ប្រព័ន្ធតាមដាននាវានេសាទ នឹងជួយបង្កើនប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់…
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់…
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ទទួលបានប្រព័ន្ធតាមដាននាវានេសាទ ឬ Vessel Monitoring System (VMS) ពីអង្គការជាដៃគូរបស់កម្ពុជា ។

ការបំពាក់ឧបករណ៍ VMS ត្រូវបានអនុវត្តដោយរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការគាំទ្របច្ចេកទេសពីអង្គការ FAO និងក្រុមហ៊ុន ECOINSOFT ជាមួយនឹងជំនួយថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង CAPFISH-CAPTURE ។ ក្រុមការងារបានលើកទឹកចិត្តដល់ម្ចាស់នាវានេសាទខ្នាតមធ្យម និងខ្នាតធំ ឱ្យចូលរួមក្នុងការបំពាក់ឧបករណ៍ VMS នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានជលផល និងសុវត្ថិភាពរបស់ពួកគេ។ រហូតមកដល់ពេលនេះ ប្រព័ន្ធ VMS ត្រូវបានបំពាក់ឧបករណ៍ VMS លើនាវានេសាទខ្នាតមធ្យម និងខ្នាតធំ បានចំនួន ១ ៥១៥គ្រឿង ។

តាមរយៈលោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជនផល បានឱ្យដឹងថា ៖ «ប្រព័ន្ធ VMS ក៏បង្កើតទិន្នន័យដែលបង្ហាញពីសកម្មភាពនេសាទនៅក្នុងតំបន់ជាក់លាក់ណាមួយ ហើយព័ត៌មាននេះអាចត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងជលផល តាមលក្ខណៈបច្ចេកទេសប្រសើរជាងមុន ដោយសមត្ថភាពនេសាទ អាចត្រូវបានគ្រប់គ្រងឱ្យសមស្រប ទៅនឹងបរិមាណផលស្តុក ក្នុងធម្មជាតិក្នុងតំបន់នីមួយៗ» ។

លោក ស្រ៊ុន លឹមសុង បន្តថា អ្នកនេសាទដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានឧបករណ៍ VMS មានសុវត្ថិភាពកាន់តែខ្ពស់ ដោយពួកគាត់អាចដឹងថា នាវារបស់ពួកគេកំពុងតែស្ថិតនៅចំណុចណា ក្នុងករណីមានគ្រោះថ្នាក់ណាមួយ និងជួយបង្កើនឱកាសក្នុងការស្វែងរកនាវាទាំងនោះ បានលឿនទាន់ពេលវេលា ។

ជាមួយគ្នានេះផងដែរ លោក ប្រាក់ ដេវីត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ៖ «ប្រសិនបើយើងមិនប្រព័ន្ធគ្រប់គ្រងច្បាស់លាស់នោះទេ ធនធានជលផលរបស់យើងនឹងទទួលរងផលប៉ះពាល់នៃការនេសាទជ្រុលឬលើស នោះត្រីនឹងមិនមានពេលបង្ករបង្កើតឡើងវិញ នោះយើងនឹងមិនមានត្រីគ្រប់គ្រាន់ ដែលធ្វើឱ្យជីវភាពរបស់អ្នកនេសាទនឹងប្រឈម។ ដូចនេះហើយបានជាយើងស្នើសុំ ឱ្យប្រជានេសាទចូលរួមនិងសហការជាមួយក្រសួង ដើម្បីអនុវត្តន៍ការងារនេះឱ្យបានល្អប្រសើរ» ។


លោក ប្រាក់ដេវីត បន្តថា តាមរយៈជំនួយថវិកាពីសហភាពអឺរ៉ុប ពួកគាត់ចង់ដឹងថាតើត្រី និងផលនេសាទរបស់យើងដែលចេញពីសមុទ្រទៅដល់ទីផ្សារអឺរ៉ុប គឺមកពីណា តើការនេសាទស្របច្បាប់ឬយ៉ាងណា? ដូចនេះការងាររបស់យើងនឹងធ្វើនេះគឺឆ្លើយតបតែមួយគត់ គឺធ្វើយ៉ាងណាឱ្យបានដឹងផលរបស់យើងចេញទៅទីណ ស្របច្បាប់ ត្រឹមត្រូវ ហើយទៅដល់ទៅទីផ្សារណាខ្លះ ។

លោកស្រី រេបេកា ប៊ែល តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា បានបន្ថែមថា ៖ «ការងារយើងគឺគ្រប់គ្រងទៅលើចំនួនអ្នកនេសាទ សកម្មភាពនេសាទ ធ្វើយ៉ាងណាធានាបាននូវធនធានរបស់យើងមាននិរន្តភាព ។ ហើយពាក់ព័ន្ធនឹង VMS គឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងជួយដល់ការងាររបស់ក្រសួង និងជួយដល់ធនធានមានការប្រសើរឡើងវិញ និងពាក់ព័ន្ធជីវភាពប្រជាជន និងពិសេសគឺសុវត្ថិភាពប្រជានេសាទលើផ្ទៃសមុទ្រ ។ នៅពេលដែលសកម្មភាពនេសាទប្រសើរឡើង ប្រជានេសាទក៏នឹងអាចមានប្រាក់ចំណូលប្រសើរឡើងដែរ ។

សូមជម្រាបផងដែរថា ប្រយោជន៍នៃប្រព័ន្ធ VMS រួមមាន ៖ ការគ្រប់គ្រងជលផលបានល្អប្រសើរ សុវត្ថិភាពរបស់ប្រជានេសាទ ការបើកទីផ្សារអន្តរជាតិ ការកត់ត្រាទិន្នន័យសម្រាប់ការសិក្សា និងការធ្វើផែនការ ការកត់ត្រាទិន្នន័យសម្រាប់ការសិក្សា និងការធ្វើផែនការ ។

ក្រសួងក៏បានអំពាវនាវដល់ម្ចាស់នាវានេសាទខ្នាតមធ្យម និងខ្នាតធំទាំងអស់ សូមចូលរួមបំពាក់ឧបករណ៍ VMS ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យជលផលជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងជួយធានាសុវត្ថិភាពនៅលើផ្ទៃសមុទ្រ ។ ការបំពាក់នេះធ្វើឡើងដើម្បីអនុលោមតាមស្តង់ដាអន្តរជាតិ ក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព ធានានូវនិរន្តរភាពធនធានធម្មជាតិ និងជីវភាព ព្រមទាំងសុវត្ថិភាពរបស់ប្រជានេសាទនៅលើផ្ទៃសមុទ្រ ៕









ចែករំលែកព័តមាននេះ