ខេត្តកំពង់ចាម ៖ ពិតជាគួរឱ្យកោតសរសើរដល់វីរយុទ្ធជនជួរមុខមានភាពក្លាហានធ្វើឲ្យខ្មាំងសត្រូវដែលចង់មកឈ្លានពានមានការខ្លាចរអារ ព្រោះដៃម្ខាងកាន់គ្រាប់បែកដកគន្លឹះរួចជាស្រេច និងដៃម្ខាងទៀតកាន់កៃកាំភ្លើងតម្រង់ទៅរកទ័ពថៃ ធ្វើឲ្យពួកវាខ្លបខ្លាចមិនហ៊ានចូល ។
តែគួរឱ្យអាណិតវីរយុទ្ធជនរូបនេះត្រូវបានរងការបាញ់ផ្សែងពុលពីយន្តហោះចម្បាំង F16 របស់ថៃ ធ្វើឱ្យសុខភាពគាត់មានការចុះខ្សោយ និងបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ។ ជាមួយនោះត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងសហការីអញ្ជើញចុះសួរសុខទុក្ខ និងលើកកម្លាំងចិត្តដើម្បីឲ្យឆាប់ជាវិលត្រឡប់ទៅកាន់សមរភូមិវិញ ។
លោកវេជ្ជបណ្ឌិត លុយ សែន ប្រធានមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ ធ្នូ ឆ្នាំ ២០២៥ ថា វីរយុទ្ធជនឈ្មោះ ឈុំ ស្រេង អាយុ ៥៣ឆ្នាំ ដែលជាប់ដៃប្រយុទ្ធយ៉ាងស្វិតស្វាញតបតជាមួយថៃអស់រយៈពេលជាច្រើនថ្ងៃ ជាមួយនោះក៏បានរងគ្រោះដោយផ្សែងពុលបាញ់ចេញពីយន្តហោះចម្បាំង F16 ធ្វើឱ្យអាការៈមានភាពស្លេកស្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃដែលជាស្រុកកំណើតរបស់គាត់ ។
ប្រធានមន្ទីរពេទ្យបង្អែកជើងព្រៃមានប្រសាសន៍បន្តថា ក្រោយពីការណែនាំពីប្រធានមន្ទីរសុខាភិបាលខេត្តដោយក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺ ថតមើលគ្រឿងក្នុងគឺមិនមានបញ្ហានោះទេ។រហូតមកដល់ព្រឹកថ្ងៃទី ១៧ ធ្នូ ឃើញថាអាការៈបានធូរស្រាលច្រើនប្រហែល៦០% ទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យបន្តតាមដានសុខភាពរបស់គាត់ឲ្យកាន់តែប្រសើរឡើង និងមានភាពដូចដើមវិញក្នុងពេលឆាប់ៗ ។
សូមបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៣រូប កំពុងសម្រាកព្យាបាលជំងឺ ដោយពីរនាក់ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃដោយសារពុលផ្សែងចេញពីយន្តហោះចំបាំងរបស់ថៃ និងម្នាក់ទៀត ព្យាបាលនៅផ្ទះក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ។
ចំណែកលោក ហួ គីមហុង អាយុ ៥២ឆ្នាំ ជាវីរកងទ័ពជួរមុខ ឈរជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល ទីលំនៅឃុំសំពោងជ័យ ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃនៅថ្ងៃទី ១៥ ខែធ្នូ ដោយសុខភាពបានធូរស្រាលមួយកម្រិត ។
ដោយឡែក លោក សាំង បូរ៉ាន អាយុ ៣៣ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងនៅជាំតែ សុំសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃក៏ត្រូវបានអភិបាលខេត្តអញ្ជើញចុះជួបផ្ទាល់សំណេះសំណាល និងលើកកម្លាំងចិត្តព្រមទាំងផ្ដល់ស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ ៕










ចែករំលែកព័តមាននេះ