ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អាង​កំពីងពួយ​​»​នៅ​តែ​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​​​ស្ថិត​ក្នុង​បេះដូង​ភ្ញៀវ​ទេសចរ​ដ៏​ពេញ​និយម ​ខណៈ​អាជ្ញាធរ​ត្រៀម​បើក​ស្វា​គម​ន៍​ភ្ញៀវ​ឡើង​វិញ

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បន្ទាប់​ពី​បាន​ផ្អាក​មិន​បើក​ដំណើរការ​ស្វា​គម​ន៍​ភ្ញៀវ​ទេសចរ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កែ​ច្នៃ«​អាង​ទឹក​កំពីងពួយ»នឹង​ត្រៀម​​រៀបចំ​បើក​ស្វា​គម​ន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ក្រោយ​ពេល​ស្ថាប័ន​ជំនាញ​រួម​គ្នា​ស្ថាបនា​ផ្លូវ​បេតុង និង​រៀបចំ​ទីតាំង​ទេសចរ​ជា​ថ្មី រួចរាល់​នៅ​លើ​ខ្នង​ទំនប់«​អាង​កំពីងពួយ​»ជា​កេ​រ្តិ៍តំណែល​នៃ​របប​ខ្មែរក្រហម​ដែល​បន្សល់​ទុក​​កាលពី​ជិត​៥០​ឆ្នាំ​មុន ​។…

ខេត្តបាត់ដំបង ​៖ បន្ទាប់​ពី​បាន​ផ្អាក​មិន​បើក​ដំណើរការ​ស្វា​គម​ន៍​ភ្ញៀវ​ទេសចរ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កែ​ច្នៃ«​អាង​ទឹក​កំពីងពួយ»នឹង​ត្រៀម​​រៀបចំ​បើក​ស្វា​គម​ន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ក្រោយ​ពេល​ស្ថាប័ន​ជំនាញ​រួម​គ្នា​ស្ថាបនា​ផ្លូវ​បេតុង និង​រៀបចំ​ទីតាំង​ទេសចរ​ជា​ថ្មី រួចរាល់​នៅ​លើ​ខ្នង​ទំនប់«​អាង​កំពីងពួយ​»ជា​កេ​រ្តិ៍តំណែល​នៃ​របប​ខ្មែរក្រហម​ដែល​បន្សល់​ទុក​​កាលពី​ជិត​៥០​ឆ្នាំ​មុន ​។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​និយាយ​ប្រាប់​ពី​ផែនការ​ណ៍​នេះ​។

​បច្ចុប្បន្ន មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ និង​កំពុង​ស្ថាបនា​ក្រាល​បេ​តុង​នៅ​លើ​ខ្នង​ទំនប់ «​អាង​កំពីងពួយ»​ ។  លុះ​សាងសង់​បេតុង​រួចរាល់  ក្រសួង​មួយ​នេះ និង​សហការ​ជាមួយ​ក្រសួង​ទេសចរ​រៀបចំ​គម្រោង​«​ប្លង់​មេ»ទីតាំង​រម​នី​យ​ដ្ឋា​ន​ដ៏​រៀបរយ​មួយ​កន្លែង សម្រាប់​ទ​ទួល​ភ្ញៀវ​ទៅ​ទស្សនា ឬ​ហែល​ទឹក​កម្សាន្ត​ ។

​ត្រង់​ចំណុច​នេះ លោក ខៃ សុ​ដា អនុប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត ទ​ទួល​បន្ទុក​ក្ដាប់​រួម និង​លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត បាន​លើក​បង្ហាញ ប្រហាក់ប្រហែល​គ្នា​ពី​ផែនការ​រួម​ប្រាប់​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ តុលា ក្នុង​ការ​រៀបចំ​អភិវឌ្ឍ​ន៍​តំបន់​រម​ណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​កែ​ច្នៃ​​«​អាង​កំពីងពួយ​»​នេះ​ឡើង​វិញ​។ លោក ខៃ សុ​ដា អនុប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​បាន​ថ្លែង​ថា ខ្នង​ទំនប់​«​អាង​កំពីងពួយ»​​ដែល​កំពុង​សាងសង់​ចាក់​បេតុង​ក្នុង​ពេល​នេះ មាន​ប្រវែង​០៨​គីឡូម៉ែត្រ មាន​ទទឹង​០៨​ម៉ែត្រ​ ។

​លោក​ថា  មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធានទឹក​ជា​អ្នក​ទ​ទូល​បន្ទុក​សាងសង់​ផ្ទាល់  បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៣ តុលា នេះ​ សាងសង់​បាន​ប្រហែល​៨០%​ហើយ​។  លោក ខៃ សុ​ដា  បាន​​បញ្ជាក់​ថា  ក្រោយ​ពេល​សាងសង់​ផ្លូវ​រួចរាល់ ក្រសួង​និង​សិក្សា​រៀបចំ​គម្រោង«​ប្លង់​មេ​»​សម្រាប់​បង្កើត​ទីតាំង​រម​ណីយ​ដ្ឋាន​​ដ៏​រៀបរយ​មួយ​កន្លែង ដែល​មាន​កិច្ចសហការ​ជាមួយ​ក្រសួង និង​មន្ទីរ​ទេសចរណ៍​​ខេត្ត​ផង  ដើម្បី​ទ​ទូល​ស្វា​គម​ន៍​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ទៅ​ទស្សនា ឬ​ទៅ​ហែល​ទឹក​លែង​កម្សាន្ត​ ។

​ជាមួយ​គ្នា​នេះ  ប្រធាន​មន្ទីរ​ទេសចរណ៍លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា ក៏​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ដែរ ពី​កិច្ចសហការ​ជាមួយ​មន្ទីរ​ធនធានទឹក ក្នុង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​ន៍​តំបន់​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កែ​ច្នៃ​«អាង​កំពីងពួយ»ដ៏​ពេញ​និយម​មួយ​នេះ​ឡើង​វិញ​។   លោក​ប្រធាន​មន្ទីរ​ទេស​ចរណ៍បាន​ប្រាប់​កោះសន្តិភាព​ថា «​ប្រហែល​មិន​ទុក​យូរ​ទេ ឲ្យ​តែ​ស្ថាបនា​លើ​ខ្នង​ទំនប់​អាង​រួចរាល់ យើង​និង​ចាប់ផ្ដើម​ចុះ​សិក្សា​ពី​គម្រោង​នេះ​ហើយ​» ។

លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា បាន​និយាយ​ថា  បើ​តាម​ផែនការ  អាជ្ញាធរ​ខេត្ត​នឹង​បើក​កិច្ចប្រជុំ​មួយ​នា​ពេល​ខាង​ដ៏​ឆាប់​ខាង​មុខ​នេះ ដើម្បី​ធ្វើ​សេចក្ដី​ព្រៀង​អនុវត្ត​រួម​គ្នា​ជាមួយ​មន្ទីរ​ធនធានទឹក ដែល​បាន​រៀបចំ​គម្រោង​រួច​ហើយ ​។ ​ប៉ុន្តែ​ត្រង់​ចំណុច​នេះ លោក​បាន​បញ្ជាក់​ដែរ​ថា «​បើ​តាម​គោល​ការ​ណ៍​មន្ទីរ​ទេសចរណ៍មិន​អាច​រង់ចាំ​គម្រោង​នេះ​យូរ​ពេក​ទេ​។  មន្ទីរ​ត្រូវ​ចុះ​សិក្សា​រៀបចំ​លើ​ទីតាំង​ណា​មួយ​ជា​បណ្ដោះអាសន្ន​សិន  ពីព្រោះ​ប្រកាស​រួម​យើង​មាន​ស្រាប់អីចឹង​មន្ទីរ​ទេសចរណ៍ត្រូវធ្វើ​ទីតាំង​ណាមួយ​បណ្ដោះអាសន្ន​សិន ដើម្បី​កុំ​ឲ្យ​មានការ​ប្រទាំង​ប្រទើស ពាក់ព័ន្ធ​នឹង​ការ​ដើរ​ប្រមូល​យក​លុយ​ពី​ទីតាំង​ទេសចរ​ខាងលើ ​ដោយ​គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ»​ ។

​លោក​បាន​បញ្ជាក់​បន្ថែម​ថា «​សព្វ​ថ្ងៃនេះ មាន​បញ្ហា​ច្រើន​នៅ​កន្លែង​លក់ដូរ​។  ហើយ​បើ​ទុក​យូរ​នាំ​ឲ្យ​ស្មុគស្មាញ​នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ដោះស្រាយ​។  ដូច្នេះ​ មន្ទីរ​ទេសចរណ៍នឹង​សុំ​គោល​ការ​ទៅ​មន្ទីរ​ធនធានទឹក  ដើម្បី​គ្រប់គ្រង​បណ្ដោះអាសន្ន​​​មុន​ផែន​ការ​រួម​ចេញ​មក» ​។​ រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​កែ​ច្នៃ​«កំពីងពួយ» គឺជា«អាង​ស្ដុក​ទឹក»ដ៏​ធំធេង​ដែល​អម​ទៅ​ដោយ​ជួរ​ភ្នំ​នៅ​ប៉ែក​ខាងលិច និងខាងកើត​ ។ មាន​ទំនប់​ស្ទាក់​ទឹក​ដ៏​ធំ​នៅ​ប៉ែក​ខាងជើង (​ប៉ែក​ខាងក្រោម​) ប្រវែង​ប្រមាណ​០៨​គីឡូម៉ែត្រ ភ្ជាប់​ពី​ចុង​ភ្នំ​ម្ខាង​ទៅ​ចុង​ភ្នំ​ម្ខាង  ដែល​មាន​ប្រភព​ទឹក​ដ៏​សំខាន់​ហូរ​ឆ្ពោះ​ចូល​ក្នុង​អាង​ពី​តំបន់​ភាគ​ខាងត្បូង​ឈៀង​ខាងលិច​។

​​បើ​និយាយ​ពី​ប្រវត្តិ​នៃ​អាង​ស្ដុក​ទឹក«​កំពីងពួយ​»ត្រូវ​បាន​សាងសង់​ឡើង​ដោយ​កម្លាំង​ញើស​ឈាម​របស់​ប្រជាជន​កម្ពុជា នៅ​ក្នុង​របប​ខ្មែរក្រហម កាលពី​ជិត​៥០​ឆ្នាំ​មុន (​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៧០) ​។  ប្រជាជន​កម្ពុជា (​កងចល័ត​) រាប់​សែន​នាក់​បាន​ប្រើប្រាស់កម្លាំងបាយ ជីក កាប់ កាយ និង​រែក​ដី​ចាក់​សាងសង់​ជា​ទំនប់​ស្ទាក់​ទឹក​ដ៏​ធំ​នេះ​ឡើង  ក្រោម​ការ​ឈរ​បញ្ជា​ផ្ទាល់ និង​ដាច់ខាត​ពី​ពួក​មេ​ដឹកនាំ​របប​អាវ​ខ្មៅ​ ។ ក្នុង​ពេល​នោះ មាន​«​កងចល័ត» ប្រុស ស្រី រាប់​ពាន់​នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការដ្ឋាន​សាងសង់​ទំនប់​ «អាង​កំពីងពួយ»​នេះ​ ដែរ  ដោយសារ​តែ​ធ្វើការ​លើស​កម្លាំង គ្មាន​ពេទ្យ​ព្យាបាល  និង​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ ។

​អាង​ស្ដុក​ទឹក​ដ៏​ធំ​សម្បើម​នេះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់  លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​៣៥​គីឡូម៉ែត្រ នៅ​ភាគ​ខាងលិច នៃ​ទីរួមខេត្ត​បាត់ដំបង​ ។​ កេ​រ្តិ៍​ដំណែល​ក្រោម​ដំណក់ញើស​ឈាម និង​ជោកជាំ​ទៅ​ដោយ​ទឹកភ្នែក​ប្រជាជន​ខ្មែរ​រាប់​សែន​នាក់  ក្នុង​របប​ខ្មែរ​ដ៏​ព្រៃផ្សៃ មួយ​កន្លែង​នេះ វា​បាន​ប្រែ​ក្លាយទៅជា​ «ទឹក​បឹង​»ដ៏​ធំ​ល្វឹង​ល្វើយ​សែន​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​ ។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​«​កងចល័ត»រែក​ដី​នៅ​តំបន់​អាង​កំពីងពួយ  ដែល​សេសសល់​ពី​របប​អាវ​ខ្មៅ  រស់រាន​មានជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ  បាន​សម្រក់​ទឹកភ្នែក​យ៉ាង​ក្ដុក​ក្ដូ​ល​ម្ដង​ទៀត  នៅ​ពេល​ពួក​គេ​បាន​ទៅ​ឃើញ​ស្លាកស្នាម​អនុ​ស្សាវ​រី​យ៍ដ៏​ជូ​ចត់  ជោកជាំ​ទៅ​ដោយ​ញើស​ឈាម ជា​ប្រវត្តិសាស្ត្រដែល​មិន​អាច​បំភ្លេច​បាន​ ។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សព្វ​ថ្ងៃនេះ  «បឹង​ទឹកភ្នែក» ដ៏​ធំ​ល្វឹង​ល្វើយ​លាយឡំ​ទៅ​ដោយ​ «​ញើស និង​ឈាម​» នេះ វា​បាន​ប្រែ​ក្លាយទៅជា​ទីកន្លែង​«​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​» សម្រាប់​អតីត​«​កងចល័ត»ទៅ​រំលឹក​អនុ​ស្សាវ​រី​យ៍​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ក្នុង​ខេត្ត​ដ៏​មាន​វ័យ​ចំណាស់​មួយ​កន្លែង​នេះ វា​ថែម​ទាំង​បាន«​ឆក់​យក​បេះដូង» ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ឲ្យ​ចាប់​អារ​ម្ម​ណ៍ធ្វើ​ដំណើរ​ទៅ​ទស្សនា និង​ហែល​ទឹក​លែង​កម្សាន្ត​ ។  ជា​ពិសេស​នៅ​ក្ន​ង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ រហូត​ដល់​អំឡុង​ឆ្នាំ​២០១៥ ​។​

ក្រោយ​ៗ​មក ប្រជាពលរដ្ឋ  ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ  ហាក់​មានការ​ថម​ចុះ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរ​ណ៍ «​អាង​កំពីងពួយ​»នេះ ​។ ​មូលហេតុដោយ​សារ​តែ​ខ្វះ​ទឹក​សម្រាប់​ហែល​កម្សាន្ត  ខ្វះ​ការ​ថែទាំ  គ្មាន​ការ​អភិ​វ​ឌ្ឍន៍ទីតាំង​កាន់តែ​រួម​តូច​ចង្អៀត  ទើប​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​​សម្រេច​បិទ​ទិ​តាំង​ប្រវត្តិសាស្ត្រ​មួយ​នេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​រហូត​មក​ទល់​សព្វថ្ងៃ​ ។​

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ  រមណីយដ្ឋាន​ប្រ​វ​ត្តិ​​សាស្ត្រ «​អាង​កំពីងពួយ​»​ដែល​ធ្លាប់​ជាទី​កន្លែង​ស្ងាត់ជ្រងំ​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ  នឹង​​ជះ​ពន្លឺ «ឆក់​យក​បេះដូង​»ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ថ្មី​ឡើង​វិញ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​មានការ​រៀបចំ​អភិវឌ្ឍ​​ទីតាំង​ឲ្យ​បាន​ល្អ​ស្ងាត់ តាម​គម្រោង​ថ្មី​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​ក្រសួង​ទេសចរ​ណ៍​

នៅ​ក្នុង​គម្រោង​ថ្មី​នេះ បើ​តាម​លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត បាន​បញ្ជាក់​ថា  ក្រៅពី​រៀបចំ​ទីតាំង​លក់ដូរ​ឲ្យ​មាន​របៀប​រយ កន្លែង​ទ​ទួល​ភ្ញៀវ​ល្អ  នៅ​តំបន់​រមណីយដ្ឋាន​«អាង​កំពីងពួយ​» ក៏​មាន​រៀបចំ​ឲ្យ​មាន​ចំណត សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ចត​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ