ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្ទឹងត្រែង​ជំរុញ​ការ​អភិវឌ្ឍ​ន៍រម​ណីយ​ដ្ឋាន​«​ផ្សោត​ត្បូង​ខ្លា​»​ដើម្បី​ទាក់ទាញ​ទេសចរណ៍និង​បង្កើត​​ការងារ

6 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ក្នុង​ឱកាស​ចុះ​សិក្សា​គម្រោង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​០៤ មិថុនា ២០២៦ លោក សរ សុ​ពុ​ត្រា អភិ
បាល​ខេត្តស្ទឹងត្រែង បាន​ណែនាំ​ឲ្យ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​សហការ​គ្នា​ រៀបចំ​យន្តការ​អភិវឌ្ឍន៍ «​រមណីយ​
ដ្ឋាន​​ទេសចរណ៍​សត្វ​ផ្សោត​ត្បូង​ខ្លា​» ស្ថិត​ក្នុង​ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង
​ប​ង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ ។

លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​​ខេត្តស្ទឹងត្រែង​បាន​មាន​ប្រសាសន៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មិ​ថុនា ២០២៦ ​ថា ​ពាក់ព័ន្ធ​ទៅនឹងតំបន់​អន្លង់​ផ្សោតត្បូង​ខ្លា​ កាលពី​ថ្ងៃ​ទ០៤ ខែមិថុនា អភិបាលខេត្ត បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​សិក្សា និង​រៀបចំ​ប្លង់​គោល ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​កន្លែង ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​​ដ៏​ទាក់ទាញ​នា​ពេល​ខាង​មុខ​ ។ ​ក្នុង​តំបន់​នោះ ​យើង​មាន​រៀបចំ​ជា​សហគមន៍​ឡើង ដើម្បី​បម្រើ​ផ្ដល់សេវា​​ផ្ទះ​ស្នាក់, សេវា​ការ​ដឹក​ជញ្ជូន, សេវា​ម្ហូបអាហារ, សេវា​ដំណើរ​ទស្សនា​សត្វ​ផ្សោត និង​ការ​កែ​ច្នៃ​វត្ថុ​អនុស្សា​វរិ​យ៍​ជាដើម​។

លោក​ថា ​ដើម្បី​ឱ្យ​គម្រោង​នេះ ​លេច​ចេញ​ជា​រូបរាង ឯកឧត្តម​បាន​ជំរុញ​ឱ្យ​មន្ទីរ​ជំនាញ​រៀបចំ​ប្លង់​គោល ដើម្បី​​ស្នើ​សុំ​ថវិកា​គាំទ្រ​ពី​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ ។ គម្រោង​នេះ ​រំពឹង​ថា នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ព្រមទាំង​បង្កើត​ឱកាស​ការងារ និង​ចំណូល​ជូន​សហគមន៍​មូលដ្ឋា​ន​យ៉ាង
ច្រើន​ ។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ មាន​សត្វ​ផ្សោត​ប្រមាណ​៣០​ក្បាល កំពុង​រស់នៅ​ក្នុង​អន្លង់​សំខាន់​ៗ​ចំនួន​៣ ក្នុងស្រុក​សៀម​បូក គឺ​៖ អន្លង់​ត្បូង​ខ្លា, ​កោះ​ស​ន្ទ​ក់, ​និង​កោះ​កូន​សត្វ​ ។

​​បច្ចុប្បន្ន​យើង​មាន​មន្ត្រី​ជលផល និង​ឆ្មាំ​ទន្លេ​ចំនួន​២៦​នាក់ កំពុង​យាមល្បាត​យ៉ាង​សកម្ម ដើម្បី​ការពារ​សត្វ​ផ្សោត​ពី​ហានិភ័យបាត់បង់​ជីវិត ​។ ​ជាមួយ​គ្នា ​យើង​ក៏​បា​ន​ហាមប្រាម​ដាច់ខាត​​ការ​ដាក់មង និង​សន្ទូច​ រនោង នៅ​តំបន់​ផ្សោត​រស់នៅ និង​ផ្លូវ​ឆ្លងកាត់ ដោយ​មានការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​នេសាទ​ផ្ទាល់​ ។

សូម​បញ្ជាក់​ថា​ សត្វ​ផ្សោត​នៅ​ខេត្តស្ទឹងត្រែង​នេះ​ ប្រសិនបើ​គ្មាន​ការ​ចូលរួម​អភិរក្ស​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ​ពី​ឆ្មាំ​ទន្លេ សហគមន៍​នេសាទ មន្ត្រី​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាង​២​ទស្ស​វត្ត​រ៍​មកនេះ​ទេ ម្ល៉េះ​សត្វផ្សោត​ទាំងនេះ​អាច​នឹង​មិន​មាន​និរន្តរភាព​រហូត​មកទល់​សព្វ​ថ្ងៃនេះ​ដែរ​ ។

​បច្ចុប្បន្ន​ ដែន​ជម្រក​សត្វ​ផ្សោត​នៅ​អន្លង់​ត្បូង​ខ្លា ចាប់ពី​ព្រំប្រទល់​ខេត្តក្រចេះ ដល់​តំបន់​រ៉ា​ម​សារ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចុះបញ្ជី​ប្លង់​រឹង​ការពារ​ជា​ផ្លូវការ​ហើយ​ ៕