ខេត្តកំពង់ស្ពឺ ៖ ព្រោះតែរឿងប្រចណ្ឌធ្វើឱ្យបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពទាញកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់នៅក្នុងភូមិជាមួយដោយចោទថា មានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ខ្លួន ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ អ៊ុ នី អាយុ៤២ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យដៃដល់ឈ្មោះ ស៊ឺម វី ហៅខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាខាងលើ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉័ងតោចាំនៅមុខបន្ទប់ទឹក ហើយកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសត្រូវក្បាលចំនួន០៥កាំបិត ចំ.កចំនួន០២កាំបិត និងដៃជើងចំនួន០៣កាំបិតថែមទៀត រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យតេជោសន្តិភាព (រាជធានីភ្នំពេញ) ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថា ជនសង្ស័យបាននិយាយថា មូលហេតុដែលរូបគេយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះខាងលើ គឺដោយសារតែរឿងប្រចណ្ឌជនរងគ្រោះជាមួយប្រពន្ធរបស់ខ្លួន។ (ជនសង្ស័យខាងលើជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ)។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសីនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ