មេរៀនពីសង្គ្រាម ! អ៊ុយក្រែនមកសិក្សាផ្ទាល់ពីកម្ពុជាអំពីកិច្ចប្រតិបត្តិការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាពខ្ពស់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក Reva Serhii ប្រធានក្រុមគណៈប្រតិភូ «អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)» នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។

ជាក់ស្តែងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះថា ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ខ្ញុំបានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយលោក Reva Serhii ប្រធានក្រុមគណប្រតិភូ «អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)» ដើម្បីសិក្សាស្វែងយល់បន្ថែមពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសអំពីបទពិសោធន៍ប្រកបដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ ទាំងការទទួលស្គាល់ជាសកលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពCMAC ។

លោក ហេង រតនា បានបញ្ជាក់ថា ក្នុងជំនួបនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកHIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជា ។

ក្នុងឱកាសនេះ ខ្ញុំបានជម្រាបជូនគណៈប្រតិភូអ៊ុយក្រែន (SESU) អំពីវឌ្ឍនភាពការងារបោសសម្អាតមីន និងការអភិវឌ្ឍសមត្ថភាពបច្ចេកទេសរបស់អង្គភាពCMAC ។ ខ្ញុំក៏បានជម្រាបជូនបន្ថែមថា សិន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់មនុស្សជាតិ និងការអភិវឌ្ឍប្រទេស នឹងអ្វីៗដែលកម្ពុជាសម្រេចបានមកថ្ងៃនេះ និងបន្តរីកលូតលាស់រុងរឿងទៅអនាគត ។

គណៈប្រតិភូប្រទេសអ៊ុយក្រែន (SESU) ក៏បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរតេជោសន្តិភាព ពិនិត្យមើលការហ្វឹកហ្វឺនរបស់មន្ត្រី SESU លើការថែទាំ និងការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន ប្រភេទNikken នៅទីតាំងហ្វឹកហ្វឺនពពេល ខេត្តសៀមរាប និងទស្សនកិច្ចចម្ការមីននៅខេត្តបាត់ដំបង និងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនផងដែរ ៕











ចែករំលែកព័តមាននេះ