ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មានចាត់​ទុក​ការ​គ្រប់គ្រង​សាធារណ​មតិ​បាន​ប្រសើរ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ប្រឆាំង​សង្គ្រាម​សតិអារម្មណ៍​មាន​ប្រភព​ពី​ក្រៅប្រទេស​ក្នុង​បរិបទ​ជម្លោះព្រំដែន​កម្ពុជា​-ថៃ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌​មាន​បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​ទ​ង្វើ​ឈ្លានពាន​ដោយ​ប្រដាប់​អាវុធ​គ្រប់​ធុន​មក​លើ​កម្ពុជា ថៃ​​បាន​ប្រើ​សង្គ្រាម​សតិអារម្មណ៍​តាម​រយៈ​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បំភ្លៃ…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌​មាន​បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​ទ​ង្វើ​ឈ្លានពាន​ដោយ​ប្រដាប់​អាវុធ​គ្រប់​ធុន​មក​លើ​កម្ពុជា ថៃ​​បាន​ប្រើ​សង្គ្រាម​សតិអារម្មណ៍​តាម​រយៈ​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បំភ្លៃ ប្រឌិត​រឿង​ឡើង​ខុស​ពី​ការ​ពិត(Disinformation/​Malinforma​tion) ដើម្បី​បំពុលបរិយាកាស​ព័ត៌មាន និង​បង្កចលាចលការ​ភាន់ច្រឡំ​ក្នុង​សាធារណ​មតិ​កម្ពុជា និង​អន្តរជាតិ​ ។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ​គោលបំណង​របស់​គេ​ធ្វើ​បែប​នេះ គឺ​ម្យ៉ាង​ដើម្បី​បង្កើត​លេស​ថ្មី​ក្នុង​ការ​បន្ត​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព​កម្ពុជា ម្យ៉ាងទៀត ​គឺ​ដើម្បី​​បិទ​បាំង​ទ​ង្វើ​អមនុស្សធម៌ និង​បំពាន​ច្បាប់​អន្តរជាតិ បំពាន​កិច្ចព្រមព្រៀង​សន្តិភាព ហើយ​​បង្វែរ​សាធារណ​មតិ​កុំឱ្យ​ចាប់អារម្មណ៍​លើ​បញ្ហា​ផ្ទៃក្នុង​ប្រទេស​ខ្លួន ដូច​ជា​ការ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​គ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាដើម​ ។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​មាន​លើក​ឡើង​បែប​នេះ​ក្នុង​ឱកាស​ឯកឧត្តម​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ព័ត៌មាន​និង​សាធារណ​មតិ​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត កាល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​ព័ត៌មាន និង​តាម​រយៈ​វី​ដេ​អូ​ពី​ចម្ងាយ ដោយ​ឯកឧត្តម​បាន​រំលេច​អំពី​សារៈសំខាន់​នៃ​តួនាទី និង​ការ​អនុវត្ត​វិធានការ​របស់​ក្រសួង​និង​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត​ក្នុង​ការ​រក្សា​ស្ថិរភាព និង​បរិយាកាស​សាធារណ​មតិ​សុវត្ថិភាព​ក្នុង និង​ក្រៅ​ស្រុក ខណៈ​សមរភូមិ​សាធារណ​មតិ​បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​២ ចាប់តាំង​ពី​យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន​ជា​ថ្មី​មក​លើ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​បង្កើត​ឡើង និង​បាន​ចរាចរ​យ៉ាង​ឆាប់រហ័ស​លើ​បណ្តាញ​សង្គម ក្នុង​ចំណោម​នោះ​ព័ត៌មាន​ក្លែងក្លាយ ការ​ប្រឌិត​ការ​ផ្សាយ​បំភ្លៃ ញុះញង់ មួលបង្កាច់​ថ្នាក់ដឹកនាំ​ជាតិ និង​រាជ
រដ្ឋាភិបាល ភាគច្រើន​មាន​ប្រភព​មក​ពី​ថៃ និង​ក្រុម​អគតិ​ក្រៅច្បាប់ ក្នុង​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ការ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​ជំនឿ​ចិត្ត​របស់​សាធារណជន​លើ​ការ​ដឹកនាំ​។

ឯកឧត្តម​បាន​រំលេច​បច្ចុប្បន្នភាព​ថា ចាប់តាំងពី​ថ្ងៃ​ដែល​ថៃ​បាន​បើក​ការ​វាយប្រហារ​មក​លើក​​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ មក​ដល់​ថ្ងៃនេះ ក្រសួង​ព័ត៌មាន​បាន​កំណត់​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះព្រំដែន ចំនួន​ជាង​១៦០​ករណី រាប់​បញ្ចូល​ទាំង​ព័ត៌មាន​ក្លែងក្លាយ​បង្កើត​ដោយ​Aiផង​ដែរ និង​បាន​ដាក់​ចេញ​វិធានការ​ជាក់លាក់​ជា​បន្តបន្ទាប់ ​ដើម្បី​គ្រប់គ្រង​ ដោយ​សហ​ការ​យ៉ាង​ជាប់លាប់​ក្នុង​ក្រប​ខណ្ឌ​យន្តការ​សាធារណ​មតិ​របស់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ច​ជំនាញ​លើ​វិស័យ ព្រមទាំង​ជាមួយ​រដ្ឋបាល​និង​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ ដើម្បី​កម្ចាត់​ព័ត៌មាន​ក្លែងក្លាយ​ពី​បរិយាកាស​ព័ត៌មាន​របស់​យើង ទប់ស្កាត់​កុំឱ្យ​មានការ​រីកសាយ​ភាយ និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​តាម​រយៈ​ការ​ផ្សាយ​ព័ត៌​មាន​ពិត ដោយ​មាន​យោង​ប្រភព​ផ្លូវការ​ច្បាស់លាស់​ជា​ប្រចាំ​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ការណ៍​នេះ​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ធានា​ភាព​នឹងនរ​ខាង​ផ្លូវចិត្ត​ស្ថិរភាព​សតិអារម្មណ៍​សាធារណៈ និង​ធានា​សុវត្ថិភាព​ព័ត៌មាន​សម្រាប់​ការ​ទទួល​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ អំពី​ព្រឹត្តិការណ៍​សង្គម ពិសេស​គឺ​ជុំវិញ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​ថៃ​។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្ដម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ណែនាំ​ដល់​មន្ត្រី​សាធារណ​មតិ​នៃ​មន្ទីរ​ព័ត៌មាន​ទាំងអស់ ឱ្យ​ពង្រឹង​ការ​ក្តាប់​ស្ថានការណ៍​ពាក់ព័ន្ធ​នឹង​ភាព​តាន​តឹង​នៅ​តាម​បណ្តោយ​ព្រំដែន​និង​ប្រធានបទ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​តាម​បណ្តា​ខេត្ត​ឱ្យ​បាន​ជាប់
លាប់។

ឯកឧត្តម​បាន​ជំរុញ​មន្ទីរ​ព័ត៌មាន​ឱ្យ​ពង្រឹង​ទំនាក់ទំនង​ការងារ​ជាមួយ​អ្នក​សារព័ត៌មាន និង​អ្នក​​ផលិត​មាតិកា​លើ​បណ្តាញ​សង្គម ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ស្តី​ពី​កា​រវិ​វត្ត​នៃ​ស្ថាន​ភាព​ព្រំដែន សារ​លើកទឹកចិត្ត​ពលរដ្ឋ​និង​កងទ័ព សារ​ជំរុញ​ការ​បន្ត​ជំនឿ​ចិត្ត​លើ​ការ​ដឹកនាំ និង​ផ្សាយ​ព្រឹត្តិការណ៍​ពិត​ជុំវិញ​ការ​បើក​ការ​វាយប្រហារ​របស់​ថៃ មក​លើ​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ មក ជូន​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​។

សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន និង​អ្នក​ផលិត​មាតិកា​លើ​បណ្តាញ​សង្គម​ទាំងអស់ ត្រូវ​អនុវត្ត​ការងារ​ដោយ​គោរព​ច្បាប់ និង​ក្រមសីលធម៌​ត្រឹមត្រូវ ព្រមទាំង​ផ្តល់​ការ​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ខេត្ត ស្រុក ឃុំ​ពាក់ព័ន្ធ ក្នុង​ពេល​ចុះ​យក និង​រាយការណ៍​ព័ត៌មាន​ទាំងនោះ​ក្នុង​ទីតាំង​តាម​បណ្តោយ​ព្រំដែន និង​ចូលរួម​រក្សា​សន្តិសុខ​ជាតិ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សុវត្ថិភាព​សហគមន៍​ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម​បាន​តម្រង់​ទិស​បន្ថែម​ដល់​មន្ត្រី​មន្ទីរ​ព័ត៌មាន​លើ​ការងារ​រៀបចំ​បណ្តាញ​ព័ត៌មាន​និង​ផ្សព្វផ្សាយ ដោយ​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​បន្ថែម​ជាមួយ​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក ឃុំ និង​បណ្តាញ​ព័ត៌មាន​ជាមួយ​យុវជន​ក្នុង​ខេត្ត ដើម្បី​ជំរុញ​ការ​គ្រប់​គ្រង​ព័ត៌មាន​និង​សាធារណ​មតិ​ទាន់សភាពការណ៍ បត់បែន ចំ​គោលដៅ មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សុវត្ថិភាព​ព័ត៌មាន​ជូន​ពលរដ្ឋ និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ