អ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខដោះស្រាយបំណុល ជំនួសស្វាមី ក្រោយលោក ហេង ឡុង ត្រូវសមត្ថកិច្ចឃាត់ខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខដោះស្រាយបំណុលឲ្យស្វាមីគឺលោក ហេង ឡុង ដោយមិនគេចវេសទៅណាឡើយ បន្ទាប់ពីស្វាមីអ្នកនាងត្រូវបានសមត្ថិកិច្ចឃាត់ខ្លួនទៅសាកសួរពាក់ព័ន្ធទៅនឹងបំណុលដែលជំពាក់គេប្រមាណ ៣០ម៉ឺនដុល្លារ ។
យ៉ាងណាអ្នកនាង ចន ច័ន្ទលក្ខិណា បានស្នើសុំឲ្យម្ចាស់បំណុលពន្យារពេល ដោយសារក្នុងអំឡុងពេលនេះអ្នកនាងកំពុងជួបវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលស្វាមីរបស់អ្នកនាងក៏មានកូនបំណុលច្រើនដែលបានគេចវេសមិនសងដែរ ។ តាមរយៈបណ្តាញសង្គមអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសំណេរថា ខ្ញុំនៅទីនេះដើម្បីជួយដោះស្រាយបញ្ហាប្តីរបស់ខ្ញុំ ខ្ញុំមិនគេចវេស គ្រាន់តែសុំពេលវេលាក្នុងស្ថានភាពដែលពួកខ្ញុំជួបវិបត្តិសេដ្ឋកិច្ច គេក៏ជំពាក់គាត់ច្រើនដែរ តែគេគេចខ្លួនបាត់ ។
ខ្ញុំសូមអរគុណបងប្អូនមិត្តភ័ក្ត្រទាំងអស់ដែលបារម្មណ៌ និងសួរសុខទុក្ខខ្ញុំ ខ្ញុំអរគុណនូវសណ្តានចិត្តរបស់បងប្អូន ខ្ញុំសុំទោសដែលមិនអាចលើកទូរស័ព្ទបងប្អូន ព្រោះខ្ញុំកំពុងដោះស្រាយជាមួយដើមបណ្តឹង ។
ជាការកត់សម្គាល់ការលើកឡើងពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា នាពេលនេះបានធ្វើឡើងបន្ទាប់ពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាមិត្តភក្តិរបស់លោក ហេង ឡុង បានចេញមុខទម្លាយរឿងរ៉ាវខ្លះៗដែលលោកបានដឹងពាក់ព័ន្ធទៅនឹងបញ្ហាលោក ហេង ឡុង ដែលនាំឲ្យឈានដល់ការឃាត់ខ្លួននាពេលនេះ ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសំណេរលើបណ្តាញសង្គមថា ខ្ញុំបាទសូមអង្វរករទៅម្ចាស់បំណុលចំពោះករណី ឧកញ៉ា ហេង ឡុង ផង ខ្ញុំបានដឹងដំណឹងពីម្សិលមិញ ឧកញ៉ា ហេង ឡុង បានខលមករកខ្ញុំពីបញ្ហារបស់គាត់ខាងលើ ។ លោកបន្តថា រយៈពេលពីរ បីឆ្នាំនេះខ្ញុំមិនសូវបានជួបគាត់ញឹកញាប់ទេ ព្រោះខ្ញុំរវល់ប្រឹងប្រែងដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំជាច្រើន ។ បន្ទាប់ពីខ្ញុំបានឮដំណឹងនេះ ខ្ញុំមិនដឹងថា ត្រូវជួយបែបណា ដោយសារស្ថានភាពខ្ញុំក៏លំបាកត្រូវដោះស្រាយរឿងជាច្រើន ។
លោកបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនេះខ្ញុំបានព្យាយាមទំនាក់ទំនង និងស្វែងរកជួយគិត និងដោះស្រាយជាមួយប្រពន្ធគាត់ដែរ ។ ខ្ញុំបានឱ្យប្រពន្ធគាត់តាមអង្វរម្ចាស់បំណុលពីរថ្ងៃហើយដែលឮថាជំពាក់លុយ 30 ម៉ឺនដុល្លារនឹងបានបង់ការប្រាក់ និងប្រាក់ដើមខ្លះដល់បាន 10 ម៉ឺន ។ ខ្ញុំបានផ្ដល់យោបល់ឱ្យគាត់ប្រមែប្រមូលអ្វីដែលគាត់មាន គឺលុយបាន 2 ម៉ឺនដុល្លារ និងលទ្ធភាពសងប្រចាំខែ 1 ម៉ឺនដុល្លារ ។
ស្ថានភាពខ្ញុំក៏លំបាកខ្ញុំគ្មានអ្វីជួយគាត់បាន ខ្ញុំបានឱ្យខ្ចីឡានឡង់គ្រីស័រ 1 គ្រឿង ដែលខ្ញុំកំពុងជិះ និងផ្ទះដែលគាត់ទិញខ្ញុំតម្លៃ 6 ម៉ឺនជាងពីមុនដែលមិនទាន់ឲ្យលុយឱ្យគាត់ខ្ចីយកទៅដោះស្រាយបញ្ហាសិន ដើម្បីកុំឲ្យជាប់គុក ។តែប្រពន្ធគាត់បានតាមអង្វរពីរថ្ងៃហើយខាងម្ចាស់បំណុលនៅតែមិនព្រម ដូច្នេះខ្ញុំសុំអង្វរបន្ថែមទៀតទៅម្ចាស់បំណុល ។ លោកថា ខ្ញុំពិតជាមិនដឹងថា ត្រូវជួយបែបណា ព្រោះបានឱ្យប្រពន្ធគាត់តាមសម្របសម្រួល ខ្ញុំព្យាយាមឲ្យសម្របសម្រួល 2ថ្ងៃមកហើយ ។
បើតាមលោក ឡេង ណាវ៉ាត្រា ខ្ញុំមិនការពារមនុស្សខុសទេ អ្វីដែលខ្ញុំអាចជួយបានគឺសុំអង្វរម្ចាស់បំណុលជំនួស មេត្តាអនុគ្រោះឲ្យគាត់ផងចុះ ហើយគាត់សងជាបណ្ដើរៗទៅ តាមលទ្ធភាពខាងលើនោះ បើសិនជាខ្ញុំមានលទ្ធភាព ខ្ញុំក៏នឹងជួយហើយឃើញឈ្លក់ទឹកហើយពិបាកនឹងឈរមើល រឿងគាត់ធ្វើអ្វី ខុសជារឿងរបស់គាត់ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ខ្ញុំមានតែការអង្វរក៏ទៅម្ចាស់បំណុលប៉ុណ្ណោះ ។
ខ្ញុំមិនដឹងថា គាត់ទៅធ្វើអ្វីខ្លះទេក្នុងរយៈពេលពីរបីឆ្នាំនេះ នៅក្នុងជីវិតរបស់គាត់ គ្រាន់តែដឹងថា នៅពេល
ដែលមានបញ្ហា គាត់បានខលមករកខ្ញុំ ។ ក្នុងនាមជាមនុស្សរាប់អានគ្នា មានតែជួយអង្វរម្ចាស់បំណុលប៉ុណ្ណោះកាលកន្លងទៅ ខ្ញុំបានផ្ដល់យោបល់ជាច្រើនបន្ទាប់ពីខ្ញុំមានការលំបាក សម្ដីរបស់ខ្ញុំមិនសូវមានតម្លៃ ។ ខ្ញុំឃើញឧកញ៉ាហេង ឡុង មានមិត្តភក្កិ បងប្អូនផឹកស៊ីច្រើនណាស់ ដល់ពេលមានរឿង មិនមានអ្នកណាជួយសម្របសម្រួលទាល់តែសោះគេខ្លាចប៉ះពាល់ដល់គេ ។
នេះហើយជីវិត នឹកឃើញកាលខ្ញុំមកពីពលករកូរ៉េដំបូងបានស្គាល់ប្រពន្ធរបស់គាត់រហូតមកស្គាល់លោកឧកញ៉ាហេង ឡុង តាមរយៈការងារសង្គម ។ ខ្ញុំក៏បានជ្រោមជ្រែងច្រើនដែរកាលពេលខ្ញុំមានលទ្ធភាពរហូតបានរាប់អាន នឹងធ្វើកិច្ចការងារមួយចំនួន ជាមួយគ្នា ។ តែនៅពេលខ្ញុំជួបបញ្ហា ខ្ញុំបានឃ្លាតឆ្ងាយពីគាត់ ខ្ញុំគឺផ្ដោតខិតខំដោះស្រាយ និងប្រឹងប្រែងរស់ មិនមានពេលវេលាដឹងសាច់រឿងស៊ីជម្រៅ ។ អ្វីដែលខ្ញុំជួយ គឺជួយបានប៉ុណ្ណឹង ខ្ញុំមិនមានបុណ្យស័ក្តិ មានអំណាច និងឥទ្ធិពលទៅជជែកបានទេ មានតែអង្វករម្ចាស់បំណុលប៉ុណ្ណោះបើសិនជាគាត់យោគយល់បងអាចនឹងមិនជាប់គុក ។
ជីវិតគឺបែបនេះឯង ខ្ញុំឧស្សាហ៍ឃើញមិត្តភក្ដិផឹកស៊ីខ្វែងដៃបងប្អូនល្អ ដល់ពេលធ្លាក់ដល់បាត គេវ៉ៃថែម
រកមនុស្សម្នាក់ជួយអង្វរម្ចាស់បំណុលមិនបាន ។ ខ្ញុំមិនដែលស្គាល់ម្ចាស់បំណុលទេតែសុំអង្វរដោយក្ដីគោរព ទៅម្ចាស់បំណុល លទ្ធភាពគាត់ដែលខ្ញុំបានជួយគិតគូរនោះគឺគាត់អាចរកបានសុទ្ធ 2 ម៉ឺន និងឡានឡង់គ្រីស័រដែលខ្ញុំឲ្យខ្ចី អាចលក់ផ្សែផ្សំបន្ថែមអាចសរុបបាន 5 ម៉ឺនដុល្លារព្រមទាំងផ្ទះតម្លៃ 6 ម៉ឺនដុល្លារជាងហើយគាត់ថា អាចសងប្រចាំខែបានមួយខែ 1 ម៉ឺនរហូតដល់អស់ ។ ឮថាគាត់ខ្ចីចំនួន 30 ម៉ឺនដុល្លារ និងបានបង់ដើមនឹងការប្រាក់សរុប 10 ម៉ឺនដុល្លារហើយ ។ ដោយក្ដីគោរពពីខ្ញុំបាទទៅម្ចាស់បំណុលផង ៕








ចែករំលែកព័តមាននេះ