ទឹកអប់ តែងតែត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើនទាំងបុរស និងស្ត្រី ហើយវាមានក្លិនក្រអូបផ្សេងៗគ្នា រាប់ចាប់ពីក្លិនផ្លែឈើទៅតាមរសជាតិ និងការនិយម ចូលចិត្តរបស់មនុស្សម្នាក់ៗ។
មកដល់ពេលនេះ ទោះបីជាវាមិនមែនជាតម្រូវការចម្បងក៏ដោយ តែទឹកអប់ និងតម្រូវការ គឺនៅតែចាំបាច់សម្រាប់បុគ្គលមួយចំនួនដែលនាំឲ្យតម្លៃរបស់វាក៏ឡើងទៅតាមនោះរហូតដល់ទឹកអប់ដែលថ្លៃជាងគេ គឺមួយដបដល់ទៅ១លានដុល្លារ ។

ជាទូទៅក្លិនក្រអូបស្រទន់ ដែលគេច្រកចូលនៅក្នុងដបដ៏ប្រណីត វា គឺជាការបង្ហាញពីសិល្បៈ និងនិមិត្តសញ្ញានៃស្ថានភាពតម្លៃរបស់ទឹកអប់ ប៉ុន្តែក្លិនក្រអូបមួយចំនួន គឺលើសពីបទដ្ឋាន ហើយវាទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងការបញ្ចូលគ្នាដ៏គួរឱ្យទាក់ទាញ និងស្លាកតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ។ វា គឺជាសេចក្តីបង្ហាញនៃភាពប្រណីត និងស្ថានភាពផ្តាច់មុខ មិនមែនគ្រាន់តែជាទឹកអប់ដែលអ្នកបាញ់នោះទេ។
នៅក្នុងដែនផ្តាច់មុខនេះ គ្រប់ដបទាំងអស់ មានរឿងរ៉ាវនៃសិល្បៈហត្ថកម្ម និងប្រណិត ដែលផលិតដោយអ្នកផលិតទឹកអប់ល្បីៗ ដោយប្រើគ្រឿងផ្សំល្អបំផុតដែលមានប្រភពមកពីជុំវិញពិភពលោក ។
១. ទឹកអប់ Le Monde Sur Mesure
ជាទឹកអប់ដែលថ្លៃបំផុតក្នុងពិភពលោក បង្កើតឡើងដោយក្រុមហ៊ុនបារាំង Morreale ទីក្រុងប៉ារីស ។ Le Monde Sur Mesure មួយដបទម្ងន់៥គីឡូក្រាម ត្រូវ បានលក់ក្នុងតម្លៃ១.៨ លានដុល្លារទៅឱ្យអ្នកទិញដែលបានរចនាក្លិនក្រអូបផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្រៅពីក្លិន ដបទឹកអប់នេះ ត្រូវបានរចនាឡើង ដោយមាសទម្ងន់ដល់ទៅ២គីឡូក្រាម ជាមួយនឹងពេជ្រចំនួន១០០០គ្រាប់ ។

២.ទឹកអប់ Morreale
នេះជាទឹកអប់មួយប្រភេទទៀត ដែលអ្នកផលិតទឹកអប់ជនជាតិបារាំង Morreale បង្កើតសម្រាប់គ្រួសារអភិជនមួយនៅមជ្ឈិមបូព៌ា ។ ដបនេះ មានតម្លៃដូចគ្នាជាមួយក្លិនក្រអូប ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃចាប់ពី១,៥ ទៅ ៧ លានដុល្លារ ។
៣.ទឹកអប់ Shamukh
នៅក្នុងបញ្ជីនៃទឹកអប់ថ្លៃបំផុតទី៣ របស់ពិភពលោក គឺទឹកអប់ Shumukh ដែលត្រូវបានបង្កើតឡើងនៅប្រទេសអារ៉ាប់រួម ។ ទឹកអប់នេះ មួយដបចំណុះបីលីត្រមានតម្លៃដល់ទៅ១,៣ លានដុល្លារ ។ លក្ខណៈពិសេសនៃទឹកអប់នេះ គឺត្រូវបានច្រកក្នុងដបគ្រីស្តាល់ Murano របស់អ៊ីតាលី តុបតែងដោយរូបភាពសត្វស្លាបមាស សេះអារ៉ាប់ ផ្កាកុលាប និងផែនដី ដើម្បីតំណាងឱ្យវិញ្ញាណបរិសុទ្ធនៃទីក្រុងឌូបៃ ។ រូបភាពទាំងនេះ គឺសុទ្ធ តែដាំដោយមាស ពេជ្រ និងប្រាក់ ។

៤. ទឹកអប់ Dkny Golden Delicious Million Dollar Fragrance Bottle
ទឹកអប់ថ្លៃបំផុតទី៤ លក់បានមួយដប១លានដុល្លារ ។ វាជាផលិតផលដែលចេញពីអ្នករចនាដ៏ល្បីល្បាញ DKNY ដែលបានសហការជាមួយអ្នករចនាគ្រឿងអលង្ការដ៏ល្បីល្បាញ Martin Katz ដើម្បីរចនា និងបង្កើតទឹកអប់ដ៏ស្រទន់ និងថ្លៃបំផុតមិនធ្លាប់មាន ។ ដបនេះ មានត្បូងមានតម្លៃចំនួន២.៩០៩ គ្រាប់ ដែលរួមមានត្បូងកណ្តៀងពណ៌លឿង១៨៣គ្រាប់ ពេជ្រពណ៌ស ២៧០០ គ្រាប់ ត្បូងកណ្តៀងរាងពងក្រពើ៧១៨ការ៉ាត់ មកពីប្រទេសស្រីលង្កា ត្បូងពេជ្រពណ៌ផ្កាឈូកចំនួន១៥គ្រាប់មកពីប្រទេសអូស្ត្រាលី ត្បូងពេជ្រ ចំនួន៤គ្រាប់ ត្បូងទទឹមចំនួន ១.៦ ការ៉ាត់ ពីប្រទេសប្រេស៊ីល ។ និយាយឲ្យចំទៅទឹកអប់នេះមួយដប គឺបានចំណាយពលកម្មដោយដៃអស់រយៈពេល១.៥០០ម៉ោង ។

៥. ទឹកអប់ Clive Christian No. ១ Imperial Majesty Perfume
Clive Christian No.1 Imperial Majesty គឺជាទឹកអប់ដែលមានតម្លៃថ្លៃបំផុតទី៥នៅលើពិភពលោក ហើយមានតម្លៃ១២.៧២១ដុល្លារ ។ ក្លិនក្រអូបនៃទឹកអប់នេះមានក្លិនដ៏គួរឱ្យទាក់ទាញនៃវ៉ានីឡា Tahitian រួមជាមួយ នឹងក្លិននៃផ្កាកូឡាប rosa centafolis ដែលរំឮកដល់ Aphrodite ដែលជាទេពធីតានៃសេចក្ដីស្រឡាញ់ និងភាពស្រស់ស្អាត ៕
ចែករំលែកព័តមាននេះ