ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ឆ្នើម​បង្កើន​ជីវភាព​គ្រួសារ​ឱ្យ​ធូរ​ធា​ក្រោមគំនិត​ច្នៃ​​ប្រឌិត​

10 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ នៅ​ក្នុងភូមិ​ចម​ពល ឃុំ​ពពេល​ ស្រុក​ត្រាំ​កក់​ ​និង​បណ្តា​ឃុំ​ ស្រុក​មួយ​ចំនួននៃ​ខេត្ត​កំពត​ ដែល​ជាប់​នឹង​ព្រំ​ប្រទល់​ស្រុក​ត្រាំ​កក់​ អ្នក​ណា​ក៏​ដឹង​ថា​ លោក​រស់​ ម៉ៅ​ ជា​កសិករ​ដាំ​បន្លែ​តាម​បែប​ធម្ម​ជាតិ​ និង​ជាកសិករ​គំរូ​មួយ​រូបដែល​ពូកែ​បង្កើត​គំនិត​ច្នៃប្រឌិត​ប្លែក​ៗ​ដែរ ។​ ជោគ​ជ័យ​របស់​លោក​ត្រូវ​បាន​សារ​ព័ត៌​មាន​ក្នុងស្រុក​ និង​ក្រៅស្រុក​ចុះ​ផ្សាយ​ជា​ហូរ​ហែ។​

ខេត្ត​តាកែវ​ ៖ នៅ​ក្នុងភូមិ​ចម​ពល ឃុំ​ពពេល​ ស្រុក​ត្រាំ​កក់​ ​និង​បណ្តា​ឃុំ​ ស្រុក​មួយ​ចំនួននៃ​ខេត្ត​កំពត​ ដែល​ជាប់​នឹង​ព្រំ​ប្រទល់​ស្រុក​ត្រាំ​កក់​ អ្នក​ណា​ក៏​ដឹង​ថា​ លោក​រស់​ ម៉ៅ​ ជា​កសិករ​ដាំ​បន្លែ​តាម​បែប​ធម្ម​ជាតិ​ និង​ជាកសិករ​គំរូ​មួយ​រូបដែល​ពូកែ​បង្កើត​គំនិត​ច្នៃប្រឌិត​ប្លែក​ៗ​ដែរ ។​ ជោគ​ជ័យ​របស់​លោក​ត្រូវ​បាន​សារ​ព័ត៌​មាន​ក្នុងស្រុក​ និង​ក្រៅស្រុក​ចុះ​ផ្សាយ​ជា​ហូរ​ហែ។​

ជួប​ជាមួយ​អ្នក​យក​ព័ត៌​មាន​កោះស​ន្តិ​ភាព​ លោក​រស់ ម៉ៅ​ រៀប​រាប់​ថា​ ដំបូង​ឡើយ​នៅ​ភូមិ​ចម​ពល​​នេះ គ្រួសារ​របស់​លោក​មាន​ជីវភាព​ក្រី​ក្រ​ជាងគេ​ ក្រៅ​ពី​លក់​កម្លាំង​ពល​កម្ម​បន្តិច​បន្តួច​ គឺ​មិន​អាច​ធ្វើ​អ្វី​ផ្សេង​បាន​ឡើយ​ សូម្បីតែ​ការដាំ​បន្លែ​ និងការ​ចិញ្ចឹម​សត្វ​ផ្សេងៗ ក៏​មិន​បាន​ផល​ដែរ ហេតុ​នេះ​លោក​ត្រូវ​រក​ប្រាក់​ដោយ​រត់​ម៉ូតូ​ឌុប​ផង​ ស៊ី​ឈ្នួល​រែក​ដី​ផង​ លក់​នំ​បញ្ចុក​ផង​ ហើយ​នៅតែ​មិន​អាច​ផ្គត់​ផ្គង់​គ្រួសារ​របស់​លោក​បាន​គ្រប់​គ្រាន់​ទៀត ។​

លុះ​នៅ​អំឡុង​ឆ្នាំ​២០០១​ អង្គការ​សេដាក​បាន​ចុះ​មក​ដល់​ភូមិ​ចម​ពល​នេះ​ ហើយ​បាន​ណែនាំ​ និង​បង្រៀន​ពី​វិធី​ដាំ​បន្លែ និង​ការ​ចិញ្ចឹម​សត្វ​ផ្សេងៗ​​ ព្រម​ទាំងពន្យល់​​កសិករ​ឱ្យ​​ធ្វើ​ស្រែ​តាម​វិធី​ប្រើ​ពូជ​ស្រូវ​តិច​ គឺណែនាំ​ឱ្យ​ស្ទូង​ស្រូវ​មួយដើម​ក្នុង​១​ដំណោត​ ហើយ​ឱ្យ​ប្រើ​តែ​ជី​ធម្ម​ជាតិ​ដែល​ផលិត​ពី​លាមក​សត្វ និង​ស្លឹក​ឈើ​បុ៉ណ្ណោះ ។​ ម្យ៉ាង​ទៀត​ ក្រោយ​ពី​កសិករ​ក្នុង​ភូមិ​ដាំបន្លែ​ និង​ចិញ្ចឹម​សត្វ​តាម​ការណែ​នាំ​រួច​ អង្គ​ការ​សេដាក​បាន​ចេញ​ច្បាប់​អភិរក្ស​មួយ​ គឺ​ផាក​ពិន័យ​ទៅ​លើ​សត្វ​ស៊ីដំណាំ​ និង​បានប្រាប់​ទៅ​អ្នក​នៅ​ក្នុង​ភូមិថា ​បើ​សត្វ​ពាហនៈ​​របស់​ពួក​គាត់​ស៊ី​ដំណាំ​ម្តង​ ត្រូវ​​សង​ប្រាក់​បុ៉ន្មាន ?​ ស៊ី​២​ដង​​ត្រូវ​សង​ប្រាក់​បែបណា ?​

ចាប់​តាំងពី​ពេល​នោះ​មក​ គ្រួសារ​​​លោក​បាន​រៀន​បណ្តើរ​ ​អនុវត្ត​ដាំ​​បន្លែ និង​ចិញ្ចឹម​សត្វ​បណ្តើរ​ រហូត​ដល់​លោ​កទទួល​ជោគ​ជ័យ​ គឺ​នៅ​អំឡុងឆ្នាំ​២០០៦​ ហើយ​ពេល​នោះគាត់​ក៏បាន​ចូល​ប្រឡង​ផ្នែក​កសិ​កម្ម​ពី​ការ​ដាំ​ល្ហុង​នៅ​អគ្គ​នាយកដ្ឋាន​កសិកម្ម ទទួល​បាន​ពាន​រង្វាន់​លេខ​១ ផ​ង​ដែរ ។​ លោក​និយាយ​ថា​ «ការទទួល​ជោគ​ជ័យ​ទៅ​បាន​ មិន​មែន​យើង​ធ្វើ​១​ថ្ងៃ​ ឬ​២​ថ្ងៃនោះ​ទេ» ។​

លោក​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ ការដាំ​បន្លែ​ ចិញ្ចឹម​ត្រី​ ដោយ​មិន​ប្រើ​គីមី​នៅ​ក្នុង​បរិ​វេណ​ផ្ទះ​របស់​លោក​ គឺ​មាន​បន្លែ​ជាង​៤០​មុខ​ និង​កន្លែង​ចិញ្ចឹម​ត្រី​៥​កន្លែង​តូចៗ​ រួម​ទាំង​កសិដ្ឋាន​ចិញ្ចឹម​មាន់​នៅខាងលិច​ភូមិ​មួយ​​កន្លែង​ទៀត ។​ លោក​ថា​​ ការ​ដាំបន្លែ​ គឺ​មិន​ត្រូវ​ការ​អ្វី​ធំ​ដុំ​ទេ​ គឺ មាន​តែ​ធុង​ស្នោ​ បាវ​ស៊ីម៉ងត៍​ និង​ដប​ទឹក​ក្រូច​ ក៏​យើង​អាច​ដាំបាន​ដែរ​ ហើយ​ការ​ចំណាយ​ទឹក​ស្រោច​ស្រព​តិច​បំផុត ។​
បន្ទាប់​ពី​មាន​ការផ​្សព្វ​ផ្សាយ​តាមវិទ្យុ​ ឬ​ទូរ​ទស្សន៍​ថា​ បន្លែ​របស់​លោក​មិន​ប្រើ​គីមី​ ធ្វើ​ឱ្យ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​តំបន់​នេះ​ តែង​តែ​ចូល​មក​ទិញ​យក​ទៅ​បរិភោគ​គ្រប់ៗគ្នា​ រហូត​មាន​អ្នក​ខ្លះ​ទិញ​ទុក​ហូប​ពេញ​មួយ​សប្តាហ៍​ និង​មាន​អ្នក​ខ្លះ​បាន​ឱ្យ​លោក​ផ្ញើ​បន្លែ​តាម​រថយន្ត​ឈ្នួល​ថែម​​ទៀត​ផង​ ។ ​ក្រៅ​ពីនេះ​ មាន​អង្គការ​មួយ​ចំនួន​ចុះ​មក​ទស្សន​កិច្ច​ស្វែង​យល់​ពី​ការ​ដាំ​ដំណាំ​របស់​លោក​ ជាពិសេស​ពេល​ថ្មីៗ​នេះ​មាន​អង្គការ​មួយ​បាន​ដឹក​នាំ​សមា​ជិក​មក​ទស្សន​កិច្ច​ចំនួន​៤០​នាក់​ ក្នុង​គោល​បំណង​ចង់​ស្វែង​យល់​ពី​វិធី​សាស្ត្រ​ក្នុងការ​ដាំបន្លែ​របស់​លោក​ផង​ដែរ ។​

ឥឡូវ​នេះ​ ជា​រៀង​រាល់​ព្រឹក​គ្រួសារ​លោក​តែងតែ​កាត់​បន្លែទាំង​នេះ​យក​ទៅ​លក់​នៅ​ផ្សារ​ដោយ​លក់​ថ្លៃ​ជាង​បន្លែដែល​ប្រើ​ជី​គីមី​បន្តិច​បន្តួច​ គឺ​ក្នុង​មួយ​គីឡូ​ក្រាម​លើស​៥០០​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូលជា​មធ្យមបាន​២០.០០០​រៀល​ ធ្វើ​ឱ្យ​គ្រួសារ​លោក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​អាច​ឱ្យ​កូន​បន្ត​ការសិក្សា​នៅ​សាកល​វិទ្យា​ល័យ​បាន ។​

ដោយ​ឡែក​ ទាក់​ទិន​នឹង​ការ​​ធ្វើ​ជី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ លោក​និយាយថា​ ពេល​នេះ​លោក​មិន​បាច់​ចំណាយ​ប្រាក់​ទិញ​ពីក្រៅ​​មក​ទេ​ គឺ ផលិត​ដោយ​ខ្លួន​ឯង​ ហើយ​លោកបាន​កំណត់​ខ្លួន​ឯង​ថា​ ក្នុង​មួយ​ឆ្នាំ​ត្រូវ​បង្កើត​គំនិត​ ឬ​ច្នៃ​ប្រឌិត​អ្វី​មួយ​ដែល​ប្លែក​ គឺ​មិន​ត្រូវ​ដាំ​ដុះ​តាមវិធី​ដដែលៗ​នោះ​ទេ ។​ ជាក់​ស្តែង​​នៅ​ក្នុង​ឆ្នាំ​២០១៤​ នេះ​ លោក​រក​ឃើញ​គំនិត​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​ថា​ «ការ​ចិញ្ចឹម​មាន់​លើ​អាកាស»​ មាន​ន័យ​ថា​​ លោក​ចិញ្ចឹម​មាន់​ដោយដាក់​ទ្រុង​លើ​រង​បន្លែ​ គឺ ផ្តល់​ផល​ប្រយោជន៍​នៅ​ពេល​លាមក​សត្វ​មាន់​ធ្លាក់​ចូល​ទៅ​ក្នុងគុម្ព​បន្លែ ហើយ​នៅ​ឆ្នាំក្រោយ​​ លោក​គ្រោង​នឹង​ចិញ្ចឹមសត្វ​កន្ធាយ​ ដើម្បី​ទុក​ជា​ការ​​អភិវឌ្ឍ​ខ្លួន ។​

លោក​បន្ត​ថា សព្វ​ថ្ងៃ​នេះ​នៅ​ភូមិ​ចម​ពល មាន​ប្រជា​ជន​ចំនួន​២៦០​គ្រួសារ​ ក្នុង​នោះ​ប្រជា​កសិករ​ជាង​១០០​គ្រួសារ​អនុវត្ត​ផ្នែក​កសិកម្ម​តាម​អង្គការសេដាក​ ដោយដាំ​ដុះ​គ្រប់​ដំណាំ​ទាំងអស់​មិន​ប្រើ​ជី​គីមីទេ ។​ ដោយ​ឡែកចំពោះ​ការ​ធ្វើស្រែ​ បន្ទាប់​ពី​លោក​អនុវត្ត​តាម​អង្គការ​សេដាក​ឃើញ​ថា​ ការចំណាយ​ ក៏​ដូចជា​រក្សា​ទុក​ពូជ​ស្រូវ​ គឺ​មានចំនួន​តិច​សម្រាប់​ដីស្រែ​១​ហិក​តា តែ​ទិន្ន​ន័យ​កើន​ឡើង​ជាបន្ត​បន្ទាប់​ចាប់​ពី​១​តោន​រហូត​ដល់​៧,៥​តោន បើ​ធៀប​ទៅ​នឹង​ការធ្វើ​ស្រែ​ពី​មុនៗក្នុង​ទំហំដី​ដូចគ្នា​ ​​លោក​ទទួល​បាន​ផល​ត្រឹម​តែ​១​តោន​បុ៉ណ្ណោះ ។​ ​ក្រោយ​ពីមាន​​បទ​ពិសោធន៍​ក្នុងការ​ធ្វើ​ស្រែ​តាមបែប​ ប.វ.ស របស់​អង្គការ​សេដាក​ រហូត​មក​ដល់​ពេល​នេះ​ លោក​ក៏​មាន​ពូជ​ស្រូវ​មួយ​ចំនួន​ទុក​ជូន​ប្រជា​កសិករ​ផងដែរ​ ដោយ​លក់​ក្នុង​តម្លៃ​៤.០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ គឺ​ថ្លៃ​ជាង​ពូជ​ស្រូវ​ធម្ម​តា​ ៕​