គីង្គក់ ដែលជាសត្វមានរូបរាងស្រដៀងគ្នានឹងកង្កែប គ្រាន់តែស្បែកវាគ្រើម គឺជាសត្វដែលមានជាតិពុល ដែលអាចសម្លាប់មនុស្សបាន ។ នេះបើតាមការចែករំលែកដោយមន្ទីរពេទ្យបង្អែកស្អាង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ។
ប្រភពដដែលបានបន្តថា សត្វគីង្គក់មានផ្ទុកជាតិពុលម្យ៉ាងដែលហៅថា ប៊ុយហ្វូតុកស៊ីន (Bufotoxin) ដែលស្ថិតនៅក្នុងក្រពេញលើស្បែក និងពងរបស់វា ។ ជាតិពុលនេះ អាចបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតមនុស្ស និងសត្វចិញ្ចឹម ប្រសិនបើទទួលទានវា ដោយមិនបានសម្អាតឲ្យបានត្រឹមត្រូវ ឬប៉ះពាល់ចំភ្នែកនិងរបួស ។
ប្រភពដដែលបានបន្តថា ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដែលបង្កឡើងដោយជាតិពុលសត្វគីង្គក់មានខ្ពស់ ប្រសិនបើមនុស្សទទួលទានសាច់ ពង ឬស្បែកគីង្គក់ដែលមានផ្ទុកជាតិពុល ។ អាការៈពុលនេះ វានឹងស្តែងចេញរោគសញ្ញាក្នុងរយៈពេល៣០នាទី ទៅ២ម៉ោង ដូចជា ចង្អោរ, ឈឺពោះ និងរាករូស, ហៀរទឹកមាត់មិនឈប់ ។
ប្រភពដដែលបានបន្តថា នៅក្នុងករណីខ្លះ វាក៏អាចប៉ះពាល់ប្រព័ន្ធបេះដូងពីព្រោះជាតិពុលប៊ុយហ្វូតុកស៊ីន វាមានឥទ្ធិពលដូចឱសថបេះដូងកម្រិតខ្លាំង ដែលអាចធ្វើឲ្យចង្វាក់បេះដូងដើរខុសប្រក្រតី, សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ ឬធ្លាក់ចុះខ្លាំង, គាំងបេះដូង ដែលអាចបណ្តាលឲ្យបាត់បង់ជីវិតបានយ៉ាងរហ័ស ។ ក្រៅពីនោះវាក៏អាចបង្ក ផលប៉ះពាល់លើប្រព័ន្ធប្រសាទនៅពេលជាតិពុលជ្រាបចូលទៅក្នុងឈាមដូចជា វិលមុខ ស្រវាំងភ្នែក និងវង្វេងវង្វាន់, សាច់ដុំកន្ត្រាក់ ឬទន់ដៃជើង, ប្រកាច់ និងបាត់បង់ស្មារតីជាដើម ។
ក្រៅពីនោះប្រសិនបើទឹកពិសរបស់វាខ្ទាតចូលភ្នែក វានឹងបណ្តាលឲ្យរលាកភ្នែកខ្លាំង ផ្សាឡើងក្រហម និងអាចឈានដល់ងងឹតភ្នែកបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ បើលាងសម្អាតមិនទាន់ពេល ដោយឡែកចំពោះស្បែក បើប៉ះចំស្បែកមានដំបៅ ឬរបួស វានឹងធ្វើឲ្យរលាក រមាស់ និងផ្សាខ្លាំង ។
ប្រភពដដែលបានបញ្ជាក់ថា ប្រសិនបើមានការសង្ស័យថា ពុលគីង្គក់ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ហើយសូមកុំព្យាយាមផ្សំថ្នាំបុរាណ ឬពន្យារពេលឡើយ ព្រោះជាតិពុលនេះសាហាវ និងអាចសម្លាប់មនុស្សបានក្នុងរយៈពេលពីរបីម៉ោងប៉ុណ្ណោះ ហើយប្រសិនបើទឹកពិសខ្ទាតចូលភ្នែក ត្រូវប្រញាប់លាងភ្នែកជាមួយទឹកស្អាតឲ្យបានច្រើនភ្លាមៗ រួចទៅជួបគ្រូពេទ្យ៕
ចែករំលែកព័តមាននេះ