រាជធានីភ្នំពេញ ៖ យោធភូមិភាគទី៥បានបដិសេធថា ការផ្សាយព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ ។ សកម្មភាពនៃការឈូសឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។ ដូច្នេះ សូមសាធារណជនទាំងអស់កុំមានការយល់ច្រឡំ និងសូមកុំបន្តចែករំលែក»។
យោធភូមិភាគទី៥ សូមគូសបញ្ជាក់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការអះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរ នៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។
យោធភូមិភាគទី៥នៃកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ថា កម្ពុជា និងថៃមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ទាំងមូលដ្ឋានច្បាប់យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន៧៤បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញ នៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ (MoU2000)។
សារជាថ្មីម្តងទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ពី ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ៕
ចែករំលែកព័តមាននេះ