ខេត្តត្បូងឃ្មុំ ៖ រថយន្តតូចធំដឹកទំនិញនៅលើផ្លូវជាតិលេខ៧ ក្នុង១ថ្ងៃៗ មានរាប់រយគ្រឿងឬក៏អាចនិយាយថាចូលខ្ទង់ពាន់រថយន្តបានបើកឆ្លងកាត់ស្ថានីយថ្លឹងរថយន្តជប់ ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំហើយតាមការសង្កេតដោយផ្ទាល់មានរថយន្តបានចូលថ្លឹង និងខ្លះទៀតមិនបានចូលថ្លឹងជាថ្នូរនឹងលុយមិនបាច់ចូលថ្លឹងបានបើកឆ្លងកាត់ដោយរលូនតែម្ដង ។
តាមការចុះសង្កេតដោយផ្ទាល់នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ គេបានឃើញរថយន្តខ្លះបានបើកក្នុងទិសដៅពីលិចកើតដឹកកសិផលត្រូវបានចូលថ្លឹងនៅក្នុងស្ថានីយជញ្ជីង ហើយក៏មានរថយន្តបើកពីកើតមកលិចក៏បានចូលថ្លឹងដែរ ។
ប៉ុន្តែមិនបានធ្វើឲ្យមានភាពសុក្រិត ១០០ភាគរយនោះទេ គឺមានរថយន្តខ្លះមិនបានចូលថ្លឹងនោះទេ ដោយឈប់អែបនៅចិញ្ចើមថ្នល់ហើយមានមនុស្សរត់ចូលទៅក្នុងស្ថានីយទំនងជាយកលុយ ទៅឲ្យក្រុមជញ្ជីងជាថ្នូរនឹងមិនបាច់ថ្លឹងរថយន្ដរួចបានបន្តដំណើរទៅមុខដោយរលូនតែម្ដង។
គួររំលឹកថានាពេលកន្លងមកមានរថយន្តដឹកអុសកៅស៊ូមួយគ្រឿងបានបើកចេញពីឃុំកំពាន់ ស្រុកមេមត់ ដោយដឹកកម្មករចំនួន៩នាក់ ស្របពេលមកដល់ស្ថានីយជញ្ជីងថ្លឹងរថយន្ដជប់បានចូលថ្លឹង ដើម្បីឱ្យដឹងថាលើសឬមិនលើសទម្ងន់ ជាមួយនោះអ្នកបើកបររថយន្តបានចំណាយលុយ៧ម៉ឺនរៀលឱ្យមកក្រុមមន្ត្រីជញ្ជីងរួចក៏បានបន្តដំណើរទៅមុខយកអុសដាក់ឱ្យគេនៅកន្លែងឡឥដ្ឋនៅទួលវិហារ ក្នុងឃុំជារោទ៍ទី២ ស្រុកត្បូងឃ្មុំអ្នកបើកបរបានលើកឡើងថាក្នុង១រថយន្តផាត់លើការចំណាយកម្មករ ប្រេងនិងសោហុយផ្សេងៗ ក្នុង១ជើងចំណេញយ៉ាងច្រើនតែជាង ៣០ម៉ឺនរៀលប៉ុណ្ណោះ។
ជុំវិញការលើកឡើងរបស់អ្នក បើកបររថយន្តដឹកអុស និងរថយន្តដែលមិនបានចូលថ្លឹងនាព្រឹកថ្ងៃទី២១ធ្នូ២០១៩ ភ្នាក់ងារ កោះសន្តិភាព មិនអាចសុំការបំភ្លឺពីប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដបាននោះទេ ។
សូមបញ្ជាក់ថា នាពេលកន្លង មកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានដោយលើកឡើងថាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដនឹងមានកំណែទម្រង់ដោយក្នុងរយៈពេល២ឆ្នាំ និងត្រូវដូរម្ដង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ