ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យមានជនភៀសសឹកជាង១៧ម៉ឺននាក់ ក្រោយថៃ​វាយប្រហារ

3 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ គិត​មក​ដល់​ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ​២០២៥ ជនភៀសសឹក​បានកើនឡើង​ដល់​ជាង​៥​ម៉ឺន​គ្រួសារ ស្មើនឹង​ជាង​១៧​ម៉ឺ​នាក់ ក្រោយ​ពេល​ទាហាន​ថៃ​បន្ត​បាញ់​មក​លើ​ភូមិសាស្ត្រ​ខេត្ត​មិន​ឈប់​ឈរ ហើយ​សមរភូមិ​ក្ដៅ​គឺ​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ…

ខេត្តបន្ទាយមានជ័យ ៖ គិត​មក​ដល់​ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ​២០២៥ ជនភៀសសឹក​បានកើនឡើង​ដល់​ជាង​៥​ម៉ឺន​គ្រួសារ ស្មើនឹង​ជាង​១៧​ម៉ឺ​នាក់ ក្រោយ​ពេល​ទាហាន​ថៃ​បន្ត​បាញ់​មក​លើ​ភូមិសាស្ត្រ​ខេត្ត​មិន​ឈប់​ឈរ ហើយ​សមរភូមិ​ក្ដៅ​គឺ​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ និង​បឹង​ត្រកួន ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ជនភៀស​សឹក​កើនឡើង​ដល់​ចំនួន ៥៣ ០៥៥​គ្រួសារ ស្មើនឹង​ចំនួន១៧៨ ៣០២​នាក់ ក្នុង​នោះ​ស្រី៩២ ១៥៨​នាក់ និង​កុមារ ៥៣ ៩៤៦​នាក់ ដែល​ស្នាក់​នៅ​តាម​តំបន់​ភៀស​សឹក ឬ​កន្លែង​សុវត្ថិភាព​ចំនួន​៣៤​កន្លែង នៅ​តាម​វត្ត​អារាម និង​កន្លែង​ផ្សេង​ៗ​ទៀត ។

គួរ​រំឭក​ថា ភាគី​សៀម​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​កម្ពុជា ដោយ​ប្រើប្រាស់​អាវុធ​តូចធំ​គ្រប់​ប្រភេទ គ្រាប់​ផ្លោង ឬ​កាំភ្លើងត្បាល់ និងយន្តហោះ​ចម្បាំង F-១៦ ទម្លាក់​គ្រាប់បែក​ក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​រដ្ឋ រង​ការ​ខ្ទេចខ្ទី និង​បង្ក​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

រហូត​មក​ដល់​ពេល​នេះ ភាគី​សៀម​នៅ​តែ​បន្ត​បាញ់​ចូល​ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ នៅ​តាម​បណ្តា​ស្រុក ក្រុង ជាប់​ព្រំដែនកម្ពុជា​-ថៃ ហើយ​អាជ្ញាធរ​ខេត្ត និង​ស្រុក ក្រុងបាន​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​តំបន់​សុវត្ថិភាព ទូ​ទាំង​ខេត្ត ។

បិទទ្វារ​សាលារៀន​៣២៩​កន្លែង ប៉ះពាល់​សិស្ស​ជិត​១០​ម៉ឺន​នាក់

សាលារៀន​ចំនួន​៣២៩​កន្លែង​ត្រូវ​បាន​បិទទ្វារ និង​ប៉ះពាល់​ដល់​សិស្ស​ជិត​១០​ម៉ឺន​នាក់ គិត​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ថ្លែង​ថា ក្រោយ​ពី​ទាហាន​ថៃបើក​ការ​បាញ់ប្រហារ​មក ខេត្តបន្ទាយមានជ័យ​បាន​បិទទ្វារ​សាលារៀន​ចំនួន​៣២៩​កន្លែង ប៉ះពាល់​ដល់​សិស្ស​សរុប​ចំនួន ៩៨ ៤៤៤​នាក់ ក្នុង​នោះ​មាន​សាលារៀន​រដ្ឋ​២៤៥​កន្លែង ប៉ះពាល់​សិស្ស ៧៤ ០៥៩​នាក់​(​ស្រី ៣៦ ៩៥២​នាក់​) សាលារៀន​ឯកជន​៨៤​កន្លែង ប៉ះពាល់​សិស្ស ២៤ ៣៨៥​នាក់​(​ស្រី ១២ ៣២៤​នាក់​) ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា តំបន់​ដែល​ត្រូវ​បាន​បិទទ្វារ​សាលារៀន​រដ្ឋ និង​ប៉ះពាល់​ដល់​សិស្ស​មិន​បាន​ចូល​សិក្សា មាន​សា​លាម​ត្តេ​យ្យចំនួន​៤ សាលា​បឋម​សិក្សា​ចំនួន​១៩៦ អនុ​វិទ្យាល័យ​៣១ វិទ្យាល័យ​១៤ និង​សាលារៀន​ឯកជន សាលា​បឋម​សិក្សា​៦០ អនុ​វិទ្យាល័យ​៧ និង​វិទ្យាល័យ​១៧ ។

លោក ឈូ ប៊ុ​ន​រឿង បាន​បញ្ជាក់​ថា មាន​សិស្ស​ខ្លះ​ដែល​ភៀសខ្លួន​ជាមួយ​ឪពុក​ម្តាយ​ទៅ​តំបន់​សុវត្ថិភាព នៅ​ទី​វត្ត​អារាម និង​សាលារៀន បាន​ចូល​សិក្សា​ជា​ធម្មតា​នៅ​តំបន់​សុវត្ថិភាព ដូច​ជា​នៅ​ក្រុង​សិរី​សោភ័ណ ស្រុក​មង្គលបុរី ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មួយ​ចំនួន​ទៀត ដែល​នៅ​ឆ្ងាយ​ពី​ព្រំដែន ។

កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ យន្តហោះ​F-១៦ បាន​ទម្លាក់​គ្រាប់បែក​២​គ្រាប់​នៅ​ស្រុក​ព្រះនេត្រព្រះ ធ្វើ​ឱ្យ​សិស្ស​កំពុង​រៀន​នៅ​ក្នុង​សាលា រត់​ចែកផ្លូវ​គ្នា​ដោយ​ការ​រន្ធត់​ចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ