ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ និង​មហាជន​ សម្តែង​មោទនភាព​ចំពោះ​ទេព បូ​ព្រឹក្ស និង​ជី ដេ​វីត ដែល​នាំ​សិល្បៈ​​វប្បធម៌​ខ្មែរ​សម្តែង​​លើ​ឆាក​ដ៏​ធំ​នៅ​ហ្វី​លី​ពី​ន

1 ម៉ោង មុន
  • ភ្នំពេញ

អ្នកសិល្បៈ និង​មហាជន​ជា​ច្រើន ​បាន​សម្តែង​នូវការ​កោត​ស​សើរ និង​មោទនភាព​យ៉ាង​ខ្លាំង​​ចំពោះ​តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស និង​លោក​ ជី ដេ​វីត ដែល​បាន​នាំ​យក​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​មួយ​ចំនួន​យក​ទៅ​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​មួយ…

អ្នកសិល្បៈ និង​មហាជន​ជា​ច្រើន ​បាន​សម្តែង​នូវការ​កោត​ស​សើរ និង​មោទនភាព​យ៉ាង​ខ្លាំង​​ចំពោះ​តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស និង​លោក​ ជី ដេ​វីត ដែល​បាន​នាំ​យក​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​មួយ​ចំនួន​យក​ទៅ​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​មួយ ដែល​បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ។

ទេព បូ​ព្រឹក្ស និង​លោក ជី ដេ​វីត បាន​ក្លាយជា​តារាចម្រៀង​តំណាង​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ចូលរួម​កម្មវិធី ASEAN-Korea Music Festival 2026 ROUND ដែល​រៀបចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ក្នុង​នោះ ​ក៏​មានការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើ​រូប​ក្នុង​តំបន់​អាស៊ី​ផង​ដែរ ។ អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍ និង​ទាក់ទាញ​សម្រាប់​ទស្សនិកជន​ដែល​ចូលរួម​ទស្សនា​ផ្ទាល់ ជា​ពិសេស ​ទស្សនិកជន​កម្ពុជា​នោះ គឺ​ផ្ទាំងទស្សនីយភាព​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​រំលេច​ឡើង​នៅ​លើ​ឆាក​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​នេះ ។

មិន​ខុស​ពី​ការ​សម្តែង​នា​ពេល​កន្លង​មក​តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​នៅ​ក្នុង​នាំ​យក​ក្រុម​សិល្បៈ​មក​ពីសា​លា​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​ចូលរួម​សម្តែង​អម​ជាមួយនឹង​ការ​ច្រៀង​របស់​នាង ។

ជាមួយ​ការ​ឡើង​បកស្រាយ​ចម្រៀង​បទ ទេវរាជ និង វីរៈនារី តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស ក៏​បាន​រំលេច​នូវ​ការ​សម្តែង​ទម្រង់​សិល្បៈ​បុរាណ​មាន​ដូច​ជា របាំ​អប្សរា និង​ល្ខោនខោល​ជាដើម ។​ល​។ អម​នៅ​លើ​ឆាក​ដែល​មើលទៅ​ពិតជា​អស្ចារ្យ ខ​ណៈ​ពេល​ដែល​ការ​សម្តែង​នេះ​ក៏​ទទួល​បានការ​គាំទ្រ ទះដៃ​យ៉ាង​កងរំពង​ពី​សំណាក់​ទស្សនិកជន​ដែល​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ផង​ដែរ ។

ដោយឡែក​ជាមួយនឹង​រូបភាព​វី​ដេ​អូ​នៃ​ការ​សម្តែង​មួយ​នេះ​តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស ក៏​បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រ​ខ្លី​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា របាំ​អប្សរា វប្បធម៌​របស់​យើង រះ យ៉ាង​ស្រស់​ស្អាត​បំផុត​នៅ​លើ​ឆាក​អន្តរជាតិ នៅ​ហ្វី​លី​ន​ពី​ន ។

យ៉ាងណា​ក្រោយ​ឃើញ​ការ​សម្តែង​ដ៏​អស្ចារ្យ​របស់​តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស និង​លោក ជី ដេ​វីត ជាមួយនឹង​ការ​បង្ហាញ​ទម្រង់​សិល្បៈ​ដែល​ជា​របស់​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ គេ​ឃើញ​មាន​អ្នកសិល្បៈ និង​ទស្សនិកជន​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ចូលរួម​អបអរសាទរ និង​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​អ្នកសិល្បៈ​ទាំង​ពីរ​រូប​នេះ ។

ជាក់ស្តែង ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ ចេ​ណ្ណា បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ថា ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទកភាព​ណាស់ ចំពោះ​ការ​សម្ដែង​ដ៏​អស្ចារ្យរ​បស់បង​ទាំង​ពីរ G-Devith Tep Boprek ពិតជា​សិល្បករ សិល្ប​ការិនី​កំពូល​នៃ​កម្ពុជា ដែល​បាន​នាំ​យក​ព្រលឹង​វប្បធម៌​ខ្មែរ​ទៅ​រះ​យ៉ាង​ចិ​ញ្ចាំ​ង​ចិញ្ចាច​លើ​ឆាក​អន្ដរជាតិ​AS​EAN-Korea Music Festival 2026 ROUND​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ថា​ នៅ​ក្នុងស្រុក ឬ​នៅ​ក្រៅប្រទេស បង​ទាំង​ពីរ​តែងតែ​រំលេច និង​លើក​បង្ហាញ​ពី​សិល្បៈ​ខ្មែរ​ជា​និច្ច​លើ​ការ​សម្ដែង ជា​ពិសេស នៅ​លើ​ម៉ូ​ដ​សម្លៀក​នីមួយ​ៗ ហើយ​ខ្ញុំ​សង្ឃឹមថា បង​ៗ​ទាំង​ពីរ មានឱកាស​កាន់តែ​ច្រើន​បន្ត​ទៀត  ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ជាតិ​ទៅ​កាន់​បរទេស ។

ចំណែក​តារា​សម្តែង និង​ពិធីករ​លោក ជា វ​ណ្ណា​រិ​ទ្ធ ក៏​បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ថា មោទកភាព​ចំពោះ​ការ​សម្តែង​ដ៏​អស្ចារ្យ​របស់​អ្នក​ទាំង​ពីរ​ណាស់ ជា​ពិសេស ការ​នាំ​យក​ព្រលឹង​វប្បធម៌​ខ្មែរ ទៅ​រះ​យ៉ាង​ចិញ្ចែងចិញ្ចាច​លើ​ឆាក​អន្ដរជាតិ ASEAN-Korea Music Festival 2026 ROUND ក្នុង​ប្រទេស​ហ្វី​លី​ពី​ន Philippines 🇵🇭​។

លោក​បញ្ជាក់​ថា រាល់​ការ​សម្តែង​ទាំង​ស្រុក ឬ​នៅ​ក្រៅប្រទេស មិន​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ខកបំណង​នោះ​ទេ So Proud of both of you idol ។

ជា​ការ​កត់សម្គាល់ ​នេះ​​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស បាន​នាំ​យក​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​យក​ទៅ​សម្តែង​នៅ​លើ​ឆាក​អន្តរជាតិ ពោល​កាលពី​ខែមិថុនា ឆ្នាំ​២០២៥ ក៏​បាន​នាំ​យក​ផ្ទាំងទស្សនីយភាព​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ចំនួន​យក​ទៅ​សម្តែង​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​កម្មវិធី​ROUND FESTIVAL 2025 ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ផង​ដែរ ។

បន្ទាប់​ពី​ការ​សម្តែង​បាន​បញ្ចប់ ទេព បូ​ព្រឹក្ស បាន​បង្ហាញ​ក្តី​រីករាយ និង​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​មានឱកាស​បង្ហាញ​ការ​សម្តែង​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ជា​លើក​ដំបូង ដោយ​រួម​ទាំង​នាំ​យក​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​បង្ហាញ​អោយ​អន្តរជាតិ​បាន​ស្គាល់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ