រាជធានីភ្នំពេញ ៖ បន្ទាប់ពីចូលបំភ្លឺ នៅអគ្គាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ទទួលស្គាល់ថា បានយកថវិកាក្នុងមួយឃុំ ចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ពិតប្រាកដមែន ។
ការទទួលស្គាល់នេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកា ក្នុងមួយឃុំ ចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់! ។
ទទួលបានគោលការណ៍នេះ ឯកឧត្តមអគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃមក បំភ្លឺ នៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។
បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថា ពិតជាបានដឹកនាំក្រុមការងារ ៧រូប ធ្វើសវនកម្ម នៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយ ធ្វើដំណើររថយន្តផ្ទាល់ខ្លួន ចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបាន ចំនួន ៤ស្រុកប៉ុណ្ណោះ ។
លោកថា ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះ បន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ។
ក្រសួងមហាផ្ទៃ មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជនថា ដើម្បីប្រសិទ្ធភាព នៃការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ «សម្អាតផ្ទះយើង» របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិ ពិតជាមានសារៈសំខាន់ណាស់ ។
ក្នុងន័យនេះ ក្រសួងមហាផ្ទៃ សូមលើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់ នូវព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មានអំពីករណីមិនប្រក្រតី នៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។
ជាមួយគ្នានេះ យើងក៏មានភាពចាំបាច់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយ ដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ ៕
ចែករំលែកព័តមាននេះ