ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែត ប៉ុន្តែបុរសម្នាក់នេះរពិសដៃខុសក្បួនក៏ត្រូវចូលគុកទៅវិញ ។ កាលពីវេលាម៉ោង១០ និង០៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានករណីគប់កញ្ចក់ប៉ុស្តិ៍យាមរបស់នគរបាលបណ្តាលឲ្យបែក ស្ថិតនៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនដែលប្រព្រឹត្តធ្វើសកម្មភាពរួចបានគេចខ្លួន តែនៅទីបំផុត នៅតែជាប់អន្ទាក់សមត្ថកិច្ច ។

នគរបាលបានឲ្យដឹងថា ក្រោយពីកើតមានករណីគប់កញ្ចក់ប៉ុស្តិ៍យាមប្រចាំការពេលយប់របស់កម្លាំងនគរបាលនៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។ លោកឧត្តមសេនីយ៍សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់បញ្ជាឲ្យកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវសាកសួរជុំវិញព័ត៌មាននេះ និងសាក្សីនៅម្តុំកន្លែងកើតហេតុនិងថតរូបជនប្រព្រឹត្តបាន ហើយបង្ហាញដល់សមត្ថិច្ច ដោយគាត់និយាយប្រាប់ថា សមត្ថកិច្ចថាមានមនុស្សប្រុស០១នាក់ អាយុប្រហែល២៥ឆ្នាំ បានយកដុំថ្មគប់កញ្ចក់ទីស្នាក់ការរបស់នគរបាលផ្នែកខាងឆ្វេង ហើយក៏បានដើរចេញទៅផ្លូវសៀមរាប ហៅម៉ូតូឌុបជិះទៅខាងផ្លូវសៀមរាប ។
បន្ទាប់មក កម្លាំងជំនាញបានទៅផ្លូវសៀមរាប បានអោយរូបថតអ្នកដែលគប់កញ្ចក់ទីស្នាក់ការទៅឲ្យអ្នករត់ផាសអាប់ នៅផ្លូវទៅសៀមរាបមើល គាត់បាននិយាយថា បុរស០ម្នាក់នេះ បានកាក់ឡានតាក់ស៊ី ម៉ាកtoyota Hiace ១៥កៅអី រួចឡើងជិះទៅខេត្តសៀបរាមហើយ ។

នគរបាលបានបញ្ជាក់ថា ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជំនាញបានសហការជាមួយកម្លាំងនគរបាលជំនាញខេត្តសៀមរាប ឈានដល់ការឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ូ ប៊ុនថង ភេទប្រុស អាយុ ៣៩ឆ្នាំ រួចបាននាំខ្លួនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចបានសារភាពថាគេពិតជាបានធើ្វសកម្មភាពយកដំថ្មគប់កញ្ចក់ប៉ុស្តិ៍យាម អោយបែកមែន ដោយសារតែរូបគេស្រវឹងស្រា ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ