ខេត្តព្រៃវែង ៖ ថ្លែងនៅក្នុងពេលជួបពិភាក្សា ជាមួយគណៈកម្មការទី1នៃរដ្ឋសភា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី កាលពីព្រឹកថ្ងៃទី២១ ឧសភា ឯកឧត្តម សួនសុម៉ាលីន អភិបាលខេត្តព្រៃវែងបានអះអាងថា មកដល់ពេលនេះ ខេត្តព្រៃវែងបានបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា នៅក្នុងដំណើរការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋនេះ ក៏មានបញ្ហាប្រឈមមួយចំនួនដែរ ដោយផ្នែករដ្ឋបាលជលផល បានធ្វើការប្ដឹងជំទាស់ លើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ទាំងដីលំនៅឋាន និងដីកសិកម្ម សរុបចំនួន៥ស្រុក ស្មើនឹងទំហំដីជាង ១ម៉ឺនហិកតា ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តម សួន សុម៉ាលីន បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តនឹងមិនទុកឱ្យបញ្ហានេះ អូសបន្លាយពេលវេលាយូរនោះទេ ពោលគឺត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការប៉ះពាល់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តម សួន សុម៉ាលីន បានបញ្ជាក់ថា ខេត្តព្រៃវែងពុំមានដីសម្បទានទេ ប៉ុន្តែមានការរំលោភបំពានដីរដ្ឋ ដីចំណីផ្លូវ ដីបឹង ដីចំណីប្រឡាយ ចំណីទន្លេ ទីទួលសាធារណៈ និងដីអង្គភាពរបស់រដ្ឋមួយចំនួន។ រដ្ឋបាលខេត្តបានណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក អោយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យរំលោភបំពានលើដីសាធារណៈរបស់រដ្ឋ ព្រោះនៅខេត្តព្រៃវែង បានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចរាល់ហើយ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទនៅក្រៅប្រព័ន្ធតុលាការ តាមរយៈយន្តការសម្របសម្រួលនៅថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និងថ្នាក់ខេត្តឱ្យអស់ពីលទ្ធភាព។



ចែករំលែកព័តមាននេះ