រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍សាខាចំការសំរោងបានរៀបចំសន្និសីទសារព័ត៌មាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីស្តង់ដារអន្តរជាតិ Pearson Edexcel មកពីកចក្រភពអង់គ្លេសជាផ្លូវការ ដើម្បីពង្រឹងបន្ថែមមូលធនមនុស្ស និងផ្តល់ឱកាសឱ្យសិស្សានុសិស្សកម្ពុជាអាចបន្តការសិក្សាទៅក្រៅប្រទេសបានកាន់តែទូលំទូលាយ ក៏ដូចជាបន្ថែមគុណតម្លៃលើប្រព័ន្ធអប់រំដែលមានស្រាប់ ។


ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា៖ ក្នុងដំណើរឆ្ពោះទៅកាន់ឧត្តមភាពក្នុងបេសកកម្មអប់រំរបស់យើង ការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏សំខាន់មួយ គឺការដាក់បញ្ចូលកម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel IGCSE/A Level របស់ចក្រភពអង់គ្លេស ទៅក្នុងបណ្តាញសាលារៀនវ៉េស្ទឡាញន៍។ ការសម្រេចចិត្តនេះ កើតចេញពីចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើសមាហរណកម្មកម្មវិធីសិក្សាជាតិជាមួយនឹងស្តង់ដាអប់រំលំដាប់ពិភពលោក។ ហេតុផលសំខាន់ គឺដើម្បីផ្តល់ជូនសិស្សានុសិស្សរបស់យើងនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកល ដែលអាចបើកទ្វារឲ្យពួកគេបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍នានាបានយ៉ាងរលូន ព្រមទាំងជួយសន្សំសំចៃទាំងពេលវេលា និងថវិកា ។

លោកឧកញ៉ាបានបញ្ជាក់ថា៖ ទោះបីសាលារៀនបញ្ចូលកម្មវិធីសិក្សាអន្តរជាតិក៏ពិតមែន ប៉ុន្តែសាលារៀននៅតែបន្តរក្សាយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីសិក្សាជាតិ និងការបណ្តុះបណ្តាលអត្តសញ្ញាណខ្មែរដល់សិស្សានុសិស្ស ហើយតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី ដើម្បីធានានិងរក្សាគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព ។

លោកឧកញ៉ាបានជំរុញមាតាបិតា ក៏ដូចជាអ្នកអាណាព្យាបាលសិស្សទាំងអស់ បន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយសាលារៀន ដើម្បីពង្រឹងគុណភាពសិក្សាបុត្រធីតាឱ្យកាន់តែប្រសើរឡើង ខណៈសាលារៀនបានដាក់បញ្ចូលកម្មវិធីអន្តរជាតិ Pearson Edexcel ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានសម្តែងនូវការកោតសរសើរ និងស្វាគមន៍ចំពោះសាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ ដែលតែងតែនាំមកនូវអ្វីដែលថ្មី និងល្អសម្រាប់វិស័យអប់រំក្នុងខេត្ត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តបាត់ដំបងជានិច្ចកាលចាត់ទុកវិស័យអប់រំជាអាទិភាពចម្បង ក្នុងការកសាងធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃឧស្សាហកម្មក្នុងខេត្ត ។
ឯកឧត្តមបានជំរុញដល់សិស្សានុសិស្សត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យមានចំណេះដឹងក្លាយជាធនធានមនុស្សជួយអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីក ចម្រើនទៅមុខ ។

ជាមួយគ្នានោះ លោក អភិបាលខេត្ត បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សធ្វើយ៉ាងណាឱ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដប្រកបដោយគុណភាព។ លោក ក្រើនរំឭកដល់មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរដើម្បីឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងត្រូវរួមគ្នាបន្តពហិកាផលិតផលថៃ ។
លោកបានអំពាវនាវដល់មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយគាំទ្រនិងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក គិន ឆុង តំណាងក្រុមហ៊ុនPearsonប្រចាំតំបន់បានបញ្ជាក់ថា៖ Pearson Edexcel គឺជាកម្មវិធីសិក្សាស្តង់ដារអន្តរជាតិដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ជាសកល និងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមសាលាអន្តរជាតិជុំវិញពិភពលោក។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាពលរដ្ឋសកល ដែលមានសមត្ថភាពពេញលេញ។ រហូតដល់ពេលបច្ចុប្បន្ននេះ មានអ្នកសិក្សាចំនួន ៣,៥លាននាក់ និងជាង១០០ប្រទេសកំពុងប្រើប្រាស់Pearson Edexcel ចាប់ពីកម្រិតមត្តេយ្យអន្តរជាតិ (International Early-Years Program) រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិអន្តរជាតិ (IAS & A Levels) ។ បន្ថែមពីនេះ កម្មវិធីនេះអនុវត្តវិធីសាស្ត្របង្រៀនទំនើបដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលការគិតបែបវិភាគ ការដោះស្រាយបញ្ហា និងការអនុវត្តជាក់ស្តែង ជាជាងការទន្ទេញមេរៀន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ