ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ និង​ពូទីនត្រៀម​ជួប​គ្នា​កម្រិត​កំពូល​ជា​ថ្មី​នៅ​ហុង​គ្រី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន

22 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ និង​លោក​ពូទីន​​​ឯក​ភាព​គ្នា​ថា​នឹង​ជួប​គ្នា​ជា​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ លើក​នេះ​ជួប​គ្នា​នៅ​ប្រទេស​ហុង​គ្រី​។ នេះ​ជា​ព្រឹត្តិ​ការណ៍​វិវត្ត​ដ៏​សំខាន់​មួយ​ចំ​ពេល​ដែល​ទី​ក្រុង​ម៉ូស្គូ​កំពុង​ខ្វាយ​ខ្វល់​អំពី​គម្រោង​ផ្ដល់​ជំនួយ​យោធា​ថ្មី​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ លោក​ទាំង​២​អាច​នឹង​ជួប​គ្នា​រយៈ​ពេល​២​សប្ដាហ៍​ខាង​មុខ​នេះ​នៅ​ទី​ក្រុង​ប៊ូដាប៉ែស (Budabpest) ប្រទេស​ហុង​គ្រី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ត្រាំ​ក្រោយ​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​រយៈ​ពេល​ជាង​២​ម៉ោង​។ លោក​ត្រាំ​ចាត់​ទុក​ការ​សន្ទនា​គ្នា​នោះ​ប្រកប​ដោយ​សាច់​ការ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ និង​លោក​ពូទីន​​​ឯក​ភាព​គ្នា​ថា​នឹង​ជួប​គ្នា​ជា​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ លើក​នេះ​ជួប​គ្នា​នៅ​ប្រទេស​ហុង​គ្រី​។ នេះ​ជា​ព្រឹត្តិ​ការណ៍​វិវត្ត​ដ៏​សំខាន់​មួយ​ចំ​ពេល​ដែល​ទី​ក្រុង​ម៉ូស្គូ​កំពុង​ខ្វាយ​ខ្វល់​អំពី​គម្រោង​ផ្ដល់​ជំនួយ​យោធា​ថ្មី​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ លោក​ទាំង​២​អាច​នឹង​ជួប​គ្នា​រយៈ​ពេល​២​សប្ដាហ៍​ខាង​មុខ​នេះ​នៅ​ទី​ក្រុង​ប៊ូដាប៉ែស (Budabpest) ប្រទេស​ហុង​គ្រី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ត្រាំ​ក្រោយ​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​រយៈ​ពេល​ជាង​២​ម៉ោង​។

លោក​ត្រាំ​ចាត់​ទុក​ការ​សន្ទនា​គ្នា​នោះ​ប្រកប​ដោយ​សាច់​ការ​។ វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា​ពិត​ជា​មាន​គម្រោង​ជួប​គ្នា​មែន​។ ប៉ុន្តែ​ភាគី​ទាំង​២​មិនទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់​​​នៅ​ឡើយ​ទេ​។ គម្រោង​នេះ​កើត​ឡើង​ចំ​ពេល​លោក​ហ្សេឡិន​ស្គី​កំពុង​ស្ថិត​នៅ​​​វ៉ាស៊ីនតោន​​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​អាមេរិក​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត។ ​ជា​ពិសេស​ អ៊ុយ​ក្រែន​ចង់​បាន​មីស៊ីល​ថូម៉ាក​ហក (Tomahawk)​។

គម្រោង​ផ្ដល់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែន​គ្មាន​ភាព​ប្រាកដ​ប្រជា​
​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ សេត​វិមាន​ហាក់​ដូច​ជា​ចង់​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ ហើយ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ខឹង​សម្បារ​ចំពោះ​លោក​ពូទីន​ពិត​មែន​ហើយ​​។ ក៏​ប៉ុន្តែ​បន្ទាប់​ពី​សន្ទនា​គ្នា​ជា​មួយ​លោក​ពូទីន​ លោក​ត្រាំ​ហាក់​ដូច​ជា​កែ​ប្រែ​ជំហរ​ជា​ថ្មី​ និង​ប្រើ​សម្ដី​បែប​ទន់​ភ្លន់​ដាក់​រុស្ស៊ី​វិញ​ម្ដង​។ ហេតុ​នេះ​ហើយ​ធ្វើ​ឱ្យ​គេ​មាន​ចម្ងល់​ថា​តើ​អាមេរិក​អាច​នឹង​ផ្ដល់​ជំនួយ​សម្រាប់​អ៊ុយ​​ក្រែន​ឱ្យ​បាន​ពេញ​ទំហឹង​ដែរ​ឬ​ទេ​​។

ពូទីនប្រាប់​​ត្រាំ​ថា​គួរ​កុំ​ផ្ដល់​មីស៊ីល​ថូម៉ាហក​ទៅ​ឱ្យ​អ៊ុយ​ក្រែន
នៅ​ក្នុង​ការ​សន្ទនា​គ្នា​កាល​ពី​យប់​មិញ​នោះ លោក​ពូទីន​ប្រាប់​លោក​ត្រាំ​ថា​បើ​សិន​អាមេរិក​ផ្ដល់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​នឹង​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រក​សន្តិ​ភាព​ ហើយ​នឹង​ប៉ះ​ពាល់​ទំនាក់​ទំនង​ម៉ូស្គូ និង​វ៉ាស៊ីន​តោន​ជា​មិន​ខាន​។ នេះ​បើ​យោង​តាម​លោក​យូរី អ៊ូសាកូស (Yuri Ushakov) ជា​ជំនួយ​ការ​របស់​លោក​ពូទីន​។ ក្រោយ​មក​ លោក​ត្រាំ​ក៏​បាន​និយាយ​អំពី​រឿង​នេះ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ផង​ដែរ​។ លោក​និយាយ​បែប​លេង​សើច​ថា​ «តើ​អ្នក​គិត​ថា​គាត់​នឹង​និយាយ​អ្វី? តើ​គាត់​​និយាយ​ថា​សូម​លោក​លក់​មីស៊ីល​ថូម៉ាហក​ឱ្យ​អ៊ុយ​ក្រែន​ចុះ​មែន​ទេ​? អត់​ទេ​ គាត់​មិន​ចង់ឃើញ​មីស៊ីល​ថូម៉ាហក​ធ្លាក់​ទៅ​ក្នុង​ដៃ​អ៊ុយ​ក្រែន​ទេ​»។ ​

លោក​ត្រាំ​ចាត់​ទុក​ថា​មីស៊ីល​​នេះ​ជា​អាវុធ​ដ៏​សាហាវ​ណា​ស់​ កុំ​លេង​​ជា​មួយ​វា​ឱ្យ​សោះ​។​ ​លោក​ហ្សេឡិនស្គី​ដែល​កំពុងស្ថិត​នៅ​វ៉ាស៊ីន​តោន​បាន​ឆ្លៀត​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​។ លោក​សរ​សេរ​រៀប​រាប់​ថា​លោក​​ពូទីនចាប់​ផ្ដើម​ស្ទុះ​ស្ទារ​រក​ការ​ចរ​ចា​គ្នា​ហើយ​។ នេះ​ជា​ការ​បង្ហាញ​ថា​គាត់​ស្ថិត​នៅ​ក្នុង​ជំហរ​ត្រៀម​ទប់​ទល់​។ នៅ​ពេល​​និយាយ​អំពី​​មីស៊ីល​ថូម៉ាហក រុស្ស៊ី​ប្រញាប់​ស្ទុះ​ស្ទារ​រក​ការ​សន្ទនា​គ្នា​យ៉ាង​លឿន​។ ​

គួរ​កត់​សម្គាល់​ថា​​​កា​រសម្រេច​ជ្រើស​រើស​យក​ប្រទេស​ហុង​គ្រីធ្វើ​ជា​កន្លែង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​នោះ​​ជា​ព្រឹត្តិ​ការណ៍​ដ៏​គួរ​​ឱ្យ​ចាប់​អារម្មណ៍​។ លោក​ពូទីន​សព្វ​ថ្ងៃ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​និវេទន៍​ក្រហម​របស់​តុលាការ​ព្រហ្ម​ទណ្ឌអន្តរ​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​។ ហេតុ​នេះ​ ការ​ធ្វើ​ដំណើរ​របស់​លោក​មាន​ដែន​កំណត់​​។ លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​​តែ​ប៉ុណ្ណោះ​។​​

នាយក​រដ្ឋ​មន្ត្រី​ហុង​គ្រី លោក​អ័រ​បេន (Orban) បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀប​ចំ​គម្រោង​ជួប​គ្នា​កម្រិត​កំពូល​។ លោក​អ័របេន​ចាត់​ទុក​ថា​នេះ​ជា​ដំណឹង​ដ៏​ធំ​មួយ​សម្រាប់​អ្នក​​​ស្រឡាញ់​សន្តិ​ភាព​នៅ​ទូទាំង​​សា​កល​​។ យើង​ត្រៀម​ខ្លួន​រួច​ហើយ​។ លោក​អ័របេន​ថ្លែង​ថា​លោក​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ត្រាំ​។ ប្រទេស​របស់​លោក​ចាប់​ផ្ដើម​រៀប​ចំ​ជា​បណ្ដើរ​ៗ​ហើយ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ