ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលក្នុងពិធីសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាក «ជីវ តាខ្វាន់» ក្នុងឱកាសអបអរសាទរគម្រប់ខួប២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមានការអញ្ជើញចូលរួមពីសំណាក់លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តសៀមរាបបានប្រកាសនាថ្ងៃទី១៧ ខែតុលានេះ ។

តំណាងឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងក្រុមហ៊ុនវិនិយោគខេត្តយូណាន ព្រមទាំងលោក លោកស្រី តំណាងអង្គភាព ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធនានា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។

រូបសំណាកដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ព្រះរាជគ្រូទិវាករបណ្ឌិត ដែលជាអ្នកផ្ដើមគំនិត ក្នុងការសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងរូបសំណាកលោក ជីវ តាក្វាន់ បេសកទូតចិនដ៏ល្បីល្បាញ ត្រូវបានដាក់សម្ពោធតាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអបអរសាទរខួប ២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការនៃអាកាសយានដ្ឋាននេះ និងជាការរំលឹកដល់ទំនាក់ទំនងវប្បធម៌ និងការទូតកម្ពុជា-ចិន អស់រយៈពេលជាង២០០០ឆ្នាំ ។

គួរឱ្យដឹងថា ព្រះរាជគ្រូទិវាករបណ្ឌិត ជាតួអង្គដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនាសម័យអង្គរ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងបានបម្រើព្រះមហាក្សត្ររហូតដល់៥ព្រះអង្គ រួមទាំងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ផងដែរ ។ នៅដើមសតវត្សទី១២ «ព្រះរាជគ្រូទិវាករបណ្ឌិត» បានផ្ដួចផ្ដើមគំនិត ក្នុងការសាងសង់ប្រាសាទអង្គរវត្ត។

ដោយឡែក លោក ជីវ តាក្វាន់ ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅកម្ពុជានាចុងសម័យអង្គរ (ពីឆ្នាំ១២៩៦-១២៩៧) ។ លោកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសរសេររៀបរាប់លម្អិតអំពីកំណត់ត្រា «ប្រពៃណីនៃអ្នកស្រុកចេនឡា» ជាឯកសារដ៏សំខាន់ក្នុងការសិក្សាអំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ។
ការកំណត់ចម្លាក់ និងព័ត៌មានលម្អិតអំពី «ព្រះរាជគ្រូទិវាករបណ្ឌិត» ត្រូវបានដកស្រង់ និងសម្រួលចេញពីសៀវភៅ «កវីបណ្ឌិតសម័យអង្គរ ៖ ប្រវត្តិ និងស្នាដៃ» ដែលនឹងធ្វើការបោះពុម្ពផ្សាយនាពេលឆាប់ៗខាងមុខ ជាលទ្ធផលនៃការស្រាវជ្រាវរបស់មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕
ចែករំលែកព័តមាននេះ