ការពិតត្រូវបានលាតត្រដាង៖ តារាកំប្លែងតាចេកចេញមុខបដិសេធភ្លាមៗ ក្រោយមហាជនភាន់ច្រឡំថា លោកទទួលមរណភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាកំប្លែងតា ចេក បានចេញមុខបដិសេធភ្លាមៗ បន្ទាប់ពីតារាកំប្លែងរូបនេះឃើញមានមហាជនជាច្រើនមានការភាន់ច្រឡំថា រូបលោកទទួលមរណភាពហើយ ខណៈពេលដែលលោកកំពុងមានជីវិត និងនៅមានសុខភាពល្អជាធម្មតា ។

នៅលើបណ្តាញសង្គម មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាពបុរសម្នាក់ ដែលមានរូបរាងមុខមាត់ដូចទៅនឹងតារាកំប្លែងនាយ ចេក ជាមួយនឹងសំណេរពីការទទួលមរណភាព ។ រូបភាពមួយនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ជាពិសេស បណ្តាអ្នកសិល្បៈដូចគ្នា ដោយម្នាក់ៗសម្តែងការរំជួបចិត្ត និងមិននឹកស្មានថា តាចេក ទទួលមរណភាពទាំងមិនដែលលិចឮលោកមានជំងឺធ្ងន់នោះឡើយ ។
យ៉ាងណា ក្រោយផ្ទុះព័ត៌មានខាងលើនេះ តារាកំប្លែងនាយ ចេក បានចេញមុខមកបដិសេធចោលដោយលោកបញ្ជាក់ថា នេះជាការភាន់ច្រឡំ ដោយសារបុរសនោះគ្រាន់តែមានមុខមាត់ស្រដៀងលោក ក្នុងពេលដែលលោកនៅមានជីវិត និងមានសុខភាពល្អធម្មតា ។

ជាមួយរូបភាពបុរសដែលមានមុខមាត់ដូចលោក នឹងត្រូវបានអះអាងទទួលមរណភាព តារាកំប្លែងនាយ ចេក បានគូសបញ្ជាក់ថា នេះបងប្អូនដែលច្រឡំថា ជាខ្ញុំ តាមពិតគ្រាន់តែដូចគ្នាទេ ចំណែកខ្ញុំសុខភាពធម្មតាទេ គេប្រាប់ថា គាត់ឈ្មោះតាចកនៅរំដួល ។ តាមរយៈការបញ្ជាក់ពីតាចេកខាងលើនេះបានធ្វើឲ្យមហាជន ជាពិសេស មិត្តភក្តិក្នុងសិល្បៈបានដឹងច្បាស់លែងមានការភាន់ច្រឡំ និងសម្តែងការរីករាយឡើងវិញ ខណៈពេលពួកគេក៏បានជូនពរតារាកំប្លែងរូបនេះ មានសុខភាពល្អផងដែរ ។

ជាការកត់សម្គាល់ តារាកំប្លែងតា ចេក កាលពីប៉ុន្មានឆ្នាំកន្លងទៅ លោកក៏ធ្លាប់ជួបប្រទះនូវជំងឺរហូតក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ ប៉ុន្តែក្រោយការព្យាបាលស្ថានភាពរបស់លោក ក៏បានវិលមកជាធម្មតាឡើងវិញ រហូតមកទល់នាពេលនេះ ។

គួរបញ្ជាក់ថា អំឡុងពេលទីផ្សាររបស់តារាកំប្លែងធ្លាក់ចុះ តាចេកត្រូវបានគេដឹងថា លោកមានជីវភាពដុនដាបខ្លាំង ដោយលោកពឹងផ្អែកលើការលក់ទឹកអំពៅ និងភេសជ្ជៈ នៅតាមចិញ្ចើមផ្លូវលើកំណាត់ផ្លូវជាតិលេខ៣ ហូលរង្វង់មូលគូរស្រូវ ទៅសៀមរាបកន្ទួត ។

យ៉ាងណា មួយរយៈចុងក្រោយនេះ លោកហាក់មានទីផ្សារសិល្បៈជាបណ្តើរឡើងវិញ ពោលលោកបានចូលរួមសម្តែងកំប្លែងខ្លីៗ និងលេងល្ខោនបាសាក់តាមរោងនានាជាបន្តបន្ទាប់ ដែលធ្វើឲ្យលោកអាចដោះស្រាយជីវភាពដែលកំពុងជួបការខ្វះខាត ៕


ចែករំលែកព័តមាននេះ