រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនថ្នាក់ដឹកនាំគ្រប់គ្រងជាន់ខ្ពស់របស់សណ្ឋាគារ Raffle Le Royal ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប និងសហការីចូលជួបសម្តែងការគួរសម គោរពរាយការណ៍អំពីសកម្មភាពអាជីវកម្ម ព្រមទាំងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច ក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦ ខាងមុខនេះ នាទីស្តីការក្រសួង ។ នេះបើយោងតាមផេកក្រសួងទេសចរណ៍បានប្រកាសនាថ្ងៃទី១៦ ខែតុលានេះ ។
ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសណ្ឋាគារ Raffle Le Royal ថ្នាក់ដឹកនាំ បុគ្គលិករបស់សណ្ឋាគារទាំងអស់ដែលបានចូលរួមចំណែកដ៏សំខាន់ និងសកម្មក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេស គឺការបដិសណ្ឋារកិច្ច សេវាស្នាក់នៅ ម្ហូបអាហារដែលបាននាំភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទីនៃពិភពលោក ទទួលបាននូវបទពិសោធដ៏កក់ក្តៅ និងមិនអាចបំភ្លេចបានពីដំណើរទេសចរណ៍នៅប្រទេសកម្ពុជា ជាពិសេសគឺស្នាមញញឹមកម្ពុជា។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនដល់ប្រតិភូសណ្ឋាគារអំពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ជាពិសេសគឺកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលជាកិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេសជាច្រើន អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកចូលរួមជាច្រើនពាន់នាក់ពីគ្រប់ទិសទីនៃពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំដល់ប្រតិភូសណ្ឋាគារ ត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie Summit) ខាងមុខ ដែលជាការលើកមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និយាយជារួម និងនិយាយដោយឡែកគឺសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច សេវាស្នាក់នៅ និងម្ហូបអាហាររបស់កម្ពុជាដល់ពិភពលោកទាំងមូល។
ចែករំលែកព័តមាននេះ