ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ The Cambodia Daily បាន​ប្រឌិត​រឿង​មិន​ពិត ក្នុង​គោលបំណង​មួលបង្កាច់ វាយប្រហារ​បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ និង​គ្រួសារ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា The Cambodia Daily…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា The Cambodia Daily មួយ​នេះ បាន​ប្រឌិត​រឿង​មិន​ពិត ក្នុង​គោលបំណង​មួលបង្កាច់ វាយប្រហារ​បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ និង​គ្រួសារ ។

សម្តេច​ធិ​បតី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០២៤ នេះ​ថា ៖ ” វា​ជា​អំពើ​ថោកទាប ម្ដង​ហើយ ម្ដងទៀត ដែល​វិទ្យុ​បរទេស និយាយ​ភាសា​ខ្មែរ The Cambodia Daily មួយ​នេះ បាន​ប្រឌិត​រឿង​មិន​ពិត ក្នុង​គោលបំណង​មួលបង្កាច់ វាយប្រហារ​បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ និង​គ្រួសារ​” ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ថ្ងៃនេះ The Cambodia Daily បាន​សរសេរ​អត្ថបទ​មួយ​ចោទប្រកាន់​ថា មានការ​សូកប៉ាន់​ពី​សំណាក់ ឯកឧត្តម គុណ ញឹ​ម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​បាន​ពន្យារ​ការ​ចូល​និវត្តន៍ រហូត​ដល់​ឆ្នាំ​២០២៨ ដែល​គេ​ចោទ​ថា ខុស​ពី​គោលការណ៍​របស់​សម្ដេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី ដែល​ធ្លាប់​លើក​ឡើង​ថា នឹង​អោយ ឯកឧត្តម គុណ ញឹ​ម ចូល​និវត្តន៍ ត្រឹម​ឆ្នាំ​២០២៥ ។

សម្តេច បាន​គូសបញ្ជាក់​ថា ៖ “​ខ្ញុំ​សូម​បញ្ជាក់​ថា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី នីតិកាល​ទី​៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ដល់​គោលការណ៍​ឯកភាព​ឲ្យ​ឯកឧត្តម គុណ ញឹ​ម អាច​ពន្យារ​ការ​ចូល​និវត្តន៍ រហូត​ទៅ​ដល់​ឆ្នាំ​២០២៨ តាម​សំណើ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី​រ័​ត្ន កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ មក​ម្ល៉េះ (​ឯកសារ​មាន​ភ្ជាប់​) ។

សម្តេច​បាន​បន្ថែម​ថា ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​រដ្ឋាភិបាល នីតិកាល​ទី​៧ ខ្ញុំ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​តែងតាំង​ផ្លាស់​ប្ដូរ​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​គ្រប់ពេលវេលា​។ ប៉ុន្តែ​ដោយ​ផ្អែក​លើ​គុណសម្បត្តិ​របស់ ឯកឧត្តម គុណ ញឹ​ម ដែល​ជា​មន្ត្រី​ដែល​មានបទពិសោធន៍ មាន​ឆន្ទៈ និង​មានការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​បំពេញភារកិច្ច ជូន​ប្រទេស​ជាតិ ខ្ញុំ​នឹង​បន្ត​គោលការណ៍​អនុញ្ញាត​ជូន​ឯកឧត្តម គុណ ញឹ​ម ក្នុង​ការ​ពន្យារ​ការ​ចូល​និវត្តន៍ រហូត​ដល់​ឆ្នាំ ២០២៨ បើ​គ្មាន​ការ​ចាំបាច់​ណាមួយ ក្នុង​ការ​កែសម្រួល ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ហេតុ​ដូច្នេះ សូម​វិទ្យុ​បរទេស និយាយ​ភាសា​ខ្មែរ The Cambodia Daily មួយ​នេះ ឈប់​ប្រឌិត​រឿង​មិន​ពិត ដែល​មាន​ចេតនា ថោកទាប​ក្នុង​ការ​បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ និង​ក្រុម​គ្រួសារ​។ ជា​ពិសេស​យកឈ្មោះ​មន្ត្រី ដើម្បី​ជា​ខែល បិទ​បាំង​នៅ​អំពើ​ស្មោ​គគ្រោក និង​អ​សីលធម៌​របស់​ខ្លួន ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា បើសិនជា​មាន​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពិតមែន ដែល​លើក​រឿង​នេះ ហើយ​ចង់អោយ ឯកឧត្តម គុណ ញឹ​ម ចូល​និវត្តន៍ ឆ្នាំ​២០២៥ ដោយ​ហេតុផល​ណាមួយ​នោះ សូមកុំ​ដេក​ស្រ​ម៉ៃ ។

សម្តេច​បាន​អះអាង​ថា ៖ “​ករណី​នេះ នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ខ្ញុំ នៅ​ក្នុង​ការ​ពិចារណា ជ្រើសរើស​បេក្ខជន ដើម្បី​តែងតាំង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ក្នុង​ពេល​ខាង​មុខ​ដែរ​” ៕

អត្ថបទសរសេរ ដោយ