ទំនាយជោគជតារាសីប្រចាំឆ្នាំមមី អដ្ឋស័ក សម្រាប់លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង បើអ្នកចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្គិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាត្លុកកំប្លែងលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ និងបានស្តុកស្តម្ភ ។
បើជាមនុស្សស្រី ទំនាយថា ឆ្នាំនេះ ជាឆ្នាំដែលអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះ ជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែថា អ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯងទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែនហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត ។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។
ចែករំលែកព័តមាននេះ