ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកកំណត់ត្រា! កញ្ញា សុខគា គឹមលាង ក្លាយជាបេក្ខភាពកម្ពុជាដំបូងគេបង្អស់ ដែលឈានដល់វគ្គ Top 10 នៃកម្មវិធី Miss International 2026

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កញ្ញា សុខ​គា គឹ​ម​លាង ហៅកូនអាន បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បង្ហាញ​ក្តី​រំភើប និង​មាន​មោទនភាព​ចំពោះ​រូប​នាង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ប្រឹងប្រែង​របស់​នាង​អាច​ឈាន​ជើង​ចូល​ដល់​វគ្គ TOP ជា​លើក​ដំបូង​នៅ​ក្នុង​ឆាក​នៃ​ការ​ប្រកួត​កម្មវិធី Miss International 2026 នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​កាល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ប្រទេស​ជប៉ុន ។

ការ​អាច​ឈាន​ដល់​វគ្គ TOP ចុង​ក្រោយ​របស់ សុខ​គា គឹ​ម​លាង នា​ពេល​នេះ ​ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​ការ​បំបែក​កំណត់​ត្រា​ជា​លើក​ដំបូង​ដែល​បេក្ខភាព​កម្ពុជា​អាច​ឈាន​ជើង​ដល់​វគ្គ​ខ្ពស់​បែប​នេះ បន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​បេក្ខភាព​ចូលរួម​ប្រកួត​អស់​រយៈ​ពេល​៧​ឆ្នាំ​មកនេះ ។

មហាជន​ចាត់​ទុក​ការ​ទទួល​បាន​តំណែង​របស់ សុខ​គា គឹ​ម​លាង នា​ពេល​នេះ គឺ​ពិតជា​ស័ក្តិ​​សម​សម្រាប់​នាង​ខ្លាំង​ណាស់​ ពីព្រោះ​តំណែង​មួយ​នេះ​បាន​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​សមត្ថភាព​នាង​ខិតខំ​ប្រឹងប្រែង​ជូន​ប្រទេស​កម្ពុជា ។

ប្រជាជន​កម្ពុជា​ពិតជា​មាន​មោទនភាព​ចំពោះ​នាង ដែល​មាន​នាង​ជា​អ្នកតំណាង​ឲ្យ​កម្ពុជា​ដ៏​ស្រស់​ស្អាត​មួយ​នេះ ប្រវត្តិសាស្ត្រ​នៃ​ការ​ចង​ចាំ​ក្នុង​ការ​ប្រកួត​សម្រស់​ដែល​តំណាង​ឲ្យ​កម្ពុជា​និង​ចង​ចាំ​នាង​ជា​អ្នកតំណាង​នៅ​កម្ពុជា ដំបូង​គេ​បង្អស់​ក្នុង​ការ​បើកទ្វារ​ឲ្យ​កម្ពុជា​ចូល​ទៅ​កាន់ Top 10 ក្នុង​កម្មវិធី​លំដាប់​ពិភពលោក Miss International នា​ពេល​នេះ ។

ជា​ការ​កត់សម្គាល់ ក្រោយ​បញ្ចប់​ការ​ប្រកួត នាដ​ការី​របាំ​បុរាណ និង​ជា​តារា​សម្តែង​ សុខ​គា គឹ​ម​លាង បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​បាន​លើក​ឡើង​ថា នាង​សូម​អរគុណ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់ បង​ប្អ​ន​ជនរួមជាតិ និង​ប្រិ​យ​មិត្ត​គាំទ្រ​ទាំងអស់​ដែល​បាន​គាំទ្រ​រូប​នាង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ឈរ​លើ​ឆាក​អន្តរជាតិ​មួយ​នេះ​ក្នុង​ចំណោម​បេក្ខភាព​មក​ពី​បណ្តា​ប្រទេស​ជាង​៧០​នាក់ ហើយ​នាង​ទទួល​បាន​នូវ TOP 10 នា​ពេល​នេះ ។

នាង​បញ្ជាក់​ថា នាង​ពិតជា​រំភើប​យ៉ាង​ខ្លាំង​សម្រាប់​ការ​គាំទ្រ​មួយ​នេះ ហើយ​ការ​រួម​សាមគ្គី​នេះ​គឺជា​មាន​មោទនភាព​សម្រាប់​រូប​នាង ក្នុង​ដំណើរ​នៃ​ការ​ចូលរួម​ប្រកួត​បវរកញ្ញា​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​នេះ ។

ដោយឡែក​សម្រាប់​ជោគជ័យ​របស់ សុខ​គា គឹ​ម​លាង នា​ពេល​នេះ​ដែល​សមាគម​សិល្បករ​ខ្មែរ ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ចំពោះ​កញ្ញា​ផង​ដែរ និង​បាន​ចាត់​ទុក​ជោគជ័យ​មួយ​នេះ​គឺជា​ការ​បង្កើត​ប្រវត្តិ សាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម សមាគម​សិល្បៈករ​ខ្មែរ​បាន​លើក​ឡើង​ថា សូម​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ និង​មោទនភាព​បំផុត​ចំពោះ កញ្ញា សុខ​គា គឹ​ម​លាង (​កូន​អាន​) ដែល​បាន​បង្ហាញ​សមត្ថភាព ភាព​ក្លាហាន ភាព​ស្រស់​ស្អាត និង​ភាព​ថ្លៃថ្នូរ​របស់​នារី​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​អាច​ឈាន​ចូល​ដល់​វគ្គ Top 10 នៃ​ការ​ប្រកួត Miss International 2026​។
សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ មិនមែន​គ្រាន់តែ​ជា​ជោគជ័យ​ផ្ទាល់ខ្លួន​របស់​កូន​អាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មោទនភាព​ដ៏​ធំធេង​សម្រាប់​ប្រជាជន​កម្ពុជា និង​ជា​ការ​បង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ​ពី​សមត្ថភាព ទេព​កោសល្យ និង​សក្តានុពល​របស់​នារី​ខ្មែរ​។

រាល់​ជំហាន​ដែល​កូន​អាន​បាន​ដើរ​នៅ​លើ​ឆាក​នេះ គឺ​ពោរពេញ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង ការ​តស៊ូ ការ​លះបង់ និង​ភាព​ជឿជាក់​។ កូន​អាន​បាន​ធ្វើ​ឱ្យ​ទង់ជាតិ​កម្ពុជា​បង្ហាញខ្លួន​យ៉ាង​មោទនភាព និង​ធ្វើ​ឱ្យ​បេះដូង​អ្នកគាំទ្រ​ខ្មែរ​រាប់​ម៉ឺន​នាក់​ពោរពេញ​ដោយ​ក្តី​រំភើប និង​សេចក្តី​សង្ឃឹម​។

Top 10 គឺជា​សមិទ្ធផល​ដ៏​មាន​តម្លៃ ជា​ប្រវត្តិសាស្ត្រ​ថ្មី និង​ជា​សក្ខីភាព​នៃ​ភាព​អស្ចារ្យ​ដែល​កូន​អាន​បាន​បង្ហាញ​។ ទោះបីជា​លទ្ធផល​ចុង​ក្រោយ​យ៉ាងណា​ក៏​ដោយ កូន​អាន​បាន​ឈ្នះ​បេះដូង​ប្រជាជន​ខ្មែរ​រួច​ទៅ​ហើយ​។

សូម​បន្ត​រក្សា​ភាព​ជឿជាក់ ស្នាមញញឹម ភាព​ថ្លៃថ្នូរ និង​ពន្លឺ​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​។ សូម​ឱ្យ​សមិទ្ធផល​នេះ​ក្លាយជា​កម្លាំងចិត្ត និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវតី​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ហ៊ាន​ស្រមៃ ហ៊ាន​ដើរ ហ៊ាន​ប្រកួតប្រជែង និង​ហ៊ាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​លើ​ឆាក​ពិភពលោក​។​កូន​អាន អ្នក​គឺជា​មោទនភាព​របស់​កម្ពុជា​! ។

សូម​អរគុណ​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មានឈ្មោះ​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​មាន​មោទនភាព​ចំពោះ​នារី​ខ្មែរ ៕