ប្រាកដណាស់ សេដ្ឋកិច្ច និងមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងមនុស្សទូទៅ ប៉ុន្តែវាមិនមានន័យថាពួកគេមានទស្សនៈដូចគ្នាទាំងស្រុងទេ ។ ហើយភាពខុសគ្នាធំជាងគេ គឺនៅពេលដែលពួកគេឆ្លើយនឹងសំណួរថា «តើអ្នកចូលចិត្តអ្វីជាងគេ? ការរកលុយ ឬការចាយលុយ?»

លោក រ៉ាហ្វាអែល បាដហ្សាក់ (Rafael Badziag) ដែលជាសហគ្រិន និងអ្នកជំនាញផ្នែកចិត្តសាស្ត្រផ្នែកសហគ្រិនភាពមួយរួបបានចំណាយរយៈពេល ៥ឆ្នាំក្នុងការសម្ភាសន៍មហាសេដ្ឋីចំនួន ២១រូបជុំវិញពិភពលោកដែលមានទ្រព្យសម្បត្តិយ៉ាងតិច ១ប៊ីលានដុល្លារ ព្រមទាំងស្រាវជ្រាវពីជីវិត និងក្រុមហ៊ុនរបស់ពួកគេ ។
លោកបានសរសេរក្នុងសៀវភៅ The Billion Dollar Secret: 20 Principles of Billionaire Wealth and Success ថា «ភាពខុសគ្នារវាងមនុស្សដែលជោគជ័យផ្នែកលុយ (ដូចជាសេដ្ឋី) និងអ្នកដែលជោគជ័យខ្លាំងក្នុងផ្នែកលុយ (ឬមហាសេដ្ឋី) គឺការដែលមហាសេដ្ឋីទទួលបានសេចក្តីសប្បាយរីករាយក្នុងការរកលុយ ប៉ុន្តែមិនចូលចិត្តការចាយលុយទេ» ។
លោក ម៉ៃខល សូឡូវ៉ាវ (Michal Solowow) ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងប្រទេសប៉ូឡូញ និងលោក លីរីអូ ប៉ារីសូតូ (Lirio Parisotto) ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាមេរិកខាងត្បូងបានលើកឡើងថាទម្លាប់របស់ពួកគេជាកត្តាដែលជួយឲ្យពួកគេជោគជ័យ ។ ហើយទម្លាប់នោះគឺការចាយវាយតិចជាងលុយដែលរកបាន ។ ការសន្សំ និងវិនិយោគលុយច្រើនជាងការចាយវាយជួយរកលុយបន្ថែមឲ្យអ្នកដូចជាការប្រាក់ ឬលុយចំណេញជាដើម ។ ទម្លាប់នេះតម្រូវឲ្យមនុស្សប្តេជ្ញាក្នុងការសន្សំលុយចាយវាយតិច និងជៀសវាងការចាយវាយលើសការកំណត់របស់ខ្លួន ហើយវាជាទម្លាប់ដែលមហាសេដ្ឋីភាគច្រើនមាន ។
អ្នកស្រី សារ៉ា ស្តាន់លី (Sarah Stanley) ដែលជាប្រធានផ្នែកស្រាវជ្រាវមកពី Affluent Market Institute និងជាអ្នកនិពន្ធសៀវភៅ The Next Millionaire Next Door: Enduring Strategies for Building Wealth បានឲ្យដឹងដែរថា ការចាយវាយលើសពីចំណូល និងធ្វើឲ្យមនុស្សក្លាយជាទាសករនៃប្រាក់ខែរបស់ខ្លួនមិនថាអ្នកមានចំណូលប៉ុន្មានទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ