រាជធានីភ្នំពេញ៖ ឯ.ឧ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថាការនាំយកកម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសសាលារៀនវ៉េស្ទឡាញន៍មកកាន់កម្ពុជានាពេលនេះ គឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ទីផ្សារការងារ ។

ថ្លែងក្នុងពិធីអបអរសាទរ «ខួប ១៨ ឆ្នាំ នៃផលជះវិជ្ជមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីអន្តរជាតិ Pearson Edexcel កាលពីរសៀលថ្ងៃទី៥ឧសភាឯ.ឧ ឧបនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះការអភិវឌ្ឍប្រកប ដោយចីរភាពរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ជាពិសេសការនាំយកកម្មវិធីសិក្សាអន្តរជាតិ ដ៏ទំនើបនេះមកកាន់កម្ពុជា ។


ឯ.ឧ បានបញ្ជាក់ថា ការអនុម័តកម្មវិធីសិក្សាទំនើបដែលរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត (AI) មិនត្រឹមតែជួយឱ្យសិស្សទទួលបានបំណិនសតវត្សទី២១ ប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់យុវជនកម្ពុជាទៅកាន់ឱកាសការងារសកល តាមរយៈស្ដង់ដារអប់រំកម្រិត Aរបស់ចក្រភពអង់គ្លេសដែលនឹងជួយពង្រឹងសមត្ថភាពសិស្សឱ្យត្រូវនឹងជំនាញដែលអាជីវកម្មនិងសហគ្រាសនានាកំពុងត្រូវការ ។

ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ទុកកម្មវិធីសិក្សាដ៏ទំនើបនេះនឹងជួយយុវជនកម្ពុជាឱ្យទទួលបានការបំពាក់នូវសមត្ថភាព ជំនាញ និងគុណវុឌ្ឍិជាលក្ខណៈជាសកលដែលជាការកសាងមូលធនមនុស្សនិងជាស្ពានសម្រាប់តភ្ជាប់សក្តានុពលយុវជនកម្ពុជាឈានឆ្ពោះទៅកាន់ឆាកអន្តរជាតិ ។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធាននាយកប្រតិបត្តិនៃ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានបញ្ជាក់ថាការដាក់បញ្ចូលកម្មវិធី Pearson Edexcel ទៅក្នុងបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺដើម្បីផ្តល់ជូនសិស្សនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកលនិងអាចបើកទ្វារឱ្យពួកគាត់បន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍នានា ។

លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាបានលើកឡើងថាការបើកដំណើរការផ្លូវការនៃកម្មវិធីនេះគឺជាចំណុចសំខាន់មួយក្នុងការពង្រីកឱកាសទទួលបានការអប់រំដែលទទួលស្គាល់ជាសកលនៅកម្ពុជាហើយកិច្ចសហការនេះក៏បង្ហាញពីទំនាក់ទំនងវិស័យអប់រំដែលកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងបំណងផ្តល់ជូនសិស្សនូវជំនាញគិតវិភាគ ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ