ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីឆ្នាំក្រោយទៅ រោងចក្រទាំងអស់ត្រូវបំពាក់ឧបករណ៍​តាមដានគុណភាព​ខ្យល់

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុង​ឱកាស​អញ្ជើញ​ជា​អ​ធិបតី​បិទ​យុទ្ធនាការ​ប្រចាំឆ្នាំ​ផ្ទៃមេឃ​ពណ៌​ខៀវ និងការ​បញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​ឆ្នាំ​២០៥០ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុង​ឱកាស​អញ្ជើញ​ជា​អ​ធិបតី​បិទ​យុទ្ធនាការ​ប្រចាំឆ្នាំ​ផ្ទៃមេឃ​ពណ៌​ខៀវ និងការ​បញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​ឆ្នាំ​២០៥០ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥​ កន្លង​ទៅ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០២៦ រោងចក្រ​ទាំងអស់​ត្រូវ​តែបំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ​តាមដាន​គុណភាព​ខ្យល់ ។

ក្រសួងបរិស្ថាន​នឹង​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​ច្បាប់ ប្រសិន​បើ​ក្រុមហ៊ុន​ណា​ល្មើស​គុណភាព​ខ្យល់ ឬ​ធ្វើ​ឱ្យ​ខ្យល់​របស់​យើង​មិន​ស្អាត ។ ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​មូលហេតុ​ចម្បង​ៗ​នៃ​វិស័យ​ចំនួន​៦ រួម​មានវិស័យ​ថាមពល វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម វិស័យ​ព្រៃឈើ វិស័យ​គីមី និង​វិស័យ​សំរាម ដែល​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ និង​មានការ​កើនឡើង​កម្តៅ​ផែនដី ។

ឯកឧត្តម​បាន​ថ្លែង​បន្ថែម​ថា កម្ពុជា​បាន​ចូលរួម​ឆ្លើយ​តប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ស្រប​​តាម​គោល​នយោ​បាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ាណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាបាន​ចង្អុលបង្ហាញ​ដល់​ក្រសួងបរិស្ថានឲ្យ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថានឆ្នាំ​២០២៣-២០២៨ ដែល​មាន​សសរស្តម្ភ​ចំនួន​៣ គឺ​ភាពស្អាត ភាព​បៃតង និង​ចីរភាព ។

ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន បាន​គ្របដណ្តប់​លើ​វិស័យ​ចំនួន​៥​ខាងលើ ដែល​​បង្ក​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់ លើកលែងតែ​វិស័យ​ព្រៃឈើ ។ឯកឧត្តម​រដ្ឋមន្ត្រី អ៊ា​ង សុ​ផល្លែ​ត បាន​សង្កត់ធ្ងន់​ថា ក្រសួងបរិស្ថាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​លើ​វិស័យ​ទាំង​អស់នេះ ដើម្បី​កម្ពុជា​ឈាន​ឆ្ពោះទៅ​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ ។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​កំពុង​រៀបចំ​កោះ​ស្រឡៅ នៅ​ក្នុង​ខេត្ត​ត​កោះកុង ជា​កោះ​អព្យាក្រឹត​កាបូន ។ ក្រសួងបរិស្ថាន នឹង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ប្រើប្រាស់​អំ​ពូ​ល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​រៀបចំ​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ការ​រៀប​ចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន​គ្រប់គ្រង​សំរាម សំណល់​ប្លា​ស្ទិ​ក និង​ជំរុញ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ដាំ​ស្តារ​ព្រៃកោងកាង​ជា​ពិសេស ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ក្នុង​យុទ្ធនាការ​របស់​ក្រសួងបរិស្ថាន ដែល​បាន​អនុវត្ត​កន្លង​មកនិង​រួម​គ្នា​«​យក​ជំហាន​ឆ្លាត​វៃ​រួបរួម​គ្នា​»(take smart, united steps) ឆ្ពោះទៅ​រកខ្យល់​ស្អាតនិង​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ