ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​៖ ​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ តាម​ការ​ស្ទង់​មតិ ​មនុស្ស​ ៧៩,៨​ភាគរយ​ បានបញ្ជាក់​ថា​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ​មាន​ភាពល្អ​ប្រសើរ​ ។…

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ តាម​ការ​ស្ទង់​មតិ ​មនុស្ស​ ៧៩,៨​ភាគរយ​ បានបញ្ជាក់​ថា​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ​មាន​ភាពល្អ​ប្រសើរ​ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន ​ផ្ស​ព្វ​ផ្សាយ​របាយការណ៍​ ស្តី​ពី​«ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​» ​នា​រសៀល​ថ្ងៃ​ទី៣០ ខែមេ​សា ឆ្នាំ២០២៤​នេះ​ នា​ទីស្តីការក្រសួង បាន​លើក​ឡើង​ថា បើ​យោង​តាម​លើ​លទ្ធផល ​នៃ​ការ​ស្ទង់​មតិ ការ​សិក្សា​ស្រាវជ្រាវ​ បាន​កត់ត្រា​ទុក​ថា ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅកម្ពុជា ​មាន​ភាពល្អ​ប្រសើរ ដោយ​ក្នុង​ចំណោម​អ្នកចូលរួម​ឆ្លើយ​ ក្នុង​ការ​ស្ទង់​មតិ​សរុប​ចំនួន ៣៤១​នាក់ មាន​មនុស្ស ចំនួន ៧៩,៨​ភាគរយ បាន​ឆ្លើយ​ថា ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ ដែល​ក្នុង​នោះ ៧១​ភាគរយ បាន​ឆ្លើយថា ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ​មាន​ស្ថាន​ភាពល្អ និង ៨,៨​ភាគរយ បាន​ឆ្លើយ​ថា​សេរីភាព​សារព័ត៌មាន​មាន​ស្ថានភាព ល្អ​បំផុត​ ។

ឯកឧត្តម​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា​ របាយការណ៍​ ស្តី​ពី​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​នេះ ជា​របាយការណ៍ ដែល​កម្ពុជា​ បាន​រៀបចំ​ឡើង​ដោយ​ខ្លួនឯង​ផ្ទាល់ ក្នុង​ក្រប​ខណ្ឌ​ នៃ​រាជរដ្ឋាភិបាល​អាណត្តិ ទី​៧​នេះ ដោយ​ផ្អែក​លើ​ទិន្នន័យ​ ដែល​ក្រសួង​ព័ត៌មាន​គ្រប់គ្រង និង​ការ​វាស់វែង​ពី​ស្ថានភាព របស់​អ្នក​សារព័ត៌មាន ​ដែល​ប្រតិបត្តិការ​ជាក់ស្តែង​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ក្នុង​ប្រទេសកម្ពុជា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​វាយតម្លៃ។ របាយការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​ក្នុង​វិស័យ​ព័ត៌មាន ស្រប​ពេល ​ដែល​កម្ពុជា ក៏​ដូច​ជាប្រទេស​ផ្សេង​ៗ​ទៀត​ ក្នុង​តំបន់ បាន​បោះ​ជំហាន​ចូល​ដល់​ចំណុច​របត់ ​នៃ​បរិវិត្តក​ម្ម​ឌី​ជី​ថ​ល និង​ខណៈ​ពេល​ ដែល​រាជរដ្ឋា​ភិបាល​​អាណត្តិ​ទី​៧​ ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ លើ​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ នៃ​ការ​បញ្ចេញមតិ​នៅ​កម្ពុជា ។

តាម​រយៈ​លទ្ធផល​ខាងលើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍​ដោយ​បញ្ជាក់​ថា​ ​ផ្អែក​តាម​លទ្ធផល​ នៃ​ការ​ស្ទង់​មតិ​នេះ​ដែរ មនុស្ស​ចំនួន៩៥​ភាគរយ ក្នុង​ចំណោម​អ្នកចូលរួម​ឆ្លើយ​ក្នុង​ការ​ស្ទង់​មតិទាំងអស់ បាន​ឯកភាព​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្បូ​ណ៍​បែប​នៅ​កម្ពុជា​បច្ចុប្បន្ន គឺជា​ការ​ចូលរួម​លើកកម្ពស់​សេរីភាព សារព័ត៌មាន ហើយ​មនុស្ស​ចំនួន ៧៩,៨​ភាគរយ បាន​អះអាង​ថា ​ខ្លួន​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ប្រកប​អាជីព​ជា អ្នក​សារព័ត៌មាន ដោយ​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ផ្សេង​ៗ ​សម្រាប់​ការ​សរសេរ ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ដោយ​សេរី​។ ទន្ទឹម​នេះ មនុស្ស​ចំនួន​ស្ទើរតែ ១០០​ភាគរយ នៃ​ចំនួន​អ្នកឆ្លើយ​នឹងការ​ស្ទង់​មតិ​សរុប បាន​ផ្តល់​សារៈសំខាន់​ដល់​ការ​គោរព​ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន ​ដែល​ពួក​គេ​បាន​ប្រកាន់ ខ្ជាប់​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​បញ្ជាក់​បន្ថែម​ថា​ ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​បាន​រក​ឃើញ​ថា ​ក្នុង​ចំណោម​អ្នក​ស្ទង់​មតិ សរុប​ចំនួន ​៣៤១​នាក់ មាន​មនុស្ស​ចំនួន​ត្រឹម ៣៣,៣​ភាគរយ មាន​កម្រិតវប្បធម៌​ថ្នាក់​បរិញ្ញាបត្រ ហើយ​អ្នក​សារព័ត៌មាន ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​សារព័ត៌មាន​ពី​មហាវិទ្យាល័យ មាន​ចំនួន​ត្រឹម ២,២៥% ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​ថា បើ​យោង​តាមទិន្នន័យ​បច្ចុប្បន្នភាព​ ឆ្នាំ​២០២៣​របស់​ក្រសួង​ព័ត៌មាន​ បាន​បង្ហាញ​ថា ក្រសួង​បាន​ចេញ​បណ្ណ​សម្គាល់​អ្នក​សារព័ត៌មាន សរុបចំនួន ៣,២០១​បណ្ណ ក្នុង​នោះ​បណ្ណ​អន្តរជាតិ​ចំនួន ១១៣​បណ្ណ ហើយ​អ្នក​សារព័ត៌មាន​ជា​ស្ត្រី​មាន​ចំនួន​ ២៦៩រូប គឺ​ស្មើនឹង ៨,៧​ភាគរយ នៃ​ចំនួន​អ្នក​សារព័ត៌មាន​សរុប ​។

បច្ចុប្បន្ន ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ប្រពៃណី​និង​ទំនើប ដែល​បាន​ចុះ បញ្ជី​កា​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​ជាង ២,០០០ រួម​មាន​៖ គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ (TV Online) មាន​ចំនួន ៩៣៣ អង្គភាព​, កាសែត ៤៤៧ អង្គភាព​, សមាគម​សារព័ត៌មាន ៥២ អង្គភាព​, ទស្សនាវដ្ដី ១៩៤ អង្គភាព​,​ព្រឹត្តិបត្រ ២១ អង្គភាព​, រោង​ពុម្ព ១១៣ អង្គភាព​, សៀវភៅ ២២ អង្គភាព​, ទីភ្នាក់ងារសារព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង ២៧ អង្គភាព​, ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ០២ អង្គភាព​, ស្ថានីយ​វិទ្យុ FM រាជធានី​ភ្នំពេញ​និង​ខេត្ត​២៨៣ និង​វិទ្យុ AM ភ្នំពេញ ០១ អង្គភាព​, ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ១៩ ស្ថានីយ និង​ផ្សាយ​បន្ត ១៦៥ ស្ថានីយ​, ទូរទស្សន៍​ឌី​ជី​ថ​ល ១២ ស្ថានីយ និង​ទូរទស្សន៍​អន​ឡាញ ១០ ស្ថានីយ​, ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត ៤៤​ស្ថានីយ និង​ទូរទស្សន៍​អាណា​ឡូ​ក​មាន​ចំនួន ១៤៣ ស្ថានីយ​, ប្រព័ន្ធ OTT (Over The Top) ០៨ ស្ថានីយ និង​ប្រព័ន្ធ​Satellite ចំនួន ០២​។ នៅ​កម្ពុជា មាន​អ្នក​សារព័ត៌មាន​ចំនួន​ប្រមាណ មួយ​ម៉ឺន​នាក់ ​៕​

អត្ថបទសរសេរ ដោយ