ខេត្តតាកែវ ៖ តាមប្រភពពីក្រុមមន្ត្រីមួយចំនួននៅស្រុកអង្គរបូរី បានអោយដឹងថា មេឈ្មួញដុះស្លែឈ្មោះចែរាំ នាំទំនិញគ្រប់ប្រភេទ ដូចជា កម្រាលព្រំ សម្បកកង់ សម្បកកង់ម៉ូតូ ជាពិសេសទំនិញប្លាស្ទិកដែលជាទំនិញហាមឃាត់ដឹកតាមច្រកទ្វេភាគីបាក់ដៃ តាមទូករាប់តោនក្នុងមួយថ្ងៃៗ រួចយកដាក់ចូលឃ្លាំងខាងជើងវត្តគំនូរ ភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ទល់មុខស្រុកអង្គរបូរី ។
ប្រភពដដែលបានអោយដឹងទៀតថានៅពេលយប់ចែរាំ បានអោយរថយន្តសាំយ៉ុងចូលដឹកទំនិញទាំងឡានៗដឹកបន្តយកទៅចូលឃ្លាំងនៅរាជធានីភ្នំពេញ ដោយសុវត្ថិភាពរហូតមក ។ ពាក់ព័ន្ធករណីខាងលើ អ្នកយកព័ត៏មានយើងមិនអាចសុំការបំភ្លឺពីលោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារទ្វេភាគីបាក់ដៃ បានទេ ដោយទូរស័ព្ទចូល មិនទទួល ។
ចំណែកលោក សម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃ ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទចូល លោកមិនទទួលដូចគ្នា ដែលមិនអាចសុំការបំភ្លឺបាន ។
បើយោងតាមសម្តីគយជើងចាស់ម្នាក់សុំមិនបញ្ជេញឈ្មោះបានខ្សឹបប្រាប់អ្នកយកព័ត៏មានឱ្យដឹងថា រាល់ទំនិញឆ្លងដែនគ្មានមន្ត្រីគយប្រចាំការនៅតបន់នោះចូលរួមត្រួតពិនិត្យចាត់ទុកថា ជាទំនិញគេចពន្ធ ឬទំនិញគ្មានច្បាប់ ដោយគ្រាន់តែសហការគ្នាក្រៅផ្លូវការ ដើម្បីផលប្រយោជន៍តែប៉ុណ្ណោះ ។ ដូចជាឃ្លាំងរបស់ចែរាំ ជាដើម អ្នកណាក៏ល្បីដែរ ។ តែទោះជាយ៉ាងណាក៏ដោយទាក់ទងទៅនឹងព័ត៌មានខាងលើនេះ កោះសន្តិភាព រង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសមត្ថកិច្ចដែលពាក់ព័ន្ធផងដែរ ថាតើជាការពិត ឬយ៉ាងណា ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ