ប្រទេសតួកគី-លីប៊ី ៖ ប្រធានាធិបតីតួកគីលោករីស៊ីបតៃយីបអ័រដូហ្គាន កាលពីថ្ងៃទី២៦ធ្នូបានប្រកាសបើកផ្លូវ ទៅរកអន្តរាគមន៍យោធាដោយផ្ទាល់មួយរបស់តួកគីនៅលីប៊ី ដោយលោកប្រកាស ពីការបោះឆ្នោតនាពេលខាងមុខរបស់សភា លើការបញ្ជូនកងទ័ពនេះ ដើម្បីជួយទ្រទ្រង់ដល់រដ្ឋាភិបាលក្រុងទ្រីប៉ូលី ប្រឈមមុខនឹងកងកម្លាំងរបស់បុរសខ្លាំងភាគខាងកើតលីប៊ី លោកខាលីហ្វាហាហ្វតា។
ការដាក់ពង្រាយកងទ័ពតួកគីនៅលីប៊ី អាចធ្វើឲ្យធ្ងន់ធ្ងរថែមទៀតដល់ជម្លោះផ្ទៃក្នុងប្រទេសនេះ ដែលមានការលូកដៃរបស់បណ្ដាមហាអំណាចតំបន់ ចាប់តាំងពីការផ្ដួលរំលំរបបលោកមូអាម៉ាកាដាហ្វីកាលពីឆ្នាំ២០១១មក។
ជាហេតុផលនៃអន្តរាគមន៍បែបនោះតួកគីលើកឡើងថា រដ្ឋាភិបាលរួបរួមជាតិលីប៊ី ដែលខ្លួនជួយទ្រទ្រង់ខាងយោធា ជារដ្ឋាភិបាលទទួលស្គាល់ដោយអ.ស.ប ខណៈដែលសេនាប្រមុខហាហ្វតា ពុំមានការគាំទ្រជាអន្តរជាតិណាមួយ ដើម្បីឲ្យទទួលបានជំនួយឡើយ ក៏ទោះបីមានប្រទេសមួយចំនួនបានជួយគេក្ដី។
ការជួយថែរក្សារដ្ឋាភិបានរួបរួមជាតិលីប៊ី កាន់តែសំខាន់សម្រាប់តួកគី ដែលទើបចុះហត្ថលេខាជាមួយរដ្ឋាភិបាលនោះ លើកិច្ចព្រមព្រៀងមួយ ដែលអាចឲ្យក្រុងអង់ការ៉ាមានសិទ្ធិដ៏ទូលំទូលាយ ក្នុងតំបន់ដែនទឹកនៃសមុទ្រមេឌីទែរ៉ាណេខាងកើត ដែលសម្បូរដោយប្រេងកាតនិងឧស្ម័ន។ បែបនេះនាំឲ្យប្រទេសក្រិក អេហ្ស៊ីប ស៊ីប និងអ៊ីស្រាអែលមិនសប្បាយចិត្ត។
លោកអ័រដូហ្គានក្នុងសុន្ទរកថាមួយនាទីក្រុងអង់ការ៉ាថ្លែងថា យើងនឹងដាក់ជួនសភាសំណើបញ្ជូនកងទ័ពទៅលីប៊ី ខណៈសភានឹងចាប់ផ្ដើមការងារចាប់ពីថ្ងៃទី៧មករាទៅ។ ប្រសិនបើជាបំណងប្រាថ្នារបស់ព្រះជាម្ចាស់ នោះសំណើនេះអាចអនុម័តនាថ្ងៃទី៨ឬទី៩មករា ដែលជាការឆ្លើយតប ចំពោះសំណើរបស់រដ្ឋាភិបាលស្របច្បាប់លីប៊ីនូវជំនួយខាងយោធា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ