រដ្ឋធានីប្រាស្ទីស្លាវ៖ «ស្ថានភាពមុខរបួសរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីមានកម្រិតធ្ងន់ធ្ងរទោះបីលោកអាចនឹងមានសង្ឃឹមរួចផុតពីសេចក្ដីស្លាប់យ៉ាងណាក្ដី»។ នេះបើយោងតាមការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី ដែលចាត់ទុកថាការបាញ់ប្រហារដ៏ផ្ដាច់ផ្ដិលជីវិតនេះជាការប៉ុនប៉ងធ្វើឃាតមិនបានសម្រេច។ ព្រឹត្តិការណ៍នេះបានអង្រួនប្រទេសស្លូវ៉ាគី និងនាំឱ្យសហគមន៍អន្តរជាតិប្រកាសថ្កោលទោសជាបន្តបន្ទាប់។ ម៉្យាងទៀត នេះក៏ជាការឆ្លុះបញ្ចាំងពីភាពខ្វះចន្លោះនៅក្នុងការថែរក្សាសន្តិសុខជូនថ្នាក់ដឹកនាំផងដែរ។

ដោយសារតែការជឿទុកចិត្ត និងបណ្ដោយឱ្យមនុស្សចូលទៅកៀកនឹងថ្នាក់ដឹកនាំពេកទើបបានជាជនសង្ស័យអាចបាញ់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោកហ្វ៊ីកូ រហូតដល់៥គ្រាប់ផ្ទួនៗគ្នា។ ឧបនាយករដ្ឋមន្ត្រីប៉ូឡូញប្រាប់ថាលោកហ្វ៊ីកូត្រូវចំក្រពះមួយគ្រាប់ និងចំត្រគាកមួយគ្រាប់។ សាក្សីនិយាយថាជនសង្ស័យរូបនោះបានបន្លំខ្លួននៅក្នុងចំណោមហ្វូងមហាជនដែលប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យវប្បធម៌ដើម្បីរង់ចាំទទួលស្វាគមន៍ដំណើរទៅដល់របស់លោកហ្វ៊ីកូ។

លោកហ្វ៊ីកូ វ័យ៥៩ឆ្នាំ បានរងការបាញ់ប្រហារកណ្ដាលទីក្រុងហេនឡូវ៉ា (Handlova) ហើយត្រូវគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗដើម្បីវះកាត់ជាច្រើនម៉ោង។ គ្រូពេទ្យបានចាក់ថ្នាំឱ្យគាត់មានកម្លាំងកំហែង និងបំបាត់ការឈឺចាប់។ ប៉ុន្តែសុខភាពរបស់លោកមិនទាន់បានល្អប្រសើរឡើងវិញទេ។ គ្រាន់តែថាលោកមានសង្ឃឹមរួចផុតពីសេចក្ដីស្លាប់។ ឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគីដែលចុះទៅពិនិត្យមើលលោកហ្វ៊ីកូដោយផ្ទាល់ប្រាប់ថាមុខរបួសមានសភាពធ្ងន់ធ្ងរ និងមានភាពស្មុគស្មាញខ្លាំង។

ក្រោយការបាញ់ប្រហារនេះ ប្រទេសស្លូវ៉ាគីត្រៀមកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ដើម្បីពិគ្រោះគ្នាថាតើត្រូវចាត់វិធានការអ្វីខ្លះនៅចំពោះមុខដែលថ្នាក់ដឹកនាំកំពុងអវត្តមានពីការងារបែបនេះ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានស្លូវ៉ាគី លោកថូម៉ាស់ ថារ៉ាបា (Tomas Taraba) ប្រាប់ថាដំណើការវះកាត់បានប្រព្រឹត្តទៅយ៉ាងល្អ។ ថ្វីដ្បិតសមត្ថកិច្ចមិនបង្ហាញអត្តសញ្ញាណជនសង្ស័យ ប៉ុន្តែសារព័ត៌មានក្នុងស្រុកចុះផ្សាយថាជនបង្កជាបុរសវ័យ៧១ឆ្នាំ។ គាត់ជាអ្នកនិពន្ធ និងជាសកម្មជននយោបាយ។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនគាត់ទៅតុលាការរួចហើយដោយចោទប្រកាន់គាត់ពីបទប៉ុនប៉ងមនុស្សឃាត។

ប្រធានាធិបតីស្លូវ៉ាគី លោកស្រីស៊ូសាណា (Zuzana Čaputová) អំពាវនាវឱ្យមជ្ឈដ្ឋានអ្នកនយោបាយរក្សាភាពស្ងប់ស្ងាត់។ លោកស្រីត្រៀមកោះអញ្ជើញបណ្ដាគណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងសភាដើម្បីចូលរួមប្រជុំ។ លោកស្រីថ្លែងថាយើងត្រូវតែបញ្ចប់វប្បធម៌ស្អប់គ្នា និងលាបពណ៌គ្នា។ លោកស្រីចាត់ទុកថាការប៉ុនប៉ងមនុស្សឃាតនេះធ្វើឡើងដោយបុគ្គលតែម្នាក់ប៉ុណ្ណោះ។ ពោលគឺមិនមែនជាការចាត់តាំងពីក្រុមអ្នកនយោបាយ ឬបក្សនយោបាយណាទេ។

ប៉ុន្តែបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគី ច្បាស់ណាស់ថាអំពើប៉ុនប៉ងមនុស្សឃាតនេះមានជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងបុព្វហេតុនយោបាយ។ លោកថ្លែងថាជនដៃដល់សម្រេចចិត្តបាញ់ប្រហារលោកហ្វ៊ីកូមិនយូរប៉ុន្មានក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្លូវ៉ាគីកាលពីខែមេសាថ្មីៗនេះ។
រដ្ឋមន្ត្រីមហាផ្ទៃស្លូវ៉ាគីផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានលោកភីថឺ (Peter Pellegrini) ដែលទើបតែឈ្នះឆ្នោតប្រធានាធិបតីថ្មីៗ និងជាសម្ព័ន្ធមិត្តរបស់លោកហ្វ៊ីកូផងដែរនោះចាត់ទុកថាអំពើប៉ុនប៉ងមនុស្សឃាតនេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរណាស់ចំពោះលទ្ធិប្រជាធិបតេយ្យនៅស្លូវ៉ាគី។ ថ្ងៃនេះ លោកភីថឺអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ផ្អាកជាបណ្ដោះអាសន្ន ឬកាត់បន្ថយការចុះឃោសនាដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតសភាអឺរ៉ុបនាខែមិថុនាខាងមុខនេះ។

ប្រតិកម្មចាប់ផ្ដើមកើតមានជាបណ្ដើរៗចេញពីប្រទេសនានានៅលើពិភពលោក។ ប្រទេសរុស្ស៊ីចាត់ទុកថាការបាញ់ប្រហារនេះជាព្រឹត្តិការណ៍ដ៏អាក្រក់ដែលមិនអាចទទួលយកបាន។ អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថានេះជាសោកនាដកម្មដ៏ធំ១យ៉ាងពិតប្រាកដ។ រីឯបណ្ដាប្រទេសសហភាពអឺរ៉ុបក៏បញ្ចេញប្រតិកម្មផងដែរ។ អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសថ្កោលទោសការបាញ់ប្រហារនេះជាទម្ងន់ និងប្រកាសជូនពរឱ្យលោកហ្វ៊ីកូឆាប់បានជាសះស្បើយពីមុខរបួស៕

ចែករំលែកព័តមាននេះ