ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ព្រ.មា.ន​ចាត់​វិធាន​ការ​ក្ដៅ​លើ​ហាម៉ាស់​បើ​ពួក​គេ​បន្ត​ស.ម្លា.ប់​មនុស្ស​នៅ​ហ្កា​ហ្សា

9 នាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ព្រមាន​​​ក្រុម​ហាម៉ាស់​កាល​ពី​យប់​មិញ​​ថា​​បើ​សិន​ពួក​គេ​នៅ​តែ​បន្ត​កាប់​សម្លាប់​ក្រុម​ដែល​ប្រឆាំង​នឹង​ខ្លួន​ត​ទៅ​ទៀត​ លោក​​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចូល​ធ្វើ​អន្តរាគមន៍​ ហើយ​សម្លាប់​ក្រុម​ហាម៉ាស់​វិញ​ទេ​។​ ការ​ព្រមាន​នេះ​បន្ទាប់​ពី​គេ​ទទួល​ដំណឹង​ថា​ក្រុម​ហាម៉ាស់​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង​របស់​ខ្លួនឡើង​វិញ​។ គេ​ឃើញ​ក្រុម​យុទ្ធ​ជន​របស់​ហាម៉ាស់​បង្ហាញ​វត្ត​មាន​នៅ​តាម​ដង​ផ្លូវ និង​ចាប់​ក្រុម​ដែល​កាច់​កុង​គ្នា​ និង​ដែល​ធ្លាប់​ឡើង​ចាង​កាល​ពី​ពេល​អ៊ីស្រា​អែល​នៅ​គ្រប់​គ្រង​តំបន់​ហ្កា​ហ្សា​។ ក្រុម​ដែល​មាន​អ៊ីស្រា​អែល​នៅ​ពី​​ក្រោយ​ខ្នង​នោះ​ត្រូវ​ហាម៉ាស់​ចាប់​យក​ទៅ​បាញ់​ចោល​ និង​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ព្រមាន​​​ក្រុម​ហាម៉ាស់​កាល​ពី​យប់​មិញ​​ថា​​បើ​សិន​ពួក​គេ​នៅ​តែ​បន្ត​កាប់​សម្លាប់​ក្រុម​ដែល​ប្រឆាំង​នឹង​ខ្លួន​ត​ទៅ​ទៀត​ លោក​​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចូល​ធ្វើ​អន្តរាគមន៍​ ហើយ​សម្លាប់​ក្រុម​ហាម៉ាស់​វិញ​ទេ​។​ ការ​ព្រមាន​នេះ​បន្ទាប់​ពី​គេ​ទទួល​ដំណឹង​ថា​ក្រុម​ហាម៉ាស់​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង​របស់​ខ្លួនឡើង​វិញ​។ គេ​ឃើញ​ក្រុម​យុទ្ធ​ជន​របស់​ហាម៉ាស់​បង្ហាញ​វត្ត​មាន​នៅ​តាម​ដង​ផ្លូវ និង​ចាប់​ក្រុម​ដែល​កាច់​កុង​គ្នា​ និង​ដែល​ធ្លាប់​ឡើង​ចាង​កាល​ពី​ពេល​អ៊ីស្រា​អែល​នៅ​គ្រប់​គ្រង​តំបន់​ហ្កា​ហ្សា​។ ក្រុម​ដែល​មាន​អ៊ីស្រា​អែល​នៅ​ពី​​ក្រោយ​ខ្នង​នោះ​ត្រូវ​ហាម៉ាស់​ចាប់​យក​ទៅ​បាញ់​ចោល​ និង​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​។

កាល​ពី​មុន​នេះ លោក​ត្រាំ​ថ្លែង​ថា​ក្រុម​ហាម៉ាស់​ត្រូវ​តែ​កាត់​រំសាយ​អាវុធ​ឱ្យ​អស់​ទោះបី​ដោយ​សន្តិ​វិធី ឬ​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​។​ ប៉ុន្តែ​ចុង​ក្រោយ​នេះ​លោក​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា​អាមេរិក​នឹង​មិន​បញ្ជូន​កង​ទ័ព​ទៅ​តំបន់​ហ្កា​ហ្សា​ទេ​។​ លោក​ថ្លែង​ថា​យើង​គ្មាន​ការ​ចាំ​បាច់​ដើម្បី​ធ្វើ​រឿង​នេះ​ទេ​។ មាន​មនុស្ស​ដែល​នៅ​ក្បែរ​ៗ​នោះ​រង់​ចាំ​ចាត់​ការ​បញ្ហា​នេះ​ហើយ​ ហើយ​យើង​រង់​ចាំ​គាំទ្រ​ពី​ក្រោយ​ខ្នង​។ លោក​ត្រាំ​មិន​បាន​បញ្ជាក់​ថា​អ្នក​ដែល​លោក​​​និយាយ​នោះ​​ចង់​សំដៅ​​លើ​អ៊ីស្រា​អែល​ទេ​។ ប៉ុន្តែ​បើ​អ៊ីស្រា​អែល​ធ្វើ​រឿង​នេះ​មែន​អាច​ជា​ការ​រំលោភ​បទ​ឈប់​បាញ់​។

លោក​ត្រាំ​ថ្លែង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​ហាម៉ាស់​បាន​ចាប់​ក្រុម​បង​ធំ​នៅ​ហ្កា​ហ្សា​ និង​សម្លាប់​ចោល​។ លោក​ថា​លោក​មិន​សូវ​ខ្វល់​អំពី​បញ្ហា​នេះ​ប៉ុន្មាន​ទេ​បើ​និយាយ​ឱ្យ​ស្មោះ​ត្រង់​ទៅ​។ ប៉ុន្តែ​លោក​ថា​ការ​អត់​ធ្មត់​របស់​លោក​មាន​កំណត់​។ បើ​​​ហាម៉ាស់​សម្លាប់​មនុស្ស​ច្រើន​ពេក​ ​លោក​អាច​នឹង​កែ​ប្រែ​ចិត្ត​។ ពួក​គេ​ត្រូវ​តែ​ទម្លាក់​អាវុធ​ចុះ​ ត្រូវ​តែ​ទម្លាក់​អាវុធ​ចុះ​​ឱ្យ​បាន​ឆាប់​ ហើយ​ទម្លាក់​ដោយ​ការ​បង្ខំ​ថែម​ទៀត​ផង​។

​ក្រុម​ហាម៉ាស់​ថ្លែង​ថា​ខ្លួន​ចង់​ឃើញ​តំបន់​ហ្កា​ហ្សា​មាន​ស្ថិរ​ភាព និង​សណ្ដាប់​ធ្នាប់​ល្អ​ឡើង​វិញ​។ កាល​ពី​មុន​នេះ​មាន​សេចក្ដី​រាយ​ការណ៍​ថា​ក្រុម​បង​ធំ​ដែល​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​បាន​ឆ្លៀត​ឱកាស​ដែល​ហាម៉ាស់​ជាប់​ដៃ​នៅ​ក្នុង​សង្គ្រាម​ពួក​គេ​អុក​ឡុក​តំបន់​ហ្កា​ហ្សា​សម្បើម​ណាស់​។ ជួន​កាល​ពួក​គេ​ឆក់​ប្លន់​ជំនួយ​មនុស្ស​ធម៌​ដើម្បី​ទុក​លក់​នៅ​ក្នុង​តម្លៃ​ថ្លៃ​ៗ​។ ហេតុ​នេះ​ហើយ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ខ្លះ​ត្រូវ​ដាច់​ពោះ​ស្លាប់​ក៏​ដោយ​សារ​ក្រុម​ទាំង​នេះ​ដែរ​។

កាល​ពី​សប្ដាហ៍​មុន អាមេរិក​ប្រកាស​ថា​ខ្លួន​ត្រៀម​បញ្ជូន​ទាហាន​២​រយ​នាក់​ទៅ​អ៊ីស្រា​អែល​ដើម្បី​ជួយ​ផ្ដល់​ការ​គាំទ្រ​ និង​ឃ្លាំ​មើល​ការ​អនុ​វត្ត​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កា​ហ្សា​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អាមេរិកបញ្ជាក់​ថា​ទាហាន​របស់​ខ្លួន​នឹង​មិន​មាន​វត្ត​មាន​នៅ​​​តំបន់​ហ្កាហ្សា​ទេ​។​ អ៊ីស្រា​អែល​ឥឡូវ​នេះ​ហាក់​ដូច​ជា​តឹង​ចិត្ត​ណាស់​នៅ​ពេល​សាក​សព​របស់​ចំណាប់​ខ្មាំង​បញ្ជូន​ទៅ​ឱ្យ​ពួក​គេ​មាន​ភាព​យឺត​យ៉ាវ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេ​ភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​