កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ និងសំខាន់ៗ នៅឆ្នាំ២០២៦ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍

រាជធានីភ្នំពេញ៖ កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ និងសំខាន់ៗ នៅឆ្នាំ២០២៦ ជាពិសេសកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍។

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនថ្នាក់ដឹកនាំគ្រប់គ្រងជាន់ខ្ពស់របស់សណ្ឋាគារប្រណិតមួយមក
ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម គោរពរាយការណ៍អំពីសកម្មភាពអាជីវកម្ម ព្រមទាំងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦ ខាងមុខនេះ នាទីស្តីការក្រសួង។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី ​បានលើកឡើងអំពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ជាពិសេសគឺកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលជាកិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេសជាច្រើន អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកចូលរួមជាច្រើនពាន់នាក់ពីគ្រប់ទិសទីនៃពិភពលោក។​

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ណែនាំដល់ប្រតិភូសណ្ឋាគារ ត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie Summit) ខាងមុខ ដែលជាការលើកមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និយាយជារួម និងនិយាយដោយឡែកគឺសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច សេវាស្នាក់នៅ និងម្ហូបអាហាររបស់កម្ពុជាដល់ពិភពលោកទាំងមូល៕