ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាង៣៤​ម៉ឺន​នាក់ មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូករយៈពេល​៣​ថ្ងៃ កើន​ឡើង៦,៦៩%ធៀប​នឹង​ឆ្នាំ​២០២៥

10 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ក្នុង​រយៈពេល​៣​ថ្ងៃនៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អក​អំបុក និង​​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ខេត្ត​ព្រះ​សី​ហ​នុ បាន​​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​កុះករ ដែល​បាន​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត និង​សម្រាក​លំហែកាយ​នៅ​តាម​តំបន់ឆ្នេរ​សមុទ្ររមណីយដ្ឋាន និង​បណ្ដា​កោះ​នានា​ក្នុង​ខេត្ត ​។

យោង​តាម​របាយការណ៍​ស្ថិតិ​ភ្ញៀវ​ទេសចរ​បូក​សរុប​រយៈពេល​៣​ថ្ងៃនេះ​បាន​បង្ហាញ​ថា ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សរុប​ចំនួន​៣៤២.៥៤១​នាក់ កើនឡើង៦,៦៩% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៥​ ។ ក្នុង​នោះ ភ្ញៀវ​ទេស​ចរ​ជាតិ​មាន​ចំនួន​៣៣៤.១៩៣​នាក់ កើនឡើង​៦,៩៥% និង​ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន ៨.៧៦៩​នាក់ កើនឡើង​១,៩៩%។

ជាក់ស្ដែង តាម​បណ្ដា​តំបន់ឆ្នេរ​សមុទ្រ និង​រមណីយដ្ឋាន​នានា ដូច​ជា ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរ​ត្រេះ ឆ្នេរ​ព្រែក​ត្រែង ឆ្នេរ​ឯករាជ្យ និង​តំបន់ឆ្នេរ​តា​បារាំង​ជាដើម បាន​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​លេង​កម្សាន្ត​យ៉ាងច្រើន​ ។ បរិយាកាស​តាម​តំបន់ឆ្នេរ​មាន​ភាព​រស់​រវើក ដោយ​ភ្ញៀវ​ទេសចរ​បាន​នាំ​គ្នា​ងូតទឹក​សមុទ្រ ដើរ​លេង​តាម​ឆ្នេរ​ខ្សាច់ សម្រាក​លំហែកាយ ជួបជុំ​ក្រុម​គ្រួសារ និង​ទទួលទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​នានា​ ។

ចំណែក​តំបន់​កោះ​នានា ជា​ពិសេស​កោះ​រ៉ុ​ង និង​កោះ​ស្ថិត​នៅ​ជុំវិញ ក៏​ជា​គោលដៅ​ទេស​ចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​ផង​ដែរ ដោយ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ដើម្បី​ស្វែងរក​បទ​ពិសោធន៍​កម្សាន្ត​តាម​ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត និង​ទេសភាព​ធម្មជាតិ​។ សកម្មភាព​ទេសចរណ៍​តាម​បណ្ដា​កោះ​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​របស់​ភ្ញៀវ​បរទេស​ចំពោះ​គោលដៅ​ទេសចរណ៍​សមុទ្រ​របស់​ខេត្ត​ព្រះ​សីហ​នុ​ ។

តាម​របាយការណ៍​ដដែល ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​តាម​បណ្ដា​ឆ្នេរ និង​រមណីយដ្ឋាន​នានា មាន​ចំនួន​សរុប ៣៣៧.៦៣១​នាក់ កើនឡើង ៦,៨៥%​។ ដោយឡែក ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ មាន​ជើងហោះហើរ​ចំនួន ១១​ជើង ដឹក​ជញ្ជូន​ភ្ញៀវ​សរុប ១.០៤៤​នាក់ ថយ​ចុះ ២០,១៨% ធៀប​នឹង​ឆ្នាំ​២០២៥​។

ចំណែក​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា មាន​ចំនួន​សរុប ៣.៨៦៦​នាក់ កើនឡើង ២,៥២%​។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ២.០៨២​នាក់ ថយ​ចុះ ១៧,៦៤% ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន ១.៧៨៤​នាក់ កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​រហូត​ដល់ ៤៣,៥២%​។

ទន្ទឹម​នឹង​សកម្មភាព​កម្សាន្ត​ដ៏​មមាញឹក​នេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ​សំខាន់​ៗ និង​តំបន់ឆ្នេរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​។ ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ក៏​មានការ​យកចិត្តទុកដាក់​លើ​ការ​ត្រួតពិនិត្យ និង​សុវត្ថិភាព​អ្នកដំណើរ​ទៅ​កាន់​បណ្ដា​កោះ​ផង​ដែរ​។

ជា​រួម លទ្ធផល​ទទួល​បាន​ក្នុង​រយៈពេល​៣​ថ្ងៃនេះ បាន​បង្ហាញ​ពី​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ធៀប​នឹង​ឆ្នាំ​២០២៥ ជា​ពិសេស​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​។ នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​សំខាន់​របស់​កម្ពុជា ​។