ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង អាចនឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនាសប្ដាហ៍ក្រោយនេះហើយ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងតាមរយៈការដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ប្រភពម្នាក់ទៀតរបស់រដ្ឋាភិបាលថ្លែងថាក្រុមចាត់តាំងនៃទីភ្នាក់ងារសន្តិសុខរបស់ចិន និងមន្ត្រីផ្នែកបដិសណ្ឋារកិច្ចកំពុងស្ថិតនៅទីក្រុងព្យុងយ៉ាង។

ដូច្នេះ ទស្សនកិច្ចរបស់លោកស៊ីជីនពីងអាចនឹងធ្វើឡើងនៅចុងខែឧសភា ឬដើមខែមិថុនា។ លោកស៊ីជីនពីងដែលបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកដូណាល់ត្រាំកាលពីសប្ដាហ៍មុននោះ លោកនឹងព្យាយាមធ្វើជាអ្នកសម្របសម្រួលការជួបគ្នារវាងលោកត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលស្នើសុំមិនបញ្ចេញឈ្មោះ។

ក្រសួងការបរទេសកូរ៉េខាងត្បូងសូមមិនធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេ។ ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់កូរ៉េខាងជើង។ ប្រទេសទាំង២ក៏បានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងនេះបន្ថែមទៀតបន្ទាប់ពីរយាលដៃបន្តិចកាលពីអំឡុងកូវីដ១៩។ លោកគីមបានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីឆ្នាំមុនដើម្បីចូលរួមរំលឹកខួប៨០ឆ្នាំនៃទិវាជ័យជម្នះ។

លោកត្រាំធ្លាប់ជួបលោកគីមបីដងកាលពីពេលលោកកាន់អំណាចនៅអាណត្តិទីមួយ។ លោកប្រកាសថាលោកបើកទូលាយជានិច្ចសម្រាប់គម្រោងជួបគ្នាជាថ្មីជាមួយលោកគីម។ លោកអះអាងថាទំនាក់ទំនងជាឯកជនរវាងលោកទាំង២នៅតែល្អជាមួយគ្នាជានិច្ច។ កាលពីពេលកន្លងមក ប្អូនស្រីលោកគីមជុងអ៊ុនធ្លាប់ប្រកាសថាការជួបគ្នាដើម្បីកេងចំណេញនយោបាយជាការឥតប្រយោជន៍។ លោកស្រីថ្លែងបន្តទៀតថាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនអាចប្រែក្រឡាស់បានឡើយ៕ ប្រភព៖ Asia One
ចែករំលែកព័តមាននេះ