រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានបានចាត់វិធានការប្រើកណ្តាប់ដៃដែកលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិដោយបន្តចាត់វិធានការលើករណីកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃធ្វើសំណង់លំហែកាយជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ។

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបន្តចាត់វិធានការលើករណី ការកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គិរីរម្យ» នៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រីឧទ្យានុរក្ស បានបន្តចុះទៅដល់ទីតាំងដើម្បីចាត់វិធានការច្បាប់មួយចំនួន ក្នុងនោះបានរើគ្រឹះសំណង់ផ្ទះលំហែដែលមានបណ្តោយ ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ ចំនួន១កន្លែង និងបន្ទប់ទឹក១កន្លែង ស្មើនិង៤បន្ទប់ (បណ្តោយ៦ម៉ែត្រ និងទទឹង២ម៉ែត្រ) និងបានរើទ្វារដែកចំនួន៤ផ្ទាំង (២ម៉ែត្រ៤០×១ម៉ែត្រ៦០) ។
ក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គីរីរម្យ» រហូតឈានទៅដល់ការរៀបចំឯកសារ និងបានដាក់បណ្តឹងករណីល្មើសនេះទៅតុលាការ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់ នាពេលកន្លងមក ។

ក្នុងន័យនេះ ក្រសួងបរិស្ថានបានបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ និងដាក់ចេញនូវវិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលក្នុងនោះ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែង ចំពោះជនប្រព្រឹត្តបទល្មើស ។
ជាមួយគ្នានេះ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ តំបន់ការពារធនធានធម្មជាតិ គឺជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋរួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មីក្នុងដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នទទួលបន្ទុកបរិស្ថាននិងធនធានធម្មជាតិ ។

តំបន់ទាំងនោះមានលក្ខណៈសំខាន់ទាំងផ្នែករូបសាស្ត្រ និងជីវសាស្ត្រដែលតម្រូវឱ្យមានការគ្រប់គ្រងតាមច្បាប់ក្នុងបំណងការពារ និងថែទាំ ជីវៈចម្រុះ ធនធានធម្មជាតិ និងធនធានវប្បធម៌ ហើយត្រូវបានគ្រប់គ្រង ប្រកបដោយនិរន្តរភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គមនិងសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ