ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពតទទួលភ្ញៀវទេសចរជាង១៤ ម៉ឺននាក់ ក្នុងឱកាសភ្ជុំបិណ្ឌ និងអាជ្ញាធរជួយសម្រួលការកកស្ទះ

2 ថ្ងៃ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​បញ្ជាក់​ថា ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង​១៤​ម៉ឺន​នាក់​បាន​មក​សម្រាកលម្ហែ​កម្សាន្ត និង​ស្នាក់​នៅ​ក្នុង​ខេត្តកំពត កំឡុង​ពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​២០២៥​នេះ ។ ខណៈ​ដែល​ភ្ញៀវ​ទេសចរ មក​ពី​តាម​បណ្តា​ខេត្ត​បាន​ប្រាប់​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ…

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​បញ្ជាក់​ថា ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង​១៤​ម៉ឺន​នាក់​បាន​មក​សម្រាកលម្ហែ​កម្សាន្ត និង​ស្នាក់​នៅ​ក្នុង​ខេត្តកំពត កំឡុង​ពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​២០២៥​នេះ ។ ខណៈ​ដែល​ភ្ញៀវ​ទេសចរ មក​ពី​តាម​បណ្តា​ខេត្ត​បាន​ប្រាប់​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ នៅ​តែ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​មាន​មនុស្ស​ដើរ​លេង​ច្រើន លើកលែងតែ​ខេត្ត​ដែល​មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ប៉ុណ្ណោះ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​បញ្ជាក់​ថា សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ បងប្អូន​ប្រជាពលរដ្ឋ បាន​មក​ជួបជុំ​គ្នា ធ្វើបុណ្យ​ទាន​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី​ទំនៀមទម្លាប់​ដូច​សព្វមួយដង ។ ហើយ​បន្ទាប់​ពី​ការ​ធ្វើបុណ្យ​ទាន នៅ​តាម​ទី​វត្ត​អារាម​នានា និង​ក្នុង​គ្រួសារ​ពួក​គាត់​ក៏​បាន​ឆ្លៀតពេល ដើម្បី​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ផង​ដែរ ។

ជាក់ស្តែង​ខេត្តកំពត ដោយ​គិត​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​សម្រាកលម្ហែ​កម្សាន្ត និង​ស្នាក់​នៅ​សរុប​ចំនួន ១៤៦.៦៦៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ មាន​ចំនួន​១៤៤.៩០១​នាក់ និង​ទេសចរ​បរទេស​ចំនួន​១.៧៦២​នាក់ ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា បើ​ទោះជា​អាកាសធាតុ មាន​ភ្លៀងរលឹម​ក៏​ពិតមែន ប៉ុន្តែ​នៅ​តាម​រមណីយដ្ឋាន​នានា​ទូ​ទាំង​ខេត្ត មិន​ថា តំបន់​រមណីយដ្ឋាន​ភ្នំ​បូកគោ តំបន់​ទឹកឈូ តំបន់​ក​សិ​-​ទេសចរណ៍​ឃុំ​កូន​សត្វ សហគមន៍​ទេសចរណ៍ ឬ​ក៏​តំបន់​រមណីយដ្ឋាន​ទំនប់​ម្លេ​ច​នោះ​ទេ គឺ​ភ្ញៀវ​បាន​ទៅ​ដើរ​លេង​ច្រើន ។

លោក​បាន​បញ្ជាក់​ថា ស្ថានភាព​ទេសចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ មាន​ភាពល្អ​ប្រសើរ មិន​មាន​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ហើយ​ក៏​មិន​មានការ​តម្លើង​ថ្លៃ​សេវា​នានា​ផង​ដែរ ។ ដោយឡែក ចំពោះ​សេវា​ស្នាក់​នៅ​ស្ទើរ​ពេញ​អស់​គ្រប់កន្លែង ក្នុង​រយៈពេល ៤​ថ្ងៃ​កន្លង​មកនេះ​។

ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដែល​មក​លេង​កម្សាន្ត​ក្នុង​ខេត្តកំពត បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា បើ​ទោះ​កម្ពុជា​មាន​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ថៃ​ក៏​ពិតមែន ប៉ុន្តែ​សម្រាប់​ការ​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ នៅ​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ​នៅ​គ្រប់​ភូមិឋាន និង​គ្រប់​វត្ត​អារាម ហើយ​ទទ្ទឹម​នឹង​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​ឆ្លៀតពេល​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​ទៅ​កាន់​តំបន់​ទេសចរណ៍​នានា​នៅ​ទូ​ទាំង​ប្រទេស​ច្រើន​ផង​ដែរ ។ ជាក់ស្តែង​ខេត្តកំពត មាន​ទេសចរ​មក​សម្រាក​កម្សាន្ត និង​ទស្សនា​ច្រើន ពិសេស​ក្រុង​កំពត​ទាក់ទាញ​ភ្ញៀវ​ខ្លាំង​ណាស់ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

លំហូរ​ភ្ញៀវ​មក​លេង​ខេត្តកំពត​ច្រើន ក៏​បាន​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​អន្លើ​ៗ​ផង​ដែរ បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត លោក​បាន​ត្រៀម​ជា​ប្រចាំ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់ និង​ជួយ​សម្រួល​ចរាចរណ៍ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ភ្ញៀវ​ទេសចរ​មក​កំពត​ច្រើន កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ជួយ​សម្រួល​ចរាចរណ៍​តាំងពី​ព្រឹក​រហូត​ដល់​យប់ ដើម្បី​បញ្ចៀស​ការ​កក់​ស្ទះចរាចរណ៍ នៅ​ត្រង់​ចំណុច​គល់​ស្ពាន​ថ្មី (​ទាំង​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត​) និង​នៅ​តាម​ផ្លូវ​មាត់​ព្រែក​ពី​ស្ពាន​រថភ្លើង​ហូត​ដល់​ឆ្នេរ​កោះ​ស្មៅ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ