ទីក្រុងដាកា៖ ជីវិតរស់នៅក្នុងជំរំជនភៀសខ្លួនឯប្រទេសបង់ក្លាដែសទំនងជាមិនងាយស្រួលប៉ុន្មានឡើយ។ ហេតុដូច្នេះ គេឃើញថាជនជាតិរ៉ូហ៊ីងហ្កាភាគច្រើនព្យាយាមជម្លៀសខ្លួនចេញពីទីនោះដោយជិះកូនទូកតូចៗផ្ទុកលើសចំណុះដើម្បីបន្តដំណើរទៅកាន់ប្រទេសទីបី។ នៅបង់ក្លាដែសសព្វថ្ងៃនេះមានជនជាតិរ៉ូហ៊ីងហ្ការស់នៅជាងមួយលាននាក់។ ឆ្នាំ២០២៥បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិជាឆ្នាំដែលជនជាតិរ៉ូហ៊ីងយ៉ាស្លាប់ច្រើនបំផុតនៅពេលពួកគេភៀសខ្លួនចេញពីបង់ក្លាដែស។

សូម្បីតែនៅក្នុងឆ្នាំ២០២៦នេះក៏ដោយ ក៏អត្រាមរណភាពនៅតែមានជាហូរហែ។ កាលពីដើមខែមេសានេះ មានហេតុការណ៍លិចទូកដឹកជនជាតិរ៉ូហ៊ីងហ្កាបណ្ដាលឱ្យបាត់ខ្លួនមនុស្សរាប់រយនាក់ មិនដឹងថាពួកគេស្លាប់ប៉ុន្មាន ឬរស់ប៉ុន្មាននោះទេ។ លោកបាបា បាឡុក ជាអ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិថ្លែងថា «កាលពីឆ្នាំ២០២៥ ជនភៀសខ្លួនរ៉ូហ៊ីងហ្កាជិត៩រយនាក់បាត់ខ្លួន ឬស្លាប់នៅសមុទ្រអាន់ដាម៉ាន់ (Andaman) និងឆកសមុទ្របេងហ្កាល់ (Bengal)»។

លោកចាត់ទុកថានោះជាឆ្នាំដែលជនជាតិរ៉ូហ៊ីងហ្កាស្លាប់ច្រើនបំផុត។ លោកបានរំលេចឱ្យឃើញថានៅក្នុងចំណោមជនជាតិរ៉ូហ៊ីងហ្កាជាង៦៥០០នាក់ដែលព្យាយាមភៀសខ្លួនតាមសមុទ្រ ១/៧នៃពួកគេបានបាត់ខ្លួន ឬបានស្លាប់។ នេះជាអត្រាមរណភាពដ៏ខ្ពស់បំផុតបើប្រៀបធៀបនឹងការរត់ភៀសខ្លួនធំៗតាមសមុទ្ររបស់ជនភៀសខ្លួន និងអ្នកចំណាកស្រុកនៅទីកន្លែងដទៃទៀតកាលពីពេលកន្លងមក។ ពួកគេភាគច្រើនរត់ចេញពីជំរំខក់បាហ្សា (Cox’s Bazar) ដែលជាកន្លែងប្រមូលផ្ដុំជនជាតិរ៉ូហ៊ីងហ្កាដែលរត់ចេញពីរដ្ឋរ៉ាក់ខាញ។ ទីនេះជាកន្លែងប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពអារ៉ាខាន់ដែលជាចលនាតស៊ូ។

ជនជាតិរ៉ូហ៊ីងហ្កាតែងតែធ្វើដំណើរផ្សងព្រេងតាមសមុទ្រដោយសុខចិត្តប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតដើម្បីស្វែងរកជីវិតរស់នៅដែលប្រសើរជាងនៅបង់ក្លាដែស។ លោកបូឡុកថ្លែងថាចាប់តាំងពីឆ្នាំ២០១២រហូតមកដល់ពេលនេះ ជនជាតិរ៉ូហ៊ីងហ្កាជិត២សែននាក់បានជិះនៅលើទូកតូចៗប្រជ្រៀតគ្នាឆ្លងកាត់ផ្ទៃសមុទ្រដាច់បាយដាច់ទឹក។ នៅក្នុងចំណោមនោះ ជាង៥ពាន់នាក់បានស្លាប់មុនពេលទៅដល់គោលដៅចុងក្រោយ។ បើគិតឱ្យសព្វៗទៅ សមុទ្រអាន់ដាម៉ាន់ និងឆកសមុទ្របេងហ្កាល់ប្រៀបបានទីលានកប់សពមនុស្សយ៉ាងដូច្នោះដែរ៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ