ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រដំឡើងរថយន្តនៅខ្មែរធ្វើឱ្យបាត់ចំណូលពន្ធគយនាំចូល តែនាយករដ្ឋមន្ត្រីថា គ្មានអ្វីបារម្ភនោះ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ បើ​ទោះបីជា​មាន​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា តួរ​យ៉ាង​រោងចក្រ​ដំឡើងរថយន្ត​តូ​យ៉ូ​តា ដែល​ជា​ក្រុមហ៊ុន​ជប៉ុន​នឹង​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ផ្នែក​គយ​លើ​ពន្ធ​នាំ​ចូល​ក៏​ពិតមែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ បើ​ទោះបីជា​មាន​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា តួរ​យ៉ាង​រោងចក្រ​ដំឡើងរថយន្ត​តូ​យ៉ូ​តា ដែល​ជា​ក្រុមហ៊ុន​ជប៉ុន​នឹង​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ផ្នែក​គយ​លើ​ពន្ធ​នាំ​ចូល​ក៏​ពិតមែន ប៉ុន្តែ​កម្ពុជា​បាន​ផល​ចំណេញ​មក​វិញ តាម​រយៈ​ការ​បង្កើន​ការងារ​ជូន​ពលរដ្ឋ កម្មករ​កម្មការិនី​ទទួល​បាន​ចំណេះ​ជំនាញ លើ​បច្ចេកវិទ្យា​ថ្មី​ៗ​ពី​ឧស្សាហកម្ម​រថយន្ត ហើយ​ជា​ពិសេស​សម្តេច​ថា បាត់​ចំណូល​គយ​បាន​ចំណូល​ពន្ធដា​វិញ​ដដែល​ទេ​។

សម្តេច​ធិ​បតី​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​តូ​យ៉ូ​តា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤​យ៉ាង​ដូច្នេះ​ថា ៖«​អ្វី​ដែល​ជា​ការ​ធ្លាក់​ចិត្ត​តិច គឺ​ឯកឧត្តម គុណ ញឹ​ម ។ ខ្ញុំ​សួរ​គាត់​ថ្ងៃមុន​ថា ឯកឧត្តម ថ្ងៃមុន ជជែក​គ្នា​ក្រៅផ្លូវការ គាត់​ថា ឥឡូវ​ចំណូល​យើង​មួយ ចំណូល​ពន្ធ​មួយ គឺ​ពី​រឿង​រថយន្ត​តែ​ឥឡូវ​ចំណូល​មួយ​ផ្នែក​ត្រូវ​ធ្លាក់​ដោយសារ​រថយន្ត​មួយ​ចំនួន​ត្រូវ​មក​បើក​ធ្វើ​នៅ​ក្នុងស្រុក​អត់​មាន​បង់ពន្ធ​នាំ​ចូល​» ។

ជុំវិញ​ការ​បាត់បង់​ចំណូល​ពន្ធ​នាំ​ចូល​នេះ​ត្រូវ​បាន​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​អះអាង​ថា រដ្ឋ​គួរតែ​បាត់បង់​ចំណែក​ខ្លះ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ឯកជន ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ។

ក្នុង​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ថា ៖ «​អត់​អី​ទេ ធ្លាក់​ពន្ធគយ​ពី​រថយន្ត​នាំ​ចូល​បន្តិច​ចុះ ប៉ុន្តែ​លុយ​ចេញពី​កា​ប៉ាវ​ឆ្វេង ចូល​ការ​ប៉ាវ​ស្តាំ​ទេ ពេល​ដែល​គាត់​មក​បង្កើត​ក្រុមហ៊ុន​នៅ​ក្នុងស្រុក ទី​១ រីក​ចម្រើន បង្កើត​ការងារ​ចំណូល​ចូល​មក​ពន្ធដារ​កា​ប៉ាវ​ស្តាំ ។ ពេល​ដែល​គាត់​មក​បណ្តុះបណ្តាល​មនុស្ស​បៀវត្សរ៍​ទៅ​ប្រជាពលរដ្ឋ​យើង ប្រជាពលរដ្ឋ​យើង​គាត់​មាន​លទ្ធភាព​កើន​ជីវភាព​រស់នៅ​ទៅ​ទិញ​បន្ត​ចឹ​ង​ចូល​មក​សេដ្ឋកិច្ច​យើង​ដដែល​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បន្ត​ទៀត​ថា​៖ «​បើសិនជា​រថយន្ត​នោះ​ផលិត​នៅ​ក្នុង​ពន្ធ​អនុគ្រោះ​ចឹ​ង​ផលិតផល​សម្រេច និង​គុណភាព​មិនមែន​រថយន្ត Copy ទេ រថយន្ត​បង្កើត​ដោយ​ក្រុមហ៊ុន​តូ​យូ​តា បង្កើត​នៅ​ទី​នេះ អត់​យកពន្ធ​នាំ​ចូល អាច​លក់​បាន​ថ្លៃ​សមរម្យ ចឹ​ង​ប្រជាពលរដ្ឋ​យើង អាច​មាន​លទ្ធភាព​ទិញ​រថយន្ត​ថ្មី ដែល​ផលិត​នៅ​ក្នុងស្រុក​យើង តម្លៃ​សមរម្យ ដូច្នេះ​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​កុំ​ខ្លាច​ឯកឧត្តម គុណ ញឹ​ម កុំ​អន់ចិត្ត គង់តែ​ចូល​មក​ឯកឧត្តម គង់ វិបុល​នោះ​ទេ ។ ព្រោះ​ពេល​ដែល​រថយន្ត​ដើរ​លក់​ផលិតផល ប្រជាជន​យើង​ទិញ​ច្រើន​ចឹ​ង​ចំណូល​ពី​ក្រុមហ៊ុន ក្រុមហ៊ុន​ចូល​មក​វិញ ហើយ​នេះ គឺជា​អ្វី​ដែល​យើង​ចង់​លើកទឹកចិត្ត​បន្ថែម​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកទឹកចិត្ត ក៏​ដូច​ជា​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ដំឡើងរថយន្ត​តូ​យ៉ូ​តា របស់​ជប៉ុន​សិក្សា និង​ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​គ្រឿង​បង្គំ សម្ភារៈ និង​ឧបករណ៍​មួយ​ចំនួន ដែល​ជា​ផលិតផល និង​វត្ថុធាតុដើម​ដែល​មាន​ស្រាប់​នៅ​កម្ពុជា តួយ៉ាង​កម្ពុជា​មាន​ឧស្សាហកម្ម​កៅស៊ូ និង​សង្វា​ក់​ផលិតកម្ម​គ្រឿង​បង្គំ​ដូច​ជា ពូក​អង្គុយ ដែល​មានគុណ​ភាព និង​ផលិតផល​ជា​ច្រើន​ទៀត​ក្នុង​ចំណោម​ផលិតផល​ជា​ច្រើន​មុខ សម្រាប់​យក​មក​ផលិត​ចេញ​ជា​រថយន្ត​មួយ​គ្រឿង​ៗ ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា «​បន្ត​ពិនិត្យ​នូវ​សក្តានុពល​បន្ថែម​ទៀត ទន្ទឹម​នឹង​ការ​នាំ​ចូល​សម្ភារៈ​ឧបករណ៍ សម្រាប់​ដំឡើង​យាន្ត​យន្ត សូម​ពិនិត្យ​ផលិតភាព ពង្រីក​ការ​ប្រើប្រាស់​ផលិតផល និង​វត្ថុធាតុដើម​ដែល​មាន​ស្រាប់​នៅ​ក្នុងស្រុក​» ។

ក្នុង​ន័យ​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​កិច្ចការ​នេះ គឺជា​កិច្ចការ​សំខាន់​យើង​ចាប់ផ្តើម​ដំបូង​ដំឡើង យើង​យក​ធាតុ​ផ្សំ ក្រៅ​ច្រើន ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​នៅ​ពេល​ដែល​យើង​មាន​លទ្ធភាព​ធ្វើ ព្រោះ​ក្រុមហ៊ុន​រថយន្ត​មួយ រថយន្ត​មួយ​គ្រឿង ត្រូវការ​គ្រឿងបន្លាស់​រាប់​ពាន់​មុខ សូម​ឱ្យ​ពិនិត្យ​មើល នៅ​ក្នុង​ការ​បង្កើត​រោងចក្រ ដែល​ជា​គេ​ថា backward linkage ភ្ជាប់​មក​ខាងក្រោម យើង​អាច​ឈាន​ទៅ​ដល់​ការ​ជំរុញ​បើកឱកាស​ឱ្យ​ក្រុមហ៊ុន​ផលិត​ខ្ចៅ​ទំនើប​សម្រាប់​ផ្គត់ផ្គង់ ផលិត​គ្រឿង ពូក ធ្វើ​ពូក ជូន​រថយន្ត​នៅ​ទី​នេះ​មិនបាច់​នាំ​ពី​ក្រៅ​» ។

ក្នុង​នោះ​សម្តេច​ធិ​បតី គូសបញ្ជាក់​បន្ថែម​ថា «​បើ​បង្កើត​សិប្បកម្ម​ផ្សេង​ៗ​ទៀត​ដែល​មាន​លក្ខណៈ​ចឹ​ង​ក្នុង​ប៉ុន្មាន​រយ​មុខ​អាច​ផលិត​មើល បើ​ថា​ក្រុមហ៊ុន​មិន​ចាំបាច់​ធ្វើ​ខ្លួនឯង​ទេ​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​នៅ​ក្នុងស្រុក សិប្បកម្ម​នៅ​ក្នុងស្រុក​ដែល​ផលិត ។ ព្រោះ​ជួនកាល​ផលិត​ពូក ផលិត​អី​សម្រាប់​រថយន្ត​នេះ​អាច​មើល​ក្រុមហ៊ុន​ណា​ដែល​គាត់​អាច​ធ្វើ​បាន ហើយ​នេះ គឺជា​កិច្ចការ​ដែល​ខ្ញុំ​និយាយ​មិន​ត្រឹមតែ​ពង្រីក​ធនធានមនុស្ស​ទេ តែ​អាច​ពង្រីក​អាច​ពិនិត្យ​ទៅ​ជា Ecosystem សម្រាប់​ថ្នាល់​បណ្តុះបណ្តាល​បូក​ជាមួយនឹង​ការ​ជួយ​នៅ​ក្រុមហ៊ុន​ដៃគូ​តូច​ៗ​របស់​យើង​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ