រាជធានីភ្នំពេញ ៖ ដោយសារថ្នាក់ដឹកនាំប្រទេសកម្ពុជាចាត់ទុកវិស័យកសិកម្មនៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេស ហេតុដូច្នេះហើយស្ថាប័នពាក់ព័ន្ធបានបង្ហាញនូវមហិច្ឆតាធ្វើទំនើបកម្មវិស័យកសិកម្មឲ្យកាន់តែទំនើប ជាពិសេសគឺចង់ប្រែក្លាយកសិករកម្ពុជា អោយក្លាយទៅជាសហគ្រិនឆ្នើមនិងមានការច្នៃប្រឌិតខ្ពស់ក្នុងការងារកសិកម្ម ។
លោកចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះថា «ចក្ខុវិស័យរបស់ក្រសួងមិនចង់អោយកសិករត្រឹមតែជាកសិករទេនោះ តែចង់អោយកសិករក្លាយជាសហគ្រិន ដោយមានគំនិតច្នៃប្រឌិតខ្ពស់ៗក្នុងការធ្វើកសិកម្ម ដើម្បីក្លាយជាអ្នកសហគ្រិនដ៏ពូកែ»។ លោកបានបន្តថា សព្វថ្ងៃនេះសក្ដានុពលវិស័យកសិកម្មគឺនៅមានទូលំទូលាយណាស់ ដែល «កសិករអាចច្នៃប្រឌិតកែប្រែពិធីធ្វើកសិកម្មតាមបែបបុរាណមកជាការធ្វើកសិកម្មបែបទំនើបវិញ ដែលអាចផ្ដល់ចំណូលដល់កសិករបានកាន់តែច្រើន ហើយកសិករនឹងអាចក្លាយជាសហគ្រិនដោយខ្លួនឯង» ។
យ៉ាងណាក៏ដោយ ក្នុងមួយរយៈពេលកន្លងទៅនេះ វិស័យកសិកម្មបានជួបបញ្ហាមួយចំនួនដែរទាក់ទងនឹងទីផ្សារ និងតម្លៃកសិផល ក្នុងនោះមានការចុះផ្សាយជាបន្តបន្ទាប់ពីការធ្លាក់ចុះនៃតម្លៃកសិផលនិងការខ្វះខាតទីផ្សារ ដូចជាស្រូវសែនក្រអូបមានតម្លៃថោកខ្លាំង បន្លែបង្កាមួយចំនួនទៀតក៏មានតម្លៃមិនល្អ ធ្វើឲ្យកសិកម្មដាំដុះនូវដំណាំខកចិត្ត និងស្នើស្ថាប័នពាក់ព័ន្ធឲ្យជួយរកទីផ្សារមានស្ថេរភាពសម្រាប់តម្លៃកសិផលបានល្អ ។ ទាក់ទងនឹងបញ្ហានេះ ក្រសួងក៏ដូចជាភាគីពាក់ព័ន្ធក៏បានបកស្រាយជាបន្តបន្ទាប់ដោយមានហេតុផលមួយចំនួនដែលបណ្តាល់ឲ្យកសិផលខ្លះធ្លាក់តម្លៃ តែមិនមែនជាការធ្លាក់ថ្លៃជ្រុលហួសហេតុនោះទេ ។
ពាក់ព័ន្ធនឹងមហិច្ឆតាធ្វើទំនើបកម្មវិស័យកសិកម្មផងដែរនោះ បើតាមប្រសាសន៍លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយពីផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ថា «រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព និងជាពិសេសដើម្បីប្រែក្លាយវិស័យនេះពីកសិកម្មបែបយថាផល ឈានទៅធ្វើកសិកម្មតាមប្រពលវប្បកម្ម លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈកសិ-ពាណិជ្ជកម្ម »។
លោកបានបន្តថា ស្របពេលនេះ ក្រសួងក៏កំពុងជំរុញបន្ថែមទៀតដល់សហគមន៍ កសិករខ្នាតតូច និងមធ្យម សហការធ្វើការដាំដុះជាមួយវិស័យឯកជន «តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ ទីផ្សារ និងស្ថិរភាពតម្លៃ» ។ ក្រៅពីនេះ ក្រសួងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូចមធ្យម និងដៃគូអភិវឌ្ឍន៍នានា វិនិយោគលើវិស័យកែច្នៃ ដើម្បីធានានូវនិរន្តរ ភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងដែរថា ការនាំចេញកសិផលសរុបទាំងផ្លូវការនិងក្រៅផ្លូវការ ក្នុងរយៈពេលជាង១១ខែ ដើមឆ្នាំ ២០១៩នេះ មានបរិមាណជាង៦,២លានតោន ដោយកសិផលនាំចេញ ឆ្លងកាត់ច្រកចេញចូលតែមួយមានបរិមាណ ៤,១៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះ ប្រទេសវៀតណាមនាំចូលច្រើនជាង គ្រាន់តែស្រូវនាំចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាមក្រៅផ្លូវការមានជាង២លានតោនទៅហើយ ក្នុងរយៈពេលជិត១ឆ្នាំ ២០១៩នេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ