ខេត្តបាត់ដំបង ៖ ចាត់ទុកជារឿង«ស៊យ»បំផុត ដែលអ្នកបើកគោយន្តកន្ត្រៃ និងអ្នកជិះម៉ូតូកំពុងធ្វើដំណើរសុខៗ ពេលមកដល់ខាងមុខមណ្ឌលសុខភាព ស្រាប់តែត្រូវដើមឈើរលំសង្កត់លើបណ្ដាលឲ្យរបួសអ្នកបើកបរទាំង០២នាក់ កាលពីវេលាម៉ោង៤ និង៤០នាទី រសៀលថ្ងៃទី១៦ ខែតុលា នៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខណ:មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ។

ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះទេ ភ្លាមៗនោះ តែសមត្ថកិច្ចបានរាយការណ៏ថា មានម្នាក់ជាអ្នកបើកគោយន្តកន្ត្រៃ និងម្នាក់ទៀតជិះម៉ូតូ ។ អ្នកបើកបរទាំង០២នាក់រងរបួសស្រាល។

សមត្ថកិច្ចបាននិយាយថា អ្នកបើកគោយន្ត និងអ្នកជិះម៉ូតូ ហាក់ដូចជួបស៊យត្រឹមមួយប៉ព្រិចភ្នែក ខណ:អ្នកដំណើរជាច្រើនបានធ្វើដំណើរឆ្លងកាត់ទៅមកលើផ្លូវនោះ ពេលមេឃកំពុងភ្លៀង ។ លុះជនរងគ្រោះធ្វើដំណើរមកដល់ ដើមស្ដៅដ៏ធំនោះ ក៏ដួលរលំសង្កត់លើទាំងអ្នកបើកគោយន្ត ទាំងអ្នកជិះម៉ូតូតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ដែរថា គ្រោះថ្នាក់ដែលបង្កឡើងដោយបាតុភូតធម្មជាតិដោយចៃដន្យខាងលើនេះ បានកើតឡើងនៅខាងមុខមណ្ឌលសុខភាព ឃុំបួរ តែម្ដង លុះកើតហេតុរហូតមានរបួសស្នាមលើកគ្រាហ៍ជនរងគ្រោះចូលមណ្ឌលសុខភាពល្មម ៕
ចែករំលែកព័តមាននេះ