោះស្រាយដោយជោគជ័យ។ នៅទីនេះ យើងនឹងផ្តល់ឱ្យសិស្សនូវបរិយាកាសដ៏ល្អ ដើម្បីឱ្យសិស្សអភិវឌ្ឍខ្លួនជាបុគ្គលមានសមត្ថភាព និងក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមានគំនិតសហគ្រិនភាព! ។

ទីតាំងអគារសិក្សាថ្មីនេះ ផ្តល់ជូននូវបរិក្ខារសិក្សាទំនើប រួមបញ្ចូលការរស់នៅជាសហគម មានមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត បរិក្ខារកីឡានិងកម្សាន្ត សាលអាហារដែលមានផាសុកភាព និងទីធ្លាបៃតងសម្រាប់សកម្មភាពនានាដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជំរុញការសហការជាក្រុម ។ ការអប់រំនៅទីនេះ មិនផ្តោតលើការទន្ទេញមេរៀនឡើយ ។ សិស្សានុសិស្ស គ្រប់គ្រងគម្រោងដោះស្រាយបញ្ហាក្នុងសង្គមជាក់ស្តែង និងកសាងទំនុកចិត្តក្នុងការដឹកនាំដោយសុចរិតភាព ។ ការសិក្សានៅទីនេះនឹងផ្តោតលើភាពជាអ្នកដឹកនាំដោយផ្តល់បទពិសោធន៍អប់រំនិងការសិក្សាតាមគម្រោង (Project-based learning) តាមរយៈ E-STEAM (សហគ្រិនភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ក៏ដូចជាការលើកកម្ពស់ក្នុងការគិតវិភាគ ការដោះស្រាយបញ្ហា និងទំនាក់ទំនង ។

កម្មវិធីស្នាក់នៅក្នុងសាលា គឺជាធាតុផ្សំសំខាន់មួយនៃវិធីសាស្ត្រអប់រំរបស់សាលាដែលស្វាគមន៍សិស្សមកពីបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ។ ការប្រមូលផ្តុំអ្នកដឹកនាំវ័យក្មេងពីតំបន់ផ្សេងៗ បង្កើតឱកាសលើកកម្ពស់ការទទួលខុសត្រូវ និងជំនាញសង្គមសំខាន់ៗក្នុងបរិយាកាសរស់រវើក និងពោរពេញដោយវប្បធម៌ចម្រុះ ។ តាម រយៈកម្មវិធីស្នាក់នៅក្នុងសាលាដែលមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន រួមជាមួយនឹងការរៀបចំកាលវិភាគប្រចាំថ្ងៃយ៉ាងមានវិន័យ ការគ្រប់គ្រងពេលវេលា ដើម្បីរីកចម្រើនទាំងផ្នែកវិទ្យាសាស្ត្រ សង្គម និងកិច្ចការផ្ទាល់ខ្លួន ។

រយៈពេលជាងមួយទសវត្សរ៍មកនេះ កម្មវិធិសិក្សារបស់ឡៃហ្គឺ បានបង្ហាញថា វិធីសាស្ត្រអប់រំរបស់សាលាផ្តល់នូវលទ្ធផលជាក់ស្តែង ។ ក្នុងចំណោមសិស្សបញ្ចប់ការសិក្សាចំនួន ១០៣នាក់ មាន ៦៨នាក់ បានបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើននៅក្នុងពិភពលោកដោយទទួលបានអាហារូបករណ៍ពេញលេញ ឬពាក់កណ្តាលឯណោះ ។ អតីតសិស្សឡៃហ្គឺ ក៏បានបង្ហាញសមត្ថភាពលេចធ្លោក្នុងភាពជាអ្នកដឹកនាំសហគ្រិន និងការចូលរួមសហគមន៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សាលា ក្នុងការបណ្តុះសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងមានគំនិតសហគ្រិនភាព ។ ឪពុកម្តាយសិស្សជាច្រើន បានសង្កេតឃើញការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះកូនៗរបស់ពួកគាត់ ជាពិសេសទៅលើទំនុកចិត្តខ្លួនឯង ឯករាជ្យភាព វិន័យ និងកំណត់គោលដៅអនាគតច្បាស់លាស់ បន្ទាប់ពីពួកគេបានមករៀននៅសាលា អេយូភីភី ឡៃហ្គឺ។ លទ្ធផលទាំងនេះបានកសាងកិត្តិនាមឱ្យសាលាដែលមានភាពខុសប្លែកពីគេ និងមានទស្សនៈវិស័យឈានមុខជានិច្ច ។

ជាមួយនឹងការបើកសម្ភោធអគារសិក្សាថ្មីនេះ សាលា AUPP Liger Leadership Academy បានឈានជើងចូលទៅកាន់ដំណាក់កាលថ្មីនៃការរីកចម្រើនរបស់ខ្លួន ស្វាគមន៍សិស្សបន្ថែមពីទូទាំងប្រទេសកម្ពុជា និងបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌ ។ នៅពេលខាងមុខ សាលាក៏នឹងពង្រីក និងពង្រឹងទិសដៅអប់រំដោយបញ្ចូលកម្មវិធីកម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា ដើម្បីផ្តល់ឱកាសឱ្យ សិស្សានុសិស្សចាប់ពីអាយុតូចៗឡើងទៅ ៕ អត្ថបទសហការ







ចែករំលែកព័តមាននេះ