ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​ព្រែក​អំបិល រីង​គោក ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​គ្មាន​ទឹក​ប្រើប្រាស់

3 អាទិត្យ មុន

ខេត្តកណ្តាល ៖ ស្ទឹង​ព្រែក​អំបិល បាន​និង​កំពុង​តែ​រង​ការ​រីង​គោក​នៅ​កន្លែង​ខ្លះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់ ដាក់​ដំណាំ ដូច​ជា​ដាក់​ស្រូវ ពោត ជាដើម​។​ល​។…

ខេត្តកណ្តាល ៖ ស្ទឹង​ព្រែក​អំបិល បាន​និង​កំពុង​តែ​រង​ការ​រីង​គោក​នៅ​កន្លែង​ខ្លះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់ ដាក់​ដំណាំ ដូច​ជា​ដាក់​ស្រូវ ពោត ជាដើម​។​ល​។ ទាក់ទិន​នឹង​ករណី​នេះ អាជ្ញាធរ​ឃុំ​បាន​លើក​ឡើង​ថា កំពុងធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។

សូម​ជម្រាប​ថា បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ផ្លូវជាតិ​លេខ​២១ មក​ដល់​ចំណុច​ស្ពាន​លេខ​៣១ នោះ​យើង ឃើញ​ស្ទឹង​មួយ​មានឈ្មោះ​ថា “​ស្ទឹង​ព្រែក​អំបិល​” ស្ទឹង​នេះ ជា​ប្រភព​ទឹក​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​ស្ទឹង​ក្នុង​នោះ ពួក​គាត់​បាន​យក​ទឹកស្ទឹង​នេះ ទៅ​ប្រើប្រាស់ ដូច​ជា​ស្រោច​ដំណាំ បន្លែ ចម្ការ ហើយ​វា​ក៏​ជា​ប្រភព​ទឹក សម្រាប់​បញ្ចូល​ស្រែ និង​នេសាទ​ជាដើម​។ លើស​ពី​នេះ ស្ទឹង​នេះ ក៏​ជា​ប្រភព​សំបូរ​ដោយ​មច្ឆា​ជាតិ​ជា​ច្រើន​ផង​ដែរ ដែល​ពេល​ខ្លះ​ពលរដ្ឋ​បាន​នាំ​គ្នា ធ្វើ​នេសាទ​ជា​លក្ខ​ខណៈ​គ្រួសារ បាន​ត្រី ធ្វើ​ម្ហូប​ចិញ្ចឹម​ក្រពះ​ទៀត​ផង ។

ស្ទឹង​ព្រែក​អំបិល ក៏​ជា​ប្រភព​ផ្លូវទឹក​មួយ​សំខាន់ តាំងពី​សម័យ​ដើម​មក​ម្ល៉េះ ក្នុង​នោះ ជា​ផ្លូវទឹក​មួយ​សម្រាប់​ដឹក​ដំណាំ​កសិផល​ផង​ដែរ ព្រោះថា ស្ទឹង​នេះ ជា​ផ្លូវទឹក អាច​ហូរ​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម​ផង​ដែរ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ស្ទឹង​ព្រែក​អំបិល បាន​គោក​ស្ងួត​ដាច់​ទឹក នៅ​តំបន់​ខ្លះ ដែល​ជា​ហេតុ​ធ្វើ​ប្រជាពលរដ្ឋ ខ្លះ​មិន​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ។

ជាក់ស្តែង​នៅ​ឆ្នាំ​២០២៤​នេះ ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ខែ បាន​ធ្វើ​ទឹកស្ទឹង​រីងស្ងួត ពោល​គឺ​នៅ​ត្រង់​ចំណុច​ស្ពាន​ព្រែក​អំបិល (​ស្ពាន​លេខ​៣១) ជា​កន្លែង​ផ្លូវទឹក​ហូរ ពី​ទន្លេ​របា​សាក ក៏​បាន​គោក​ដាច់​តែ​ម្តង​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ស្ទឹង​នេះ បាន​ចាក់​គ្រប់​ដណ្តប់​ដោយ​ដីខ្សាច់ ដែល​ជា​ហេតុ​ធ្វើ​បាត​ស្ទឹង​កាន់​រាក់ ។

ទាក់ទង​នឹង​ការ​គោក​ស្ទឹង​នេះ អាជ្ញាធរ​បាន​ធ្វើការ​យ៉ាង​ដុត​ដៃ ដុត​ជើង ក្នុង​ការ​កាយ​ផ្លូវទឹក ដើម្បី​ឲ្យ​ពលរដ្ឋ បាន​ទឹក​ប្រើប្រាស់​ខ្លះ​ៗ ។

ជាង​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ភូមិ ឃុំ បាន​ស្នើ​ដល់​ថ្នាក់​ស្រុក និង​ខេត្ត ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ករណី​នេះ​ផង ។

ពាក់ព័ន្ធ​ករណី​គោក​ស្ទឹង​ខាងលើ មេឃុំ​ព្រែក​អំបិល លោក ប៉ាំង ផា​ន់​នី បាន​បញ្ជាក់​ថា ៖ “​បញ្ហា​ប្រ​ឈរ​នេះ មាន​ភាព​ធំធេង ហើយ​យើង​ជា​អាជ្ញាធរ ត្រូវ​ប្រ​ញ៉ាប់​ដោះស្រាយ ខ្ញុំ​បាន​យក​សំណើរ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ជា​ស្នាម​មេដាយ​ស្នើ​សុំ​បាន​ដាក់​ទៅ​រដ្ឋបាល​ស្រុក ដើម្បី​សហការ​រួច​ហើយ ក្នុង​ការ​ដោះស្រាយ​” ។

បើ​តាម​លោក​មេឃុំ បាន​ឲ្យ​ដឹង​ថា ខាង​ស្រុក និង​ឃុំ​បាន​ឯកភាព​គ្នា រក​អាជីវករ ដែល​មាន​គ្រឿងចក្រ មក​សង្គ្រោះ​ដោយ​ជីក​កាយ បើកផ្លូវ​ទឹក ពី​កន្លែង ដែល​មានទឹក​ជ្រៅ ឲ្យ​ហូរ​មក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដាក់​ស្រែ​ចម្ការ​គាត់​។

លោក​មេឃុំ បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ការងារ​រយៈពេល​មួ​យស​ប្តា​ហ៍ កន្លង​មកនេះ ឃើញ​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​ហើយ​។ ចំពោះ​ករណី​ទឹកស្ទឹង គោក​នេះ យើង​បាន​ដោះស្រាយ​បាន​មួយ​ជំហាន ដែរ​ហើយ ។

សម្រាប់​ស្ទឹង​ព្រែក​អំបិល ដែល​គោក ដាច់​នៅ​តាម​កន្លែង​នោះ លោក មេឃុំ បាន​អះអាង​ថា ខាង​រដ្ឋបាល​ឃុំ បាន​ធ្វើការ​ជាមួយ​ថ្នាក់​ស្រុក ដាក់​ជា​គម្រោង​ផែនការ​ជូន​ទៅ​ថ្នាក់​ខេត្ត ដើម្បី​សុំ​ស្តារ​ស្ទឹង​ព្រែក​អំបិល​នេះ រួច​ហើយ ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី កន្លង​មកនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចេញ​សេចក្ដីណែនាំ ពី​វិធានការ និង​កិច្ច​អន្តរាគមន៍ លើ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ទឹក​បរិភោគ ដោយសារ​កត្តា​ប្រែប្រួល​ធាតុអាកាស ។

តាម​រយៈ​សេចក្ដី ណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ធ្វើការ​ណែនាំ​ដល់​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ្គនាយក​បច្ចេកទេស ប្រធាន​នាយកដ្ឋាន ផ្គត់ផ្គង់​ទឹក​ជនបទ និង​ប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ​រាជធានី ខេត្ត នូវ​សេចក្តីណែនាំ ស្តី​ពី​វិធានការ​និង​កិច្ច​អន្តរាគមន៍ លើ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ទឹក​បរិភោគ ដោយសារ​កត្តា​ប្រែប្រួល​ធាតុអាកាស ។

ក្នុង​បរិបទ​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ សូម​ធ្វើការ​ណែនាំ​ដល់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​បច្ចេកទេស ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ និង​ប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ត្រូវ​ចាត់​មន្ត្រី​ដើម្បី​ចុះ​ពិនិត្យ​មើល​ស្រះ​ទឹក អណ្តូង និង​មាន​វិធានការ​ចាំបាច់ ព្រមទាំង​ផ្តល់ កិច្ច​អន្តរាគមន៍ បន្ទាន់ ក្នុង​ករណី​អណ្ដូង​ខូច និង​ស្រះ​ទឹក​រីងស្ងួត​។​ល​។ ដើម្បី​ឆ្លើយ​តប ទៅ​នឹង​ការ​ខ្វះខាត ទឹក​ប្រើប្រាស់ និង​ទឹក​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ ត្រូវ​ធ្វើការ​ណែនាំ និង​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​តំបន់ ដែល​ងាយ​រង​គ្រោះ​ដោយសារ​កង្វះខាត​ទឹក ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ថែរក្សា​ប្រភព​ទឹក និង​ការ​ប្រើប្រាស់​ទឹក ដោយ​សន្សំ​សំចៃ​។ ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​បរទេស និង​ក្នុងស្រុក ដើម្បី​ជួយ​មាន​វិធានការ និង​ផ្ដល់​កិច្ច​អន្តរាគមន៍ ភ្លាម​ៗ ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ទឹក​បរិភោគ​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ចុះ​ជួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ដឹកនាំ ត្រួតពិនិត្យ ការ​ផ្គត់ផ្គង់​ទឹក​ជនបទ និង​ចាត់វិធានការ​អន្តរាគមន៍​បន្ទាន់ ក្នុង​ករណី​ប្រជាពលរដ្ឋ នៅ​ជនបទ​ត្រូវការ​។ ត្រូវធ្វើ​របាយការណ៍ និង​រាយការណ៍​ជា​ប្រចាំ​មក​ក្រសួង ដើម្បី​មាន​វិធានការ​បន្ទាន់​៕

អត្ថបទសរសេរ ដោយ