ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​កូរ៉េ​ខាងត្បូង ឯកភាព​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​”

2 ខែ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ទីក្រុង​សេ​អ៊ូ​ល ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ជាមួយ​ឯកឧត្តម យូ​ន ស៊ក​យ៉​ល (Yoon Suk Yeol) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ នា​ឱកាស នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ពី​ថ្ងៃ​ទី​១៥-១៨ ខែឧសភា ឆ្នាំ​២០២៤ ។

ក្នុង​ជំនួប​នេះ ឯកឧត្តម​ប្រធានាធិបតី បាន​សម្តែង នូវ​កិច្ច​ស្វាគមន៍ ចំពោះ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​ធិ​បតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នៅ​សាធារណរដ្ឋ​កូរ៉េ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់​ថា ជាមួយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិ​បតី នា​ឱកាស​នេះ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ សាធារណរដ្ឋ​កូរ៉េ​-​ព្រះរាជាណាចក្រ​កម្ពុជា នឹង​កាន់តែ​រីក​ចម្រើន និង រឹង​មាំ​បន្ថែម​ទៀត ។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី បាន​ថ្លែងអំណរគុណ ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ និង​យូរអង្វែង នៃ​ប្រទេស​ទាំង​ពីរ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដោយ​គ្របដណ្តប់​លើ​វិស័យ​សំខាន់​ៗ រួម​មាន ៖ វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការពារ​ជាតិ និង​សន្តិសុខ និង​វិស័យ​ផ្សេង​ៗ ទៀត ។

ជា​លទ្ធផល ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ឯកភាព​គ្នា​លើ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ​ដែល​មាន​ស្រាប់ និង​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” ដើម្បី​ជំរុញ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ និង​ប្រកបដោយ​វិបុលភាព ។

ចំពោះ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ការ​ខិតខំ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូច​ជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (Cambodia-Korea FTA) និង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ។

ទន្ទឹម​នោះ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ឯកភាព​គ្នា​ជំរុញ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ នៃ​ទំនាក់ទំនង​រវាង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។
លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​កម្ពុជា​-​កូរ៉េ លើ​ការ​ហ្វឹកហាត់​ផ្នែក​យោធា​រួម​គ្នា លើ​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិភាព តាម​រយៈ​ភាព​ជា​ដៃគូ​ត្រីភាគី​រវាង​អង្គការសហប្រជាជាតិ​-​កូរ៉េ​-​កម្ពុជា (UN-ROK-Cambodia) និង​លើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដែល​រួម​មាន​៖ បទល្មើស​គ្រឿងញៀន បទល្មើស​បច្ចេកវិទ្យា និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត ជាដើម ។

ក្រៅពី​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា​លើ​វិស័យ​កសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្ត​កម្ម​ឌី​ជី​ថ​ល វប្បធម៌ និង​សិល្បៈ​។

មុន​នឹង​បញ្ចប់ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​បន្ត​ពិភាក្សា​គ្នា​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​ក្នុង​នោះ សម្តេច​ធិ​បតី បាន​វាយ​ខ្ពស់​ចំពោះ​កិច្ចសហការ​របស់​កូរ៉េ ដែល​បាន​ចូលរួម​ជួយ​ចំណែក​នៅ​ក្នុង​ក្របខ័ណ្ឌ​មេគង្គ និង​ការ​បង្កើត​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ អាស៊ាន​-​កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម ៕

អត្ថបទសរសេរ ដោយ