ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​តែ​ប្រឹង​បើក​ទីផ្សារ​ទេសចរណ៍​រុ​ស្ស៊ី​នៅ​ខេត្តសៀមរាប

4 ម៉ោង មុន

ប្រតិបត្តិ​​ក​ទេសចរណ៍​ជនជាតិ​រុ​ស្ស៊ី​មួយ​ក្រុម ​បាន​មក​ដល់​ខេត្តសៀមរាប ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦​ក្រោម​ការ​ស្វាគមន៍​ដោយ​ក្រសួងទេសចរណ៍ ដើម្បី​បើកផ្លូវ​ឲ្យ​ពួក​គេ​មក​ធ្វើការ​សិក្សា​ក្នុង​គោលដៅ​យក​សកត្តា​នុពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ ទៅ​ធ្វើការ​ផ្សព្វផ្សាយ ទាក់ទាញ​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ឱ្យមក​លេង​ខេត្តសៀម​រាប​ឱ្យ​បាន​កាន់តែ​ច្រើន​។

លោក នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍មាន​ប្រសាសន៍​ថា ការ​មក​ដល់​របស់​ក្រុម​ប្រតិបត្តិ​ករ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា និង​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​លើ​កម្ពុជា ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ភាព​កក់ក្តៅ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។

លោក​បាន​សម្តែង​ការ​គាំទ្រ ចំពោះ​កិច្ចសហការ​រវាង​វិស័យ​ឯកជន ក្នុង​ការ​ផ្សព្វផ្សាយ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ទេស​ចរណ៍​រុ​ស្ស៊ី និង​អន្តរជាតិ ដោយ​ចាត់​ទុក​ថា នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មាន​សមត្ថភាព​ចំណាយ​ខ្ពស់ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

នា​ឱកាស​នោះ លោក វ្លា​ឌី​មៀ ប៉ា​ឡេ​ន​ស៊ី​សា ( Vladimir Palancica ) អគ្គនាយក​ក្រុមហ៊ុន Lotus Group ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​ទេសចរណ៍​អន្តរជាតិ បាន​លើក​ឡើង​ថា កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី ដោយសារ​មាន​ធនធាន​ទេសចរណ៍​ដ៏​សម្បូរ​បែប រួម​មាន​ប្រាសាទបុរាណ​ដ៏​អស្ចារ្យ តំបន់ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត បរិយាកាស​សុខសាន្ត សុវត្ថិភាព និង​ប្រជាជន​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់ ដែល​មិន​ចាញ់​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឡើយ ​។

លោក​បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុម​ទេសចរ​ដែល​មាន​សមត្ថភាព​ចំណាយ​ខ្ពស់ និង​ចូល​ចិត្ត​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់ ដូច​ជា​ទេសចរណ៍​សុខភាព ស្ប៉ា រមណីយដ្ឋាន​ឆ្នេរសមុទ្រ ការ​ស្នាក់​នៅ​រយៈពេល​វែង និង​ការ​ធ្វើ​ដំណើរ​បែប​ឯកជន និង​សេវា​ទេសចរណ៍​លំដាប់​ខ្ពស់ ។

លោក​បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​អាច​ស្នាក់​នៅ​ជា​មធ្យម ពី​៥ ទៅ​៧​ថ្ងៃ ហើយ​មួយ​ចំនួន​អាច​ស្នាក់​នៅ​រហូត​ដល់​១​ខែ​ទៅ​២​ខែ ដែល​អាច​ជួយ​ជំរុញ​ប្រាក់​ចំណូល​ចូល​ក្នុង​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការ​ដឹក​ជញ្ជូន​សិប្បកម្ម​ក្នុងស្រុក ​និង​អាជីវកម្ម​ទេសចរណ៍​ផ្សេង​ៗ​ជា​ច្រើន​។

៣​ខែ​ដើមឆ្នាំ​២០២៦​នេះ​ កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​សរុប​ប្រមាណ​ជា​ជិត​១៣.០០០​នាក់​ដែរ ប៉ុន្តែ​វា​ធ្លាក់​ចុះ​ប្រមាណ​ជា​៥៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៥ ។