ទីក្រុងហាណូយ ៖ អាជ្ញាធររបស់ប្រទេសវៀតណាម បានរកឃើញប្រតិបត្តិការផលិតប្រេងឆាក្លែងក្លាយដ៏ធំមួយ ដែលជាផលិតផលក្លែងក្លាយរបស់ក្រុមហ៊ុន GF Vietnam Food Co., Ltd ទាំងនោះ ត្រូវបានចែកចាយទូទាំងប្រទេស។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Vietnam Express បានចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
អាជ្ញាធរសុវត្ថិភាពចំណីអាហារប្រទេសវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានចេញការព្រមានថ្នាក់ជាតិ បន្ទាប់ពីប៉ូលិសខេត្ត ហឹង អៀន (Hung Yen) បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុនមួយនេះ។ ក្រុមអ្នកស៊ើបអង្កេតបានអះអាងថា ប្រេងឆាដែលផលិតនៅរោងចក្ររបស់ក្រុមហ៊ុន GF Vietnam នៅទីក្រុងហឹង អៀន មិនបានបំពេញតាមស្តង់ដារសុវត្ថិភាព ហើយត្រូវបានបញ្ជាក់ថាជាផលិតផលក្លែងក្លាយ តាមរយៈការធ្វើតេស្តពីមន្ត្រីជំនាញ។
ប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុននេះ ត្រូវបានរាយការណ៍ថាបានចែកចាយទៅដល់ខេត្ត និងទីក្រុងនានានៅទូទាំងប្រទេសវៀតណាម មុនពេលការរកឃើញ ក្រោមឈ្មោះម៉ាកជាច្រើនរួមមាន Chica, Tamin Gold, Goldmax, Tot និង Megafood ។ ពេលនេះអាជ្ញាធរបានអំពាវនាវដល់ប្រជាជនកុំទិញ ឬប្រើប្រាស់ផលិតផលមានម៉ាកដូចបានរៀបរាប់ទាំងនោះ ហើយត្រូវរាយការណ៍រាល់ទំនិញដែលសង្ស័យដល់មន្ត្រីមូលដ្ឋាន។
ទន្ទឹមជាមួយគ្នានោះ មន្ត្រីក៏បានបញ្ជាឱ្យត្រួតពិនិត្យកាន់តែតឹងរ៉ឹង ដើម្បីតាមដានស្តុកក្លែងក្លាយដែលនៅសេសសល់ និងទប់ស្កាត់មិនឱ្យផលិតផលទាំងនោះទៅដល់ដៃអ្នកប្រើប្រាស់។
នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ូលិសវៀតណាមបានរកឃើញករណីក្លែងបន្លំអាហារទ្រង់ទ្រាយធំជាច្រើន រួមទាំងការរឹបអូសប្រេងឆាក្លែងក្លាយចំនួន ៧១ ០០០លីត្រ ព្រមទាំងប៊ីចេង (MSG) ក្លែងក្លាយចំនួន ៤០ តោន នៅក្នុងខេត្ត ហ្វ៊ូ ថោះ Phu Tho កាលពីខែមេសាកន្លងទៅ៕
ចែករំលែកព័តមាននេះ